ទិវា​បដិវត្តន៍ ក្វា​តេ​ម៉ា​ឡា​

2274
ចែករម្លែក

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ នៃ សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា ប្រារព្ធ​ទិវា​បដិវត្តន៍ របស់​ពួកគេ​នៅ​ថ្ងៃទី ២០ ខែ តុលា ដើម្បី រំលឹក​ដល់​ថ្ងៃ​ដៃ​ល ឧ​ត្ត​ម​សេនីយ៍ ផ្តាច់ការ ប៉ុង​សេ វ៉ា​យ​ដេ​ស បាន​ព្រម​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ស្តីទី​បន្ទាប់ពី​មាន​បដិវត្តន៍​ជាច្រើន ថ្ងៃ​មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា មាន​ផ្ទៃដី ១០៨.៨៨៩ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាមេរិក កណ្តាល មាន​ព្រំដែន​ជាប់​ប្រទេស ម៉ិចស៊ិក ប្រេ​ស៊ី​ល ហុង​ឌូ​រ៉ា​ស់ អែល សាល​វ៉ា​ឌ័​រ និង សមុទ្ទ​ការី​ប៊ី​ន ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១៩ លាន​នាក់​ភាគច្រើន​ជា​អ្នក​កាន់ សាសនា គ្រិ​ស្តិ ភាសាផ្លូវការ​គឺ​ភាសា អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង ក្វា​តេ​ម៉ា​ឡា​។​

​ប្រវត្តិសាស្ត្រ​
​ពួក​បុរាណ​វិទូ បាន​រកឃើញថា ទឹកដី​ដែលជា​ប្រទេស ក្វា​តេ​ម៉ា​ឡា បច្ចុប្បន្ននេះ មាន​មនុស្ស តាំង​ទីលំនៅ​អចិន្ត្រៃយ៍​តាំងពី​ប្រមាណ​ជា ១២.០០០ ឆ្នាំមុន​គ្រិស្តសករាជ​ម​ម្ល៉េះ ហើយ​អ្នក​ទាំង នោះ​គឺ ជា​ពួក​អ្នក​បរបាញ់​ប្រមូលផ្តុំ ។​

​បន្ទាប់ពី​បាន​ទៅដល់ ពិភពលោក ថ្មី ( គឺជា​ឈ្មោះ​ដែល ចក្រភព អេ​ស្ប៉ា​ញ​បាន​ហៅ​សំដៅ ដល់​ទឹកដី អាណានិគម​របស់ខ្លួន​នៅឯ​នាយ​សមុទ្ទ ជាពិសេស តំបន់​ទ្វីបអាមេរិក ) ពួកគេ​បាន​ចាប់ ផ្តើម​រៀបចំ​ដំណើរ​បេសកកម្ម​ជាច្រើន​ទៅកាន់​ដែនដី ក្វា​តេ​ម៉ា​ឡា ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ ១៥១៩ ។

​អស់​រយៈពេល​ជា​យូរលង់ ទំនាក់ទំនង​របស់ អេ​ស្ប៉ា​ញ នាំឱ្យមាន​មេរោគ​ឆ្លង​រាតត្បាត បំផ្លិចបំផ្លាញ​មនុស្ស​អ្នកស្រុក ក្វា​តេ​ម៉ា​ឡា យ៉ាងច្រើន ។ លោក ហឺ​ណាន់ កូ​តេស ដែលជា​អ្នកដឹកនាំ នៃ ពួក​សង្គ្រាម​ផ្សងព្រេង ឈ្លានពាន ម៉ិ​ក​ស៊ិ​ក បាន​អនុ​ញ្ញា​ត្ត​ឱ្យ​លោក កាប់​ពី​ទែន ហ្កូ​ន​ហ្សា​ឡូ ដឺ អាល់​វ៉ា​រ៉ា​ដូ និង ប្អូនប្រុស​របស់គាត់ ផេ​ដ្រូ ដឺ អាល់​វ៉ា​រ៉ា​ដូ ចូលលុកលុយ​ឈ្លានពាន​ដែនដី ក្វា​តេ​ម៉ា​ឡា ។ មុនពេល​នោះ កុលសម្ព័ន្ធ ( ជាតិ​សាសន៍ ? ) កា​ជី​កែ​ល ( គឺជា​កុលសម្ព័ន្ធ ឬ ជាតិ​សាសន៍​ដើម​មួយ នៃ ពួក​ជនជាតិដើម ម៉ា​យ៉ា ) មានទំនាស់​ត​ពង្ស​ជាមួយ​ជាតិ​សាសន៍ គី​ចេ តាំងពី​យូរណាស់​រួចមកហើយ ។

​ពួក​អ្នក​សង្គ្រាម អេ​ស្ប៉ា​ញ ទាំងនេះ​មើលឃើញថា បើ​ពួកគេ​វាយលុក​ជាតិ​សាសន៍​ទាំង ២ ក្នុងពេល​តែមួយ​នោះ គឺ​មិនអាច​ទៅរួច​ទេ ហើយ​បើ​វាយ​ម្តង​មួយ​ទៅលើ​ជាតិ​សាសន៍​ណា មួយ​នោះ ពួក​ជាតិ​សាសន៍​ម្ចាស់​ស្រុក​ទាំង ២ នេះ នឹង​យក​គំនុំ​របស់​ពួកគេ​ទុក​មួយ​ឡែក ហើយ​រួមគ្នា​តទល់​មុខ​នឹង អេ​ស្ប៉ា​ញ វិញ ដែលជា​លទ្ធផល គឺ​ពួកគេ​ក៏​មុខជា​នឹង​ពិបាក នឹង​ត្រួតត្រា​ទឹកដី​នោះ​ណាស់ ។

​ដោយហេតុនេះ ពួក អេ​ស្ប៉ា​ញ បានចាប់ផ្តើម​សង្គ្រាម​របស់​ពួកគេ ដោយ​ជាដំបូង បងប្អូន​ត្រកូល អាល់​វ៉ា​រ៉ា​ដូ បាន​ទៅ​ចងសម្ព័ន្ធភាព ជាមួយ ជាតិ​សាសន៍ កា​ជី​កែ​ល ដើម្បី វាយ​ផ្តួល​ពួក​ជាតិ​សាសន៍ គី​ចេ ។ នៅពេល​ជាតិ​សាសន៍​មួយ​ក្នុងចំណោម​ជាតិ​សាសន៍​ទាំង ២ រលំរលាយ​ហើយ ពួក អ្នក​សង្គ្រាម អេ​ស្ប៉ា​ញ ទាំងនោះ បាន​គ្រញឹប កា​ជី​កែ​ល ហើយ​ក្តោប​ក្តាប់​តំបន់​នៅ​ទាំងស្រុង​តែម្តង​នៅ​ឆ្នាំ ១៥២៣ ។

​ចាប់ពី​ថ្ងៃទី ឆ្នាំ ១៥១៩ ដល់​ឆ្នាំ ១៥៣០ អេ​ស្ប៉ា​ញ បាន​ឈ្លានពាន​អាណាចក្រ​ចំនួន ២ ដែលជា​ទឹកដី ម៉ិ​ក​ស៊ិ​ក នាពេល​បច្ចុប្បន្ននេះ គឺ​អាណាចក្រ Azteccs និង អាណ​ចក្រ Tarascans ហើយ​រំលាយ​ចូលគ្នា​ដោយ​ដាក់ឈ្មោះថា អេ​ស្ប៉ា​ញ ថ្មី ។

