អឺ​រុ​ប​និង​ជប៉ុន​បញ្ជូន​យានអវកាស​ទៅ​ស្រាវជ្រាវ​ភព​ព្រះ​ពុធ​

1603
ចែករម្លែក

ទីភ្នាក់ងារអវកាសអឺរ៉ុបនិងជប៉ុននិយាយថាយានអវកាសBepiColomboបានផ្តាច់ខ្លួននិងចូលក្នុងតារាវិថីដោយជោគជ័យកាលពីថ្ងៃសៅរិ៍ទី២០តុលា ក្នុងដំណើរ៧ឆ្នាំទៅកាន់ភពព្រះពុធ(Mercury)។

បេសកកម្មនេះ មានបញ្ហាខ្លះដោយសារទំនាញ់ព្រះអាទិត្យ ដោយបានបង្ខំអោយយានអវកាសនេះត្រូវធ្វើដំណើរតាមផ្លូវរាងពងក្រពើដែលពាក់ព័ន្ធនឹងការហោះជិតភពព្រះសុក្រពីរដងនិងភពព្រះពុធ៦ដង។

នៅពេលយាននេះទៅដល់គោលដៅនៅឆ្នាំ២០២៥ វានឹងបញ្ចេញយានស៊ើបអង្កេតផ្ទៃនិងដែនទំនាញរបស់ភពព្រះពុធ។

រ៉ុក្កែត Ariane 5ផ្ទុកយានBepiColomboចេញដំណើរពីកន្លែងបាញ់បង្ហោះកូរ៉ូ ក្នុងតំបន់កូរ៉ូនៃទឹកដីបារាំង គីអាណាកាលពីថ្ងៃសៅរិ៍ទី២០តុលា

យានដែលផលិតនៅអង់គ្លេសនេះត្រូវធ្វើដំណើរចម្ងាយជាង៨ពាន់លានគីឡូម៉ែត្រទៅកាន់ភពព្រះពុធដែលជាភពតូចបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង គឺធំជាងព្រះចន្ទបន្តិច។

ភពនេះមានលក្ខណៈចម្លែក ត្រង់ថាផ្នែកមួយចំហៀងភពដែលត្រូវព្រះអាទិត្យមានកំដៅដល់ទៅ៥១០អង្សា ខណៈផ្នែកមិនត្រូវពន្លឺព្រះអាទិត្យបែរជាត្រជាក់ដល់ទៅដក២១០(-២០១)អង្សាសេ ដោយសារវាជាភពជិតបំផុតទៅនឹងព្រះអាទិត្យ គឺចម្ងាយ៥៨លានគីឡូម៉ែត្រពីគ្នា។

មួយថ្ងៃនៅលើភពព្រះពុធ ស្មើនឹង៥៩ថ្ងៃនៅភពផែនដីយើង ហើយវាវិលជុំវិញព្រះអាទិត្យ ឬមួយឆ្នាំរបស់ភពព្រះពុធ ចំនួន៨៨ថ្ងៃរបស់ផែនដី។

បន្ទប់យានMTM ផ្ទុកយានអង្កេត២ ដែលនឹងត្រូវទម្លាក់អោយវាវិលជុំវិញភពព្រះពុធ។ពួកអ្នកវិទ្យាសាស្រ្តរំពឹងថា បេសកកម្មដែលចំណាយអស់១,៨ពាន់លានដុល្លារនេះនឹងបង្ហាញអាថ៌កំបាំងខ្លះនៃភពព្រះពុធ ដូចជាហេតុអ្វីបានជាស្នូលដែករបស់វាធំម្ល៉េះ រណ្តៅភ្នំភ្លើងដ៏ល្អមើលរបស់វា និងការនិយាយថាអាចមានទឹកកកនៅផ្នែកមិនត្រូវពន្លឺរបស់វា។ចម្លើយនៃអាថ៌កំបាំងទាំងនោះក៏នឹងជួយផ្តល់ពន្លឺខ្លះអំពីប្រភពនៃដើមកំណើតនិងការវិវត្តន៍នៃប្រព័ន្ធព្រះអាទិត្យ។

ចូ ហ្សេនដឺ អ្នកវិទ្យាសាស្រ្ត សំរាប់គំរោងយាន BepiColomboបានប្រាប់សារព័ត៌មានGuardianថា” បើយើងចង់យល់ដឹងអំពីផែនដីរបស់យើង និងថាតើជីវិតអាចចាប់ផ្តើមនៅលើផែនដីឬនៅលើភពផ្សេងទៀតរបៀបណា យើងត្រូវតែយល់អំពីប្រព័ន្ធព្រះអាទិត្យរបស់យើង”។

ភពព្រះពុធជាកន្លែងគួរអោយចាប់អារម្មណ៍មួយនិងបានធ្វើអោយអ្នកវិទ្យាសាស្រ្តងឿងឆ្ងល់រាប់ទសវត្សរ៍មកហើយ។ស្នូលរបស់វាជាលោហៈដែករឹងដែលធំជាងពាក់កណ្តាលនៃអង្កត់ផ្ចិតរបស់វា។ផែនដីយើង មានស្នូលរឹងមួយដែលមានប្រវែងតែ៩,៥ភាគរយអង្កត់ផ្ចិតរបស់វាតែប៉ុណ្ណោះ។

BepiColomboជាបេសកកម្មអន្តរទ្វីបលើកដំបូងដែលប្រើបច្ចេកវិទ្យារុញច្រានបែបទំនើប។ដល់ដំណាក់កាលមួយវាលែងប្រើកម្លាំងរុញទៅមុខតែប្រើកម្លាំងរុញទប់សំរាប់ជាហ្រ្វាំងទប់នឹងទំនាញព្រះអាទិត្យទៅវិញ។បញ្ហាប្រឈមបំផុតរបស់អ្នកវិទ្យាសាស្រ្តនៃបេសកកម្មនេះ គឺការធន់របស់យានទៅនឹងអាកាសធាតុកាន់តែក្តៅជាង៣៥០អង្សានៅក្នុងបរិយាកាសនៃពភព្រះពុធ៕ដោយ៖វាសនា

ពេលទៅដល់ភពព្រះពុធ បន្ទប់យានMTM នឹងបញ្ចេញយានអង្កេត២អោយធ្វើដំណើរក្នុងគន្លងរបស់ភពព្រះពុធ ដើម្បីវាផ្នែកខាងក្នុង ផ្ទៃលើនិងបរិយាកាសរបស់វាព្រមទាំងស្វែងរកសមាសភាគគីមីរបស់ភព

ទីតាំងផ្សាយពាណិជ្ជកម្ម