អ្នកស្លាប់​ដោយសារ​ពុល​ស្រាស​នៅ​ក្រចេះ កើន​ឡើងដល់​ប្រាំ​នាក់ និង​បញ្ជូនទៅ​ពេទ្យ​ជាង​៧០​នាក់​

1445
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​,​សេង​ឃួន​/​ក្រចេះ​៖ ករណី​ពុល​ស្រាស​នៅ​ខេត្តក្រចេះ មាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​នាក់​បន្ថែមទៀត បាន​ស្លាប់ និង​ជាង​៧០​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​២០ ខែ​តុលា នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រាំ​នាក់​ហើយ បាន​ស្លាប់ ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន​បីនាក់ បាន​ស្លាប់​កាលពី​ថ្ងៃទី​១៩ ខែតុលា និង​ប្រជាពលរដ្ឋ​ចំនួន​ពីរនាក់​ទៀត បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​នេះ​។​

ពលរដ្ឋពុលស្រានៅខេត្តក្រចេះ(រូបថតសេងឃួន)

ហេតុការណ៍​ពុល​ស្រាស​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ថ្ងៃទី​១៨ ខែតុលា បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ផឹកស្រា​ស​នៅក្នុង​កម្មវិធី​ដាក់​វេន​ច្រូតស្រូវ​ប្រ​វ៉ាស់​។​

​លោក​ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ​ថា មកដល់ពេលនេះ អ្នកស្លាប់​ដោយសារតែ​ការទទួល​ទាន​ស្រាស​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ បាន​កើន​ឡើងដល់​ចំនួន​ប្រាំ​នាក់​ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃទី​២០​ខែតុលា​នេះ​។​ក្នុងនោះ​ប្រជាពលរដ្ឋ​បីនាក់​បាន​ស្លាប់​កាលពី​ថ្ងៃទី​១៩ ខែតុលា និង​ពីរ​នាក់ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា​។ លោក​បាន​បន្តថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក មាន​ចំនួន​សរុប​ជាង ៧០​នាក់ ដោយ​ក្នុងនោះ​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន​ចំនួន​៤២​នាក់ ដោយ​សារបាន​ធូរស្រាល និង​ជាង​៣០​នាក់​ទៀត នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញ​នោ​ឡើយ​ទេ គឺ​គ្រូពេទ្យ​កំពុងតែ​តាមដាន​ស្ថានភាព​ជំងឺ​។ លោក​បាន​បញ្ជាក់ថា តាម​មការ​សន្និដ្ឋាន​បឋម គឺ​ប្រជាពលរដ្ឋ​បានទទួល​ស្រាស​។
​ជាមួយគ្នានេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឈប់​ទទួលទាន​ស្រាស ដើ​ម្បុះ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​៕​សរន​

ពលរដ្ឋពុលស្រានៅខេត្តក្រចេះ(រូបថតសេងឃួន)

ទីតាំងផ្សាយពាណិជ្ជកម្ម