​បន្ទាប់ពី​បាន​ឈ្លានពាន​កាន់កាប់​បាន​តំបន់​ទាំងនេះហើយ ទីតាំង​កណ្តាល​របស់​ពួក អេ​ស្ប៉ា​ញ គឺ​នៅ​តំបន់ ក្វា​តេ​ម៉ា​ឡា នេះឯង ដោយពេល​នោះ តំបន់ ក្វា​តេ​ម៉ា​ឡា ឬ អតីត ជាតិ​សាសន៍ កា​ជី​កែ​ល និង គឺ​ចេ គឺជា​ផ្នែក​មួយ នៃ អេ​ស្ប៉ា​ញ ថ្មី នោះដែរ ។ រាជធានី​ដែល​បាន​សាងស់ង់​មុនដំបូង គឺ​ទីក្រុង វីឡា ដឺ សាន់​ទី​ហ្គោ ដឺ ក្វា​តេ​ម៉ា​ឡា ដែល​គេ​ហៅថា ទីក្រុង តេច​ប៉ាន់ ក្វា​តេ​ម៉ា​ឡា ត្រូវបាន​សាងសង់​នៅ​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៥២៤ ( នៅ​ជិត​ទីក្រុង អ៊ី​ហ្ស៊ី​ម​ចេ ជាទី​ក្រុង​របស់ ជាតិ​សាសន៍ កា​ជី​កែ​ល ) ។​

​ទោះយ៉ាងណា ពួក​អ្នកស្នេហាជាតិ នៃ ជាតិ​សាសន៍ កា​ជី​កែ​ល នៅពេលដែល​ភ្ញាក់ខ្លួន បន្ទាប់ពី​ដឹង​អំពី​ល្បិច​របស់ អេ​ស្ប៉ា​ញ ក៏បាន​លើកទ័ព​វាយប្រហារ​ទៅលើ​ទីក្រុង វីឡា ដឺ សាន់​ទី​ហ្គោ ដឺ ក្វា​តេ​ម៉ា​ឡា របស់ អេ​ស្ប៉ា​ញ ឈ្លានពាន​វិញ បណ្តាលឱ្យ អេ​ស្ប៉ា​ញ ត្រូវ​រើ​ទីក្រុង​ទៅ តំបន់ Ciudad Vieja នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៥២៧ ។ នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៥៤១ ទីក្រុង​ថ្មី​នេះ​បាន​ត្រូវ​ជន់​ពន្លិច​ដោយសារតែ​ភ្លៀង​ខ្លាំងពេក និង ការផ្ទុះ​ភ្នំភ្លើង និង រញ្ជួយ​ផែនដី ។ ទីក្រុង​ក៏ត្រូវ​បាន​រើ​ចេញពី​ទីនោះ​ចម្ងាយ ៦ គីឡូម៉ែត្រ ទៅ Antigua នៅ​ជ្រលង​ភ្នំ Panchoy ដែល​បច្ចុប្បន្ននេះ​ជា​តំបន់​បេតិគភណ្ឌ​របស់​អង្គការ យូណេស្កូ​( UNESCO) ។​

​ទីក្រុង​នេះ ក៏​មិនបាន​សុខសាន្ត​ដែរ គឺ​បាន​រង​ការបំផ្លិចបំផ្លាញ​ជា​ញឹកញាប់​ដោយសារ រ​ញ្ជូ​យ​ផែនដី ពី​ចន្លោះ​ឆ្នាំ ១៧៧៣-១៧៧៤ ទើប​ស្តេច អេ​ស្ប៉ា​ញ បាន​អនុ​ញ្ញា​ត្ត​ឱ្យ​រើ​ទីក្រុង ទៅ​តំបន់​ចន្លោះ​ភ្នំ Ermita ដោយ​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី ២ ខែ មករា ឆ្នាំ ១៧៧៦ ។​

​ឯករាជភាព​ពី អេ​ស្ប៉ា​ញ​
​បន្ទាប់ពី​ត្រូវបាន​ត្រួតត្រា​ដោយ អេ​ស្ប៉ា​ញ អស់​រយៈពេល​ជិត ៣០០ ឆ្នាំ ( ១៥២៣-១៨២១ ) មក នៅ​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៨២១ ក្វា​តេ​ម៉ា​ឡា ប្រកាស​ឯករាជភាពរ​បស់​ខ្លួន​ពី អេ​ស្ប៉ា​ញ ហើយក៏​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​បុរស​ផ្តាច់ការ Chúa Alvarez ។ ឆ្នាំ ១៨៣៨ កងកម្លាំង សេរីភាព របស់លោក ហ្វ្រ​ង់​ស៊ី​ស្កូ ម៉ូ​រ៉ា​ហ្សា​ន់ ជា​មេដឹកនាំ​របស់ ហុង​ឌូ​រ៉ា​ស់ និង លោក ចូ​សេ ហ្វ្រ​ង់​ស៊ី​ស្កូ បា​រុន​ឌី ដឹកនាំ​កងទ័ព​ចូលលុកលុយ​ប្រទេស ក្វា​តេ​ម៉ា​ឡា និង បានសម្លាប់ លោក Chúa Alvarez ហើយ​កាត់​ក្បាល​គាត់​ដោត​នឹង​លំពែង​ជាការ​ព្រមាន​ដល់​ពួក​ផ្តាច់ការ ផ្សេងទៀត ។ លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា ជា​កូនប្រសារ​របស់លោក Chúa Alvarez បាន​ស្បថ​ថា​នឹង​សងសឹក​លោក ម៉ូ​រ៉ា​ហ្សា​ន់ ។​

​ចាប់ពីពេលនោះ​មក​សង្គ្រាម​ស៊ីវិល ដែលមាន​លក្ខណៈ​ជាការ​សងសឹក​គ្នា បាន​លេច​ឡើងជា បន្តបន្ទាប់​ក្នុងប្រទេស​មួយ​នេះ ។ បន្ទាប់ពី​បរាជ័យ​ពីរ​បី​លើក​មក លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា បាន​ដណ្តើម​កាន់កាប់​ទីក្រុង ក្វា​តេ​ម៉ា​ឡា បាន​នៅ​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៨៣៩ ដោយមាន​លោក រី​វ៉េ​រ៉ា ប៉ា​ហ្ស ជា​ប្រមុខរដ្ឋ ។

​ចាប់ពី​ចន្លោះ​ឆ្នាំ ១៨៣៨ និង ឆ្នាំ ១៨៤០ ពួក​ចលនា រដ្ឋ Los Altos ដែលជា​ផ្នែក​មួយ នៃ ក្វា​តេ​ម៉ា​ឡា បាន​ព្យាយាម​បំបែក​ខ្លួន​បង្កើត​ឯករាជភាព​របស់ខ្លួន​ពី ក្វា​តេ​ម៉ា​ឡា ក៏​នាំឱ្យមាន សង្គ្រាម​កើតឡើង​រយៈពេល ២ ឆ្នាំ ទៀត ។ ពេលនោះ​មហាអំណាច ចក្រភព​អង់គ្លេស និង ប៊ែ​ល​ស៊ិ​ក បាន​ព្យាយាម​បញ្ជ្រាប ឥទ្ធិពល​របស់​ពួកគេ​រៀងៗ ខ្លួន​ទៅ​តំបន់​នោះ ក្នុង​គោលបំណង​បង្កើន​អំណាច​របស់​ពួកគេ​ក្នុង​តំបន់ ។ លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា ត្រូវបាន​បោះឆ្នោត​ឱ្យធ្វើជា​ទេសាភិបាល ក្វា​តេ​ម៉ា​ឡា នៅ​ឆ្នាំ ១៨៤៤ ហើយ ប្រទេស ត្រូវ​បានឱ្យ​ឈ្មោះថា សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា ។​

​ឆ្នាំ ១៨៤៨ បន្ទាប់ពី​មាន​ភាពច្របូកច្របល់​ក្នុងប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ​មក លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា ត្រូវ​ពួកសេរីនិយម​ផ្តួលរំលំ ហើយ​គាត់​បាន​រត់​ភៀសខ្លួន​ទៅ ម៉ិ​ក​ស៊ិ​ក ហើយ​រដ្ឋាភិបាល​ថ្មី​អនុម័ត​ច្បាប់​កាត់ទោស​គាត់​ប្រសិនបើ​គាត់​ត្រឡប់​ចូល​ប្រទេស​វិញ ។
​នៅ​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៨៤៨ តំបន់ Los Altos បានប្រកាស​ខ្លួនឯង​ថា​ជា​រដ្ឋ​ឯករាជ្យ ពួកគេ​ទ​ទូល​បានការ​គាំទ្រ ពី អែល សាល​វ៉ា​ឌ័​រ ដែលជា​ពួក​អមិត្ត​នឹង​លោក ការ៉េ​រ៉ា ។ ​ប៉ុន្តែ​បន្ទាប់ពី​ការតស៊ូ​មួយរយៈ​មក លោក ការ៉េ​រ៉ា បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វិញ ពី​ឆ្នាំ ១៨៤៤ ដល់​ឆ្នាំ ១៨៤៨ ហើយ​គាត់​បាន​នាំ​របប​អភិរក្សនិយម​ទៅកាន់​ប្រទេស​នេះ ឡើងវិញ ។ ចំ​ណែ ឯករាជភាព របស់ តំបន់ Los Altos ក៏ត្រូវ​បានបញ្ចប់​ដោយ​ការ សម្របសម្រួល​ផ្សះផ្សារ​ឡើង​គ្នា ។​

​ពួក​មេដឹកនាំ នៃ អ្នក​សេរីនិយម ដោយមាន​លោក ចូ​សេ ហ្វ្រ​ង់​ស៊ី​ស្កូ បា​រុន​ឌី ជា​ប្រមុខ បាននាំគ្នា​រត់​ជ្រកកោន​នៅ​ប្រទេស អែល សាល​វ៉ា​ឌ័​រ បង្កើត​ការតស៊ូ​ដោយ​ប្រការ​ផ្សេងៗ ប្រឆាំងនឹង​រដ្ឋាភិបាល​របស់លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា ។ ពួកគេ​បាន​បង្កើត​កាសែត សេរី ហើយ​ប្រធានាធិបតី អែល សាល់​វ៉ា​ឌ័​រ បានផ្តល់​ជំនួយ​ដល់​ពួក​ឧទ្ទាម ដែលមាន​ឈ្មោះថា La Montaña នៅ​ភាគ​ខាងកើត នៃ ប្រទេស ក្វា​តេ​ម៉ា​ឡា តាមរយៈ​ការ​ផ្តល់ជំនួយ​ទាំង​ថវិកា និង សព្វាវុធ ។

​គិត​ត្រឹម​ឆ្នាំ ១៨៥០ ប្រធានាធិបតី អែល សាល​វ៉ា​ឌ័​រ លោក វ៉ា​ស្កុន​សេ​ឡូ​ស អស់​ភាព​អត់ធ្មត់ ចំពោះ​ការ​ជឿនលឿន​ទៅមុខ​យ៉ាង​យឺត នៃ សង្គ្រាម​ឧទ្ទាម​ប្រឆាំង ក្វា​តេ​ម៉ា​ឡា ក៏បាន សម្រេចចិត្ត​ប្រកាសសង្គ្រាម​ដោយ​ចំហ​ប្រឆាំង ក្វា​តេ​ម៉ា​ឡា ។ លោក វ៉ា​ស្កុន​សេ​ឡូ​ស បានចាប់ផ្តើម​យុទ្ធនា​ការឃោសនា​ប្រឆាំងនឹង របប​អភិរក្សនិយម នៅ ក្វា​តេ​ម៉ា​ឡា ហើយ​បាន​កៀរគរ ប្រទេស ហុង​ឌូ​រ៉ា​ស់ និង នី​កា​រ៉ា​ហ្គ័​រ ឱ្យចូល​រួមជាមួយ ។ ប៉ុន្តែ​មានតែ ហុង​ឌូ​រ៉ា​ស់ ប៉ុណ្ណោះ បាន​ចូល​ជា​សម្ព័ន្ធ​ជាមួយ អែល សាល់​វ៉ា​ឌ័​រ ។ សម្ព័ន្ធមិត្ត នេះ ត្រូវបាន​កងទ័ព របស់ លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា យកឈ្នះ​នៅក្នុង​សមរភូមិ ឡា អា​រ៉ា​ដា ឆ្នាំ ១៨៥១ ។ ឆ្នាំ ១៨៥៤ លោក រ៉ា​ហ្វា​អែល ការ៉េ​រ៉ា​ត្រូវបាន​ប្រកាសថា​ជា​អ្នកដឹកនាំ ជាន់ខ្ពស់​បំផុត របស់​ជាតិ មួយជីវិត ហើយ​មាន​សិទ្ធិ​ជ្រើសរើស​អ្នក​ស្នង​តំណែង ហើយ​គាត់​បាន​កាន់តំណែង​នេះ​អស់​មួយជីវិត​រហូតដល់​ថ្ងៃ​ស្លាប់​នៅ​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៨៦៥ ។ គាត់​បានជ្រើសរើស​សេនាប្រមុខ វីន​សិន​ត៍ សឺ​ណា​ដែលជា​មិត្ត​ដ៏​ស្និទ្ធ​របស់គាត់ ឱ្យ​ជា​អ្នក​ស្នង​តំណែង​គាត់ ។​

​ប៉ុន្តែ​មុនពេល​ស្លាប់ គឺ​ប្រទេស​របស់គាត់​បង្កើតបាន​ជាស​ត្រូវ​ជុំ​ទិស គឺ​ទាំង ហុង​ឌូ​រ៉ា​ស់ និង អែល សាល់​វ៉ា​ឌ័​រ ហើយ​បាន​ចាញ់​សង្គ្រាម​យ៉ាងដំណំ​នៅ​ឆ្នាំ ១៨៦៣ ។ ភាព​ល្មោភ​អំណាច ការ​ច្រណែន​ឈ្នា​និ​ស និង ភាពល្ងង់ខ្លៅ នៃ ការចាត់ចែង​ការងារ​របស់លោក វីន​សិន​ត៍ សឺ​ណា បានធ្វើឱ្យ​គាត់​ក្លាយជា​ជន​ផ្តាច់ការ​យ៉ាង​កម្រោល​ហើយ​គ្មាន​អ្នកណាម្នាក់​ហ៊ាន​បញ្ចេញ មតិ​ជំទាស់​គាត់​ឡើយ ។ ពួក​អ្នកប្រឆាំង​គាត់ ជាពិសេស​ពួក បក្ស​សេរីនិយម​ត្រូវបាន​គាត់ ចាប់​កាត់ទោស​ដាក់ពន្ធនាគារ និង និរទេស​ចេញពី​ប្រទេស ខណៈ​អ្នកខ្លះ​រត់គេចខ្លួន ។

​ទីបំផុត ក៏មាន​ការធ្វើបដិវត្ត​ន៍​ផ្តួលរំលំ​រដ្ឋាភិបាល​ផ្តាច់ការ​ដោយ​ជោគជ័យ​នៅ​ឆ្នាំ ១៨៧១ ដឹកនាំ​ដោយ​លោក ជូ​ស្តូ រូ​ហ្វ៊ី​ណូ បារី​អូស ដោយ​ឱ្យ​ឈ្មោះថា បដិវត្តន៍​សេរីភាព ។ រដ្ឋាភិបាល​នេះ បានធ្វើ​ទំនើបកម្ម​ដល់ សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា​ដ៏​កម្សត់​តាមរយៈ​ធ្វើឱ្យ ប្រសើរឡើង​ផ្នែក​ពាណិជ្ជកម្ម ដាំ​ដុះ​ដំណាំ​ថ្មីៗ និង សិប្បកម្ម​ថ្មីៗ ។ អំឡុង​របប​នេះ កាហ្វេ បាន​ក្លាយជា​ដំណាំ​ដ៏​សំខាន់​នៅ ក្វា​តេ​ម៉ា​ឡា ។

​លោក ជូ​ស្តូ រូ​ហ្វ៊ី​ណូ បារី​អូស មាន​មហិច្ឆតា ចង់​បង្រួបបង្រួម សហព័ន្ធ អាមេរិក កណ្តាល ឡើងវិញ ជាហេតុ​នាំឱ្យមាន​សង្គ្រាម​ជាមួយ អែល សាល់​វ៉ា​ឌ័​រ ហើយ​គាត់​បាន​បាត់បង់ ជីវិត​ក្នុង​សង្គ្រាម​នៅ​ឆ្នាំ ១៨៨៥ ។​

​យុគ​ផ្តាច់ការ​ដ៏​មាន​សុវត្ថិភាព ចាប់ពីពេលនោះ​មក អំណាច​ត្រូវបាន​ផ្លាស់ប្តូរ​ពី​បក្ស​មួយ ទៅមួយ ទៅវិញទៅមក​ដោយ​លក្ខ​ណៈ​សន្តិវិធី ។ គណ​បក្សកុម្មុយនិស្ត ក្វា​តេ​ម៉ា​ឡា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩២២ ហើយ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ក្នុងចំណោម​ពួក​វណ្ណៈ​កម្មករ ។ ប៉ុន្តែ​គណបក្ស​នេះ​មិន​គ្រាន់តែ​មិនសូវ​ទទួល​បានការ គាំទ្រ​ពី​ពួក​ម្ចាស់​ដី​ទេ ថែមទាំង​ក្លាយជា​គូបដិបក្ខ​នឹង​ពួក​នាយទុន​ទាំងនោះ​ទៀតផង ព្រោះ​បក្សកុម្មុយនិស្ត​ការពារ​ប្រយោជន៍​កម្មករ​ខណៈ​រដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន យ៉ាង​គ្មាន​ការគ្រប់គ្រង​ទៅ​ក្រុមហ៊ុន​ឯកជន​បាន​បង្កើត​ការឈឺចាប់​យ៉ាង​រាប់មិនអស់​នៅ ក្នុងចំណោម​កសិករ ពួក​អ្នកមានអំណាច និង បក្សពួក​ប្រើ​អំណាច​ដណ្តើម​ដី​ប្រជាកសិករ ទៅ​លក់​ឱ្យ​ពួក​ឈ្មួញ ។​

​វិបត្តិ​សេដ្ឋកិច្ចពិភពលោក បានកើត​ឡើង​នៅ​ឆ្នាំ ១៩២៩ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ក្វា​តេ​ម៉ា​ឡា ហើយ​បណ្តាលឱ្យមាន​ភាពឥតការងា​រ​ធ្វើ​កើនឡើង​យ៉ាងច្រើន និង​នាំឱ្យមាន ភាពច្របូកច្របល់​យ៉ាង​ពិបាក​គ្រប់គ្រង​នៅក្នុង​ចំណោម​ពួក​ពលករ និង កម្មករ ហើយ​វា​អាច​នឹង​ផ្ទុះឡើង​នូវ​បដិវត្តន៍​ក្នុងចំណោម​ពួក​វណ្ណៈ នៃ ជន​ភាគច្រើន​នេះ​ទៀតផង ។

ដោយ​ក្តី​ភ័យខ្លាច​នូវ​លទ្ធភាព នៃ បដិវត្តន៍​ដែល​អាច​ផ្ទុះឡើង​នេះ ពួក​គហបតី​បានផ្តល់​ការ គាំទ្រ​ទៅ​លោក ច​ច អ៊ូ​ប៊ី​កូ ដ៏​មានឈ្មោះ​ល្បី​ខាង​ការងារ​មាន​ប្រសិទ្ធភាព និង​ភាព​កាច សាហាវ​ក្នុងឋានៈ​ជា​អភិបាលខេត្ត​ម្នាក់ ។ គាត់​បាន​ជាប់​ជា​ប្រធានាធិបតី សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ១៩៣១ ដែល​មានតែ​គាត់​ម្នាក់ឯង​ប៉ុណ្ណោះ ជា​បេក្ខជន ។ បន្ទាប់ពី​បាន​ជាប់ឆ្នោត​កាន់អំណាច​មក​គាត់​បាន​កែប្រែ​គោលនយោបាយ​របស់គាត់ ទៅជា​ច្បាប់ ។ គាត់​បាន​កម្ទេចចោល​នូវ​ច្បាប់ និង ប្រព័ន្ធគ្រប់គ្រង​មុនៗ​ដោយ​ប្រើ​អំណាច ហើយ​បាន​តម្រូវឱ្យ​បុរស​ទាំងឡាយ​ដែល​គ្រប់​អាយុ​ធ្វើការ ហើយ​ដែល​មិនមែនជា​ម្ចាស់​ដីធ្លី ត្រូវ​ធ្វើការ​ធ្ងន់ធ្ងរ​១០០ ថ្ងៃ ។

​រដ្ឋាភិបាល​របស់គាត់​បាន​ប្រើ​ច្បាប់​ការងារ​ដែល​មិនឱ្យ​ថ្លៃ​ពលកម្ម ក្នុងការ សាងសង់​ផ្លូវថ្នល់ និង ផ្លូវ​រថភ្លើង ពោល​គឺជា​ភាព​ផ្តាច់ការ​បំផុត​មួយ ។ គាត់​បាន​បង្ក​កនូវ​ប្រាក់ខែ របស់​ពួក​មន្ត្រី និង បុគ្គលិក​ថ្នាក់ទាបៗ​ហើយ​បានអនុម័ត​ច្បាប់​មួយ​ដែល​ផ្តល់​អភិ​ឯកសិទ្ធិ​ដល់​ពួក​ម្ចាស់​ដីធ្លី រួច​ផុតពី​ការកាត់ទោស​នូវ​រាល់​ទង្វើ​ឃោ​ឃៅ​ព្រៃផ្សៃ​គ្រប់​ប្រភេទ​ដែល​ពួកគេ​ធ្វើ​ដោយ​គ្រាន់តែ​ប្រើ​លេស​ថា ដើម្បី ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ដែល​ច្បាប់​នោះ​ត្រូវបាន​ពួក​អ្នក ប្រវត្តិសាស្ត្រ​បកស្រាយ​ថា ” ធ្វើឱ្យ​ការកាប់សម្លាប់​ស្របច្បាប់ ” ។

​ច្បាប់​នេះ​ត្រូវបាន​គាត់​ពង្រឹង​យ៉ាងរឹងមាំ​ដោយ​ការប្រើ​អំណាច​ឃោ​ឃៅ​ព្រៃផ្សៃ ហើយ​បាន​ក្លាយជា​ច្បាប់​ដ៏​តឹងតែង និង ឃោ​ឃៅ​បំផុត​មួយ​នៅ អាមេរិក ឡាទីន ។ គាត់​បានផ្តល់​អំណាច​ដល់​ពួក​អ្នកមាន​ទ្រព្យសម្បត្តិ និង អ្នកមាន​បុណ្យ​សក្តិ ជាពិសេស​ទៅ​ពួក ប៉ូលិស អាច​បាញ់សម្លាប់ ឬ​ចាប់​ដាក់គុក​នូវ​រាល់​បុគ្គល​ណាក៏ដោយ​ដែល​ពួកគេ​សង្ស័យថា បាន​បំពាន​លើ​ច្បាប់​ពលកម្ម ។ ច្បាប់​ទាំ​នេះ បាន​បង្កើតឱ្យមាន​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង ចំពោះ​គាត់ នៅក្នុង​ចំណោម​កម្មករ​ក្នុង​វិស័យ​កសិកម្ម ។

​រដ្ឋាភិបាល​របស់គាត់​ត្រូវបានធ្វើ​យោ​ធូប​នីយកម្ម​ដល់​កម្រិត​កំពូល​ដោយ​អភិបាលខេត្ត​ទាំងអស់ គឺជា​ឧ​ត្ត​ម​សេនីយ៍​នៅក្នុង​ជួរ​កងទ័ព ។ ក្រុមហ៊ុន United Fruit Company ( UFC ) របស់​ឈ្មួញ​អាមេរិក គឺជា​ក្រុមហ៊ុន​បរទេសមួយ​ក្នុងចំណោម​ក្រុមហ៊ុន​បរទេស​ជាច្រើន ដែល​ទទួលបាន​សិទ្ធិក​កាន់កាប់​ដីធ្លី​យ៉ាង​ងាយ គឺ​ទាំង​ដី​សាធារណៈ របស់ រដ្ឋ និង ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ និង សិទ្ធិ​ជាច្រើន​ផ្សេងទៀត ។ លោក អ៊ូ​ប៊ី​កូ​បានផ្តល់ សម្បទាន​ដី​សាធារណៈ ២០០.០០០ ហិកតា​ទៅ​ក្រុមហ៊ុន នេះ​ជា​ថ្នូរ​ទៅនឹង​ការសន្យា ស្ថាបនា​កំពង់ផែ​មួយ ។ ប៉ុន្តែ​ការសន្យា​នោះ ក្រោយមក គាត់​បាន​លើកលែង ឬ លប់ចោល​ទៅវិញ (​បន្ទាប់ពី​ក្រុមហ៊ុន​នោះបាន​ផ្តល់​ផលប្រយោជន៍​ដល់​រូបគាត់​ផ្ទាល់ ) ។

​តាំងពី​ទៅដល់​ប្រទេស ក្វា​តេ​ម៉ា​ឡា ក្រុមហ៊ុន UFC​បាន​ពង្រីក​សិទ្ធិ​កាន់កាប់​ដីធ្លី ដោយ​ការបណ្តេញ​កសិករ​ម្ចាស់​ដី​តាម​អំពើ​ចិត្ត ហើយ​យក​ដី​ទាំងនោះ​ទៅធ្វើជា​ចម្ការចេក ចំណែក​រដ្ឋាភិបាល​គ្មាន​ចាត់វិធានការ​អ្វី​ឡើយ ។ ក្រុមហ៊ុន UFC ទទួលបាន​សិទ្ធិ​នាំចូល និង ការលើកលែង​ពន្ធ​លើ​អចលនទ្រព្យ​ពី​រដ្ឋាភិបាល ហើយ​បាន​កាន់កាប់​ដីធ្លី​ច្រើនជាង​ក្រុមហ៊ុន និង បុគ្គល​ណាៗ​ទាំងអស់ ។ ក្រុមហ៊ុន​នេះ​ក៏បាន​កាន់កាប់​ផ្តាច់មុខ​នូវ​ផ្លូវ​រថភ្លើង​ទាំងអស់ របស់​ប្រទេស ប្រភព​ផលិត​ថាមពល​អគ្គិសនី និង កំពង់ផែ​ទាំងអស់​នៅ​ឆ្នេរ​សមុទ្ទ​អា​ត្ល​ង់​ទិ​ក ។​

​សហរដ្ឋអាមេរិក ដែល​តែងតែ​ដើរតួ​ជា​ប្រមុខ នៃ ការគោរព​សិទ្ធិមនុស្ស​ក្នុង​លោក ពេលនេះ​មិន​គ្រាន់តែ​មិន​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន​ណាមួយ​ចំពោះ​រដ្ឋាភិបាល​ដ៏​ផ្តាច់ការ និង ឃោ​ឃៅ​របស់លោក អ៊ូ​ប៊ី​កូ ទេ​ហើយ​ថែមទាំង​ក្លាយជា​ដៃគូ​ដ៏​ជិតស្និទ្ធ​ចាក់ទឹកមិនលិច ទៀតផង គឺ ក៏​ព្រោះតែ​លោក អ៊ូ​ប៊ី​កូ និង សហរដ្ឋអាមេរិក មាន​សត្រូវ​រួមគ្នា​គឺ បក្សកុម្មុយនិស្ត ។ ចំពោះ​លោក អ៊ូ​ប៊ី​កូ សត្រូវ​របស់គាត់​គឺ ពួក​កុ​ម្មុយ​និ​ស្ត​នៅក្នុង​ប្រទេស ក្វាត​ម៉ា​ឡា ដែល​ត្រូវបាន​បង្កើត​កាលពី​ឆ្នាំ ១៩២២ ហើយ​បក្ស​នេះ​កើន​ប្រជាប្រិយ​ជា​បន្តបន្ទាប់ អាចជា​ការគំរាមកំហែង​ដល់​អំណាច​របស់គាត់ ជាពិសេស​នៅក្នុង​ពួក​វណ្ណៈ​កម្មករ គឺ​ព្រោះតែ​បក្ស​នេះ​ការពារ​ផលប្រយោជន៍​កម្មករ ខណៈ​លោក អ៊ូ​ប៊ី​កូ ការពារ ឬ ជា​ខ្នងបង្អែក​របស់​ពួក​នាយទុន ពោលគឺ​សត្រូវ​ទាំង​ក្នុង​ផ្នែក​នយោបាយ និង​ទាំង​ក្នុង​ផ្នែក​ផល ប្រយោជន៍​សេដ្ឋកិច្ច ។​

​ចំណែក អាមេរិក​វិញ ត្រូវការ​លោក អ៊ូ​ប៊ី​កូ សម្រាប់​ទប់ទល់​កុ​ម្មុយ​និ​ស្ត​ទាំង​ក្នុងប្រទេស ក្វា​តេ​ម៉ា​ឡា ទាំង​កុ​ម្មុយ​និ​ស្ត​ក្នុងប្រទេស ម៉ិ​ក​ស៊ិ​ក ហើយ​លើសពីនេះ​ទៀត គឺ​លោក អ៊ូ​ប៊ី​កូ គឺជា​អ្នកផ្តល់ និង ការពារ​ផលប្រយោជន៍​ដ៏​ច្រើន​មហិមា​របស់​ក្រុមហ៊ុន UFC របស់ អាមេរិក ទៀតផង ទើប​ទោះ អ៊ូ​ប៊ី​កូ ធ្វើ​អ្វី ក៏​អាមេរិក មិន​បើកភ្នែក​មើល​ដែរ ។​
​ ​
​នៅ​ឆ្នាំ ១៩៤១ នៅពេលដែល សហរដ្ឋ អាមេរិក ប្រកាសសង្គ្រាម​ប្រឆាំង អាល្លឺម៉ង់ ( ក្នុង​សង្គ្រាមលោកលើកទី ២ ) រដ្ឋាភិបាល លោក អ៊ូ​ប៊ី​កូ​បាន​ចាប់ចង​នូវ​រាល់​មនុស្ស ដែលមាន​ដើមកំណើត ឬ ចាកចេញ​មកពី​អាល្លឺម៉ង់ មក​ក្នុងប្រទេស ក្វា​តេ​ម៉ា​ឡា ទាំងអស់ ។ គាត់​ថែមទាំង​បាន​អនុ​ញ្ញា​ត្ត​ឱ្យ អាមេរិក កសាង​មូលដ្ឋាន​កងទ័ព​នៅក្នុង​ប្រទេស ក្វា​តេ​ម៉ា​ឡា ទៀតផង ដោយ​សំអាងថា​ដើម្បី​ការពារ​ព្រែកជីក ប៉ា​ណា​ម៉ា ។​
​ ​
​ដៃ​របស់លោក អ៊ូ​ប៊ី​កូ ចាប់​ជាមួយ​អាមេរិក ប៉ុន្តែ​មាត់​របស់គាត់ ពោល​សរសើរ ពួក​មេក្លោង ហ្វា​ស៊ី ផ្តាច់ការ ដូចជា​លោក ហ្វ្រ​ង់​ស៊ី​ស្កូ ហ្វ្រ​ង់​កូ ( ជន​ផ្តាច់ការ អេ​ស្ប៉ា​ញ ) មូ​សុ​លិ​នី បេ​និ​តូ អ៊ីតាលី ហើយ​បានចាត់ទុក​ខ្លួនឯង​ថា​ជា ណាប៉ូឡេអុង ម្នាក់​ផ្សេងទៀត ។
​គាត់​ស្លៀកពាក់​យ៉ាង​សំញែង និង ដាក់​ជុំវិញខ្លួន​គាត់​ទៅដោយ​រូបសំណាក និង គំនូរ​របស់ ណាប៉ូឡេអុង ។ គាត់​បានធ្វើ​យោ​ធូប​នីយកម្ម​នូវ​ស្ថាប័ន​នយោបាយ និង ស្ថាប័ន​សង្គម​នានា ដោយ​រួមទាំង​ការិយាល័យ​ប្រៃ​សេនីយ៍ សាលារៀន ក្រុម​តន្ត្រី និង​បានដាក់​កងទ័ព​ឱ្យ​កាន់កាប់ មុខតំណែង​ជា​ច្រើ​នៅក្នុង​ជួរ​រដ្ឋាភិបាល ។

បដិវត្តន៍ ២០ តុលា​
​សង្គ្រាមលោកលើកទី ២ ( ទី ១ កញ្ញា ១៩៣៩ – ២ កញ្ញា ១៩៤៥ ) បានធ្វើ​ឱ្យមាន​ភាព​ច្របូក ច្របល់​កាន់តែច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច​នៅ ក្វា​តេ​ម៉ា​ឡា បើទោះជា​មានការ​រិត​បន្តឹង ហើយ​រដ្ឋាភិបាល​ក្តោប​ក្តាប់​អំណាច​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណា ក៏​នៅតែមាន​ការតវ៉ា និង ជំទាស់​ដែរ ។ ប៉ុន្តែ លោក អ៊ូ​ប៊ី​កូ តែងតែ​បង្ក្រាប​ដោយ​កម្លាំង ហើយ​កាន់តែ​ឃោ​ឃៅ​ទៅៗ នូវ​រាល់​ទម្រង់ នៃ បាតុកម្ម និង ការជំទាស់ ។

​នៅ​ឆ្នាំ ១៩៤៤ បដិវត្តន៍​ដ៍​ល្បីល្បាញ​មួយ បាន​ផ្ទុះឡើង​នៅ​ប្រទេស អែល សាល់​វ៉ា​ឌ័​រ ដែលជា​ប្រទេសជិតខាង​នឹង ក្វា​តេ​ម៉ា​ឡា ដែល​បាន​ផ្តួលរំលំ​មេដឹកនាំ​ផ្តាច់ការ ម៉ា​ក្ស៊ី​លា​ណូ ហឺ​ណាន់​ដេ​ហ្ស ម៉ា​ទី​ណេ​ហ្ស បាន​មួយ​រយៈពេល​ខ្លី ។ ប៉ុន្តែ​គាត់​បាន​ត្រឡប់​ចូលកាន់​អំណាច វិញ​ក្នុងពេល​ដ៏​ឆាប់ ហើយ​នាំឱ្យ​មានការ​បង្ហូរឈាម​ដល់​ពួក​អ្នក​បដិវត្តន៍​ហើយ​អ្នកខ្លះ​រត់ និរទេស​ខ្លួន​ចូល​ប្រទេស ក្វា​តេ​ម៉ា​ឡា ។ ហេតុការណ៍​នេះ បាន​កើតឡើង​ស្របពេល​ជាមួយគ្នា នឹង​ការធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​នៅតាម​សកល​វិទ្យាល័យ​នានា​នៅ​ទីក្រុង ក្វា​តេ​ម៉ា​ឡា ។

​ជាការ​ឆ្លើយតប លោក អ៊ូ​ប៊ី​កូ បាន​ព្យួរ​ច្បាប់រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤៤ នោះ ដែល​បានសេចក្តីថា ចាប់ពីពេលនេះ​ទៅ មាត់​របស់លោក អ៊ូ​ប៊ី​កូ គឺជា​ច្បាប់ គាត់​ចង់​និយាយ​អ្វី ចង់​ធ្វើ​អ្វី គឺ​ស្រេច​តែ​គាត់ ។ ពេលនេះ​បាតុករ មិនមែន​មានតែ​ពួក​និស្សិត និង កម្មករ​ទៀត​ទេ ប៉ុន្តែ​ក​ថែមទាំង​ពួក​វណ្ណៈ​កណ្តាល​ផង​បាន​អំពាវនាវ​ឱ្យមាន​កូដកម្ម​ទូទាំង ប្រទេស ហើយ​បានបង្ហាញ​នូវ​ឱ​សា​នុ​វាទ ដោយ​ទាមទារ​ឱ្យ​លោក អ៊ូ​ប៊ី​កូ​ដាក់ឱ្យ​ដំណើរ ការ​នូវ​ច្បាប់រដ្ឋធម្មនុញ្ញ​ឡើងវិញ​នៅ​ថ្ងៃ​បន្ទាប់ ។ ពួក​បាតុករ​ក៏បាន​បង្ហាញ​នូវ​ញត្តិ ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រជាពលរដ្ឋ ក្វា​តេ​ម៉ា​ឡា ដ៏​មាន​ឥទ្ធិពល​ចំនួន ៣១១ នាក់​ផងដែរ ។

​លោក អ៊ូ​ប៊ី​កូ មិន​គ្រាន់តែ​មិនបាន​ធ្វើតាម​ការទាមទា​រ​របស់​បាតុករ​ឡើយ ប៉ុន្តែ​ថែមទាំង​បាន បញ្ជូន​ប៉ូលិស​ទៅ​បំបែកហ្វូង​បាតុករ​ដោយ​ការបាញ់រះ​ទៅលើ​ពួកគេ​ហើយ​ថែមទាំង បានប្រកាស​ច្បាប់អាជ្ញាសឹក ទៀតផង ។ ការប៉ះទង្គិច​គ្នា​រវាង​បាតុករ និង កងទ័ព ក៏​ចេះតែ​កើត​ឡើងជា​បន្តបន្ទាប់​ពេញ​មួយ​សប្តាហ៍ នាំឱ្យមាន​មនុស្ស​របួស និង ស្លាប់​ជាច្រើន​នាក់ ។ ទោះយ៉ាងណា ចំនួន នៃ បាតុករ ក៏​ចេះតែ​កើន​ច្រើនឡើងៗ ។

​ជាការ​ពិតណាស់ បើ​គ្រាន់តែ​កើនឡើង នៃ ចំនួន​បាតុករ​នោះ​ពិតជា​មិនអាច​ធ្វើឱ្យ​រង្គោះ រង្គើ​លោក អ៊ូ​ប៊ី​កូ ដ៏​មានអំណាច​ចាក់គ្រឹះ​យ៉ាងរឹងមាំ​បានឡើយ ។
​ប៉ុន្តែ​នៅក្នុង​ចំណោម​អ្នកកាន់អំណាច​ជាមួយ​គាត់ ជាពិសេស​អ្នក​ស្និ​ទ្ធឹ​នឹង​គាត់​ក៏មាន​អ្នក​ចង់ ដណ្តើម​អំណាច​ពី​គាត់​ដែរ​គ្រាន់តែ​ពេលកន្លងមក​ពួកគេ​ធ្វើជា​អ្នក​ស្មោះស្ម័គ្រ ចំពោះ​គាត់​ណាស់ ដែល​តាមពិត គឺ​ពួកគេ​រង់ចាំតែ​ឱកាស​ប៉ុណ្ណោះ ។​

​ខណៈ​ដែលមាន​បាតុកម្ម មាន​អំពើហិង្សា​កើត​ឡើងជា​បន្តបន្ទាប់ កាន់តែ​អាក្រក់​ទៅៗ ហើយ​បាតុករ ក៏​កាន់តែ​កើនឡើង​ច្រើន​ទៅៗ បែបនេះ ក៏មាន​ការ​សំណូមពរ​ដែលមាន លក្ខណៈ​ជាការ​បង្ខំ​ឱ្យ​លោក អ៊ូ​ប៊ី​កូ លះបង់​អំណាច ។ ទីបំផុត​លោក អ៊ូ​ប៊ី​កូ​ដ៏​មានអំណាច ក្តាប់​ណែន​ពេញដៃ ត្រូវ​បង្ខំចិត្ត​ដាក់ពាក្យ​លាឈប់​ពី​តំណែង​ទៅ​សភាជាតិ នៅ​ចុងខែ ម​ថុ​នា ឆ្នាំ ១៩៤៤ នោះ ហើយ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ជា​ទ្រង់ទ្រាយ​ធំ​ត្រូវបានធ្វើ​នៅតាម​វិថី សាធារណៈ​នានា ។​

​រួច​ពី​ក្រ​ញ៉ាំ​ខ្លាំ​ចូល​ហ្វូង​ចចក ក្តី​រំពឹង​របស់​ពួក​បាតុករ​ដែល​សង្ឃឹមថា ការចាកចេញ​ពី​តំណែង របស់​បុរស​កំពូល​ផ្តាច់ការ អ៊ូ​ប៊ី​កូ គឺជា​ការចាប់ផ្តើម​ដុះដាល នៃ លទ្ធិប្រជាធិបតេយ្យ​នោះ បានក្លាយ​ជាការ​ខកបំណង ព្រោះ​លោក អ៊ូ​ប៊ី​កូ បានជ្រើសរើស​ឧ​ត្ត​ម​សេនីយ៍ ៣ រូប ឱ្យ​ជា​អ្ន​កាន់តំណែង​ដឹកនាំ​រដ្ឋាភិបាលបណ្តោះអាសន្ន ( អ្នក​ដណ្តើម​អំណាច​ពី​គាត់ គឺ​ពួក​អ្នក​ទាំង​នេះឯង ហើយ​បើ​គ្មាន​ពួកគេ​ទេ អំណាច​របស់គាត់​ក៏​មិន​រង្គោះរង្គើ​ដែរ ) គឺ​លោក ហ្វេ​ដេ​រី​កូ ប៉ុង​សេ វ៉ា​យ​ដេ​ស , លោក អេ​ដ​ក្វា​ដូ វីឡា​ហ្ក្រ​ង់ អា​រី​ហ្សា និង លោក ប៊ូ​ណា​វែ​ន​ទូ​រ៉ា ដ៏​ជា​ជន​កំណាច​ផ្តាច់​ការមិន​ចាញ់ អ៊ូ​ប៊ី​កូ ហើយក៏​ជា​អ្នក​ជំនិត ពោល​គឺជា​អ្នក​រួមគំនិត ផ្តួ​ម​ផ្តើមគំនិត និង ចាត់ចែង​រាល់ សកម្មភាព​ឃោ​ឃៅ​កន្លងមក​ផង ។​

​ប៉ុ​ន្មា​ថ្ងៃ​ក្រោយមក លោក ប៉ុង​សេ វ៉ា​យ​ដេ​ស បាន​បញ្ចុះបញ្ចូល​សភា ឱ្យ​តែងតាំង​គាត់ ជា​ប្រធានាធិបតី​ស្តីទី ។ លោក ប៉ុង​សេ វ៉ា​យ​ដេ​ស បាន​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោត ដោយ​សេរី​ក្នុងពេល​ឆាប់ៗ ខណៈ ដៃ គាត់​បាន​ប្រើ​ប៉ូលិស និង​ទាហាន​ឱ្យ​បង្ក្រាប​ទៅលើ បាតុករ យ៉ាង​ឃោ​ឃៅ ។ សេរីភាព​សារព័ត៌មាន ត្រូវបាន​ព្យួរ , ការឃុំ​ឃាំង ទាំង​បំពាន​ច្បាប់ នៅតែ​បន្តធ្វើ ហើយ​កម្មវិធី​រំឭក ចងចាំ​ដល់​បាតុករ​ដែល​ត្រូវបាន​សម្លាប់ កន្លងមក ត្រូវបាន​ហាមឃាត់ ។

​ទោះយ៉ាងណា ចំនួន​បាតុករ បែរជា​ចេះតែ​កើន​ច្រើនឡើងៗ រហូត​រដ្ឋាភិបាល មិន អាច​គ្រប់​សង្កត់​បានឡើយ ហើយ​នៅតាម​តំបន់​ជនបទ​ក៏បាន​ចាប់ផ្តើម​រៀបចំ​ការប្រឆាំង នឹង​ជន​ផ្តាច់កា​រទាំង​នេះដែរ ។ រដ្ឋាភិបាល បាន​ប្រើ​ប៉ូលិស បង្ក្រាប និង បំភិតបំភ័យ​ពួក​បាតុករ ដើម្បី រក្សា​រដ្ឋាភិបាល​រហូត​ដល់​ការបោះឆ្នោត ដែល​ពួកគេ​កំពុង​រៀបចំ​យ៉ាង​ដុតដៃដុតជើង ដើម្បី​ធានា​ជ័យជម្នះ នៃ ការបោះឆ្នោត​នោះ​សម្រាប់​បក្ស​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ។​

​ប៉ុន្តែ​ការបង្ក្រាប​បំភិតបំភ័យ​នោះ បាន​នាំឱ្យមាន​ការកើនឡើង​នូវ​ការគាំទ្រ​សម្រាប់​បដិវត្តន៍ ប្រដាប់អាវុធ​នៅក្នុង​ផ្នែក​ខ្លះ នៃ ប្រជាពលរដ្ឋ ។ ដោយសារ​ឃើញ​ទិដ្ឋភាព​រងរបួស និង ស្លាប់ ដោយសារតែ​ការបង្ក្រាប​កន្លងមកនេះ បាន​អង្រន់​បេះដូង​កងទ័ព​ឱ្យ​ឈឺចាប់​ដោយសារ​ឈាម និង អាយុជីវិត​របស់​បាតុករ​កន្លងមក ហើយ​ពួកគេ ( កងទ័ព ) បានចាប់ផ្តើម​រៀបចំ ផែនការ​មួយចំនួន​ដែល​អាច​នឹង​ផ្ទុះ​ជា​បដិវត្តន៍ ។​

​នៅ​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៤៤ លោក អា​ឡិច​ចាន់​ដ្រូ កូ​ដូ​វ៉ា និពន្ធ​នាយក​កាសែត El Imparcial ជា​កាសែត​ប្រឆាំង​របប​លោក អ៊ូ​ប៊ី​កូ ត្រូវបាន​គេ​ធ្វើឃាត ។ លោក ប៉ុង​សេ វ៉ា​ដេ​ស បានប្រកាសថា​នឹងមាន​ការបោះឆ្នោត ប៉ុន្តែ​ពួក​អ្នកប្រជាធិបតេយ្យ​និយម បាន​បកអាក្រាត​ថា​នោះ គ្រាន់តែ​ជាការ​បោក​បញ្ឆោត​ប៉ុណ្ណោះ ហើយ​ថា​លោក អ៊ូ​ប៊ី​កូ បាន​ព្យាយាម​ស្វះ​ស្វែងរក​ការពង្រឹង​របប​ដឹកនាំ​របស់គាត់​ដោយ​ការធ្វើឱ្យ​អម្បូរ​ជាតិ សាសន៍​ផ្សេងៗ​ក្នុង ក្វា​តេ​ម៉ា​ឡា មាន​ភាព​តានតឹង​នឹង​គ្នា ដើម្បី បង្វែរ​ការចាប់អារម្មណ៍ ហើយ​បាន​បំភិតបំភ័យ​ឱ្យ​ប្រជាកសិករ​ដង្ហែ​គ្នា​ចូល​ទីក្រុង ក្វា​តេ​ម៉ា​ឡា មក​គាំទ្រ​គាត់ ដែល​ទាំងនេះ​សុទ្ធតែជា​ការបន្លំ​ភ្នែក​មហាជន និង​ជា​លេស​សម្រាប់​គាត់​ក្តោប​អំណាច តទៅទៀត​តែប៉ុណ្ណោះ ។​

​គិត​ត្រឹម​ពាក់​កណ្តាលខែ តុលា ឆ្នាំ នោះ ផែនការ​ជាច្រើន​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​ផ្តាច់ការ ត្រូវបាន​រៀបចំឡើង​ដោយ​ពួក​អ្នកគាំទ្រ​ប្រជាធិបតេយ្យ និង ផ្នែក​ផ្សេងៗ​រួមទាំង​គ្រូបង្រៀន សិស្ស​និស្សិត និង ពួ​កងទ័ព​ជឿនលឿន​និយម ។ ជន​ផ្តាច់ការ​ដូចជា​លោក ប៉ុង​សេ វ៉ា​យ​ដេ​ស ជាដើម​នេះ តែងតែមាន​ការប្រុងប្រយ័ត្ន ដោយ​រៀបចំ​បណ្តាញ​យក​ការសម្ងាត់​គ្រប់​ទីកន្លែង ទើប នៅ​ថ្ងៃទី ១៩ ខែ និង ឆ្នាំ ដដែល​នោះ រដ្ឋាភិបាល​បានដឹង​អំពី​ផែនការ​ផ្តួលរំលំ​នោះ ។ ហេតុនេះ នៅថ្ងៃនោះ ក៏មាន​រដ្ឋប្រហារ​មន្ត្រី​យោធា​មួយក្រុម​តូច ដឹកនាំ​ដោយ​លោក ហ្វ្រ​ង់​ស៊ី​ស្កូ ហ្សា​វី​យេ អា​រ៉ា​ណា និង លោក ចា​កូ​បូ អឺ​បេន​ស៍ ហ្គូ​ហ្ស​ម៉ាន់ ។​

​នៅ​ថ្ងៃ​បន្ទាប់ ក៏មាន​ផ្នែក​ផ្សេងទៀត នៃ កងទ័ព និង វិស័យ​ស៊ីវិល​បាន​ចូលរួម​ជាមួយ កងទ័ព​ទាំងនេះ ។ ពីដំបូង​មានការ​វាយប្រហារ​ពី​ពួកកងទ័ព​ស្មោះត្រង់​រដ្ឋាភិបាល​ទៅលើ ពួក​បដិវត្តន៍ ប៉ុន្តែ​បន្ទាប់ពី​មានការ​អំពាវនាវ​អំពី​ពួក​សហជីព និង ពួក​និស្សិត​មក ទីបំផុត​ពួក​អ្នក​ស្មោះត្រង់​ទាំង​នោះបាន​បែរ​កាណុង​របស់​ពួកគេ​ងាក​ទៅរក​ពួក​អ្នក​ស្មោះត្រង់ នឹង​លោក ប៉ុង​សេ វ៉ា​យ​ដេ​ស ទៅវិញ ។ ទីបំផុត ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៤៤ នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រធានាធិបតី​ស្តីទី ប៉ុង​សេ វ៉ា​យ​ដេ​ស បាន​ព្រម​ចុះចាញ់​ដោយ​គ្មាន​លក្ខន្តិកៈ ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ក្វា​តេ​ម៉ា​ឡា ប្រារព្ធ​ទិវា បដិវត្តន៍ របស់​ពួកគេ ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​នា​ថ្ងៃ​នោះឯង ។​បន្ទាប់មក​ក៏មាន​ការបោះឆ្នោត​ដោយ​សេរី ហើយ​បក្ស សេរីភាព ជា​អ្នក​បានឈ្នះ ៨៦ ភាគរយ ។ ទោះយ៉ាងណា រដ្ឋាភិបាល​នេះ មិនត្រូវ​បាន​ពេញ ចិត្ត​ពី​សំណាក់​រដ្ឋាភិបាល វ៉ាស៊ីនតោន ឡើយ ដោយសារតែ​រដ្ឋាភិបាល​នេះ​បាន​បង្ក​កនូវ ផលប្រយោជន៍​ជាច្រើន​របស់​ក្រុមហ៊ុន​UFC ផង ។ ការបោះ​ឆ្នាំ ១៩៥០ លោក អា​រ៉េ​វ៉ាល់​រ៉ូ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ។

ដោយសារតែ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ប៉ះពាល់​ដល់​ផលប្រយោជន៍​ក្រុមហ៊ុន UFC ដែល​គេ ដឹងថា​ជា​ក្រុមហ៊ុន​លេប​ត្របាក់​ក្តោប​ក្តាប់​ផលប្រយោជន៍​ជាតិ ក្វា​តេ​ម៉ា​ឡា មិន​ខ្ជាក់​ឆ្អឹង ទីបំផុត​ប្រធានាធិបតី​អាមេរិក ហារី ទ្រូ​ម៉ាន់ ដោយមាន​ការជួយ​ផ្គត់ផ្គង់​ពី​ជន​ផ្តាច់ការ អាណា​ស្តា​ស្យូ សូ​ម៉ូ​ហ្សា ហ្កា​ស៊ី នៃ ប្រទេស នី​កា​រ៉ា​ហ្គ័​រ បាន​បើក​យុទ្ធនាការ​ផ្តួលរំលំ លោក អា​រ៉េ​វ៉ាល់​រ៉ូ ចាប់ពី​ឆ្នាំ ១៩៥២ ហើយ​សង្គ្រាម​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ដោយមាន​អាមេរិក ជា​មេក្លោង​ចាប់ពី​ឆ្នាំ ១៩៥៤ រហូតដល់​ឆ្នាំ ១៩៩៦​ទើបបាន​បញ្ចប់​ក្រោម​កិច្ចសម្របសម្រួល របស់​អង្គការសហប្រជាជាតិ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា

​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង និង បាតុករ​នា​អំឡុងពេល​បាតុកម្ម​រហូត​ផ្តួលរំលំ រដ្ឋាភិបាល​ផ្តាច់ការ
​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង និង បាតុករ​នា​អំឡុងពេល​បាតុកម្ម​រហូត​ផ្តួលរំលំ រដ្ឋាភិបាល​ផ្តាច់ការ
​រដ្ឋធានី ក្វា​តេ​ម៉ា​ឡា នៃ សាធារណរដ្ឋ ក្វា​តេ​ម៉ា​ឡា

ទីតាំងផ្សាយពាណិជ្ជកម្ម