​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការចេញ​ព្រះវស្សា​

1866
ចែករម្លែក
  • 20
    Shares

ដោយៈ មេសា​/​ភ្នំពេញៈ មុននឹង​និយាយ​ដល់ ” ការចេញ​វស្សា ” គេ​ត្រូវ​និយាយ​អំពី ” ការចូល​វស្សា ” សិន​។​ចូល​វស្សា​គឺជា​កិច្ច​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​មួយ​ដែល​មានចែង​ក្នុង​វិន័យ​ប្បញ្ញត្តិ​របស់​ព្រះពុទ្ធសាសនា ហើយ​ការចូល​វស្សា​នេះ ក៏​មានតែ​នៅក្នុង​ព្រះពុទ្ធសាសនា​ដែរ ។ ចូល​វស្សា​មាន​រយៈពេល ៣ ខែ គត់​ចាប់​ពីថ្ងៃ ១ រោច ខែ អាសាឍ ដល់​ថ្ងៃ ១៥ កើត ខែ ភ​ត្រ​បទ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ កក្កដា ដល់​ថ្ងៃទី ២៤ ខែ តុលា ។​

​កិច្ច​ដែល​ត្រូវធ្វើ​ដើម្បី​ចេញ​វស្សា​ស្រដៀង​គ្នា​ទៅនឹង​កាល​ចូល​វស្សា​ដែរ គឺ​លុះ​ផុតកំណត់​ចាំ​វស្សា ៣ ខែ​ហើយ ដើម្បី ចេញ​វស្សា នៅ​ថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ ភទ្របទ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ តុលា ភិក្ខុសង្ឃ ត្រូវធ្វើ​កិច្ច​ចេញ​វស្សា​របស់ ខ្លួន​វិញ​ដែល​ហៅថា “ បវរ​ណា​ចេញ​វស្សា ” ។ ពិធី​បវរ ណា​នេះ​ភិក្ខុ​មួយអង្គៗ​ត្រូវ​ប្រកាស​ខ្លួន​ដាក់​កាយ​ឱ្យ​សង្ឃ​ឬ​បុគ្គល​គ្នាឯង​រិះគន់​ក្រែង​មាន​ប្រព្រឹត្ត​ខុសឆ្គង​ឬ​លើស​បញ្ញត្តិ​ណាមួយ​ក្នុងការ​ចាំ​វស្សា​៣​ខែ​កន្លងមក​នោះ​។​

​ទោះ​ដោយ​ការ​ឃើញ​ក្តី​ការ​ស្តាប់ឮ​ក្តី​និង​ការ​រ​ង្គៀ​ស​ក្តី​ក៏​សួ​ម​ឱ្យ​លើកឡើង​និង​បង្ហាញ​នូវ​ភ័ស្តុតាង​ច្បាស់លាស់ ដើម្បី ភិក្ខុ​ប្រព្រឹត្ត​ខុស​ធ្វើការ​កែប្រែ ឱ្យ​ប្រសើរ​ឡើងវិញ ហើយ​កិច្ច​នេះ​ហៅថា ” សម្តែង​អាបត្តិ ” ។​ចំណុច​នេះ​គប្បី​បញ្ជាក់ថា​តាម​វិន័យ​ជា​ពុទ្ធ​ប្បញ្ញត្តិ​ថា​នៅពេលដែល​ព្រះ​ភិក្ខុសង្ឃ​បាន​ចាំ​វស្សា​ដោយ​ចប់សព្វគ្រប់​ហើយ​រយៈពេល​៣​ខែ​ពោលគឺ​មិនបាន​ធ្វើឱ្យ​ដាច់​វស្សា​នោះ​ព្រះ​ភិក្ខុសង្ឃ​ទាំងពួង​មាន​សិទ្ធិ​នឹង​ទទួល​ក្រាល​គ្រង និង អនុមោទនា និង ទ​ទូល​អានិសង្ស​កឋិនទាន ។​

​ប៉ុន្តែ​ធាតុ​ដ៏​សំខាន់បំផុត​មួយ នៅក្នុង​កិច្ច​ចាំ​វស្សា គឺ​សាមគ្គីធម៌ គឺថា ព្រះ​ភិក្ខុសង្ឃ​ក្នុង​អារាម​នីមួយៗ ត្រូវតែមាន​ភាព​ស្រុះស្រួល​គ្នា ពោលគឺ​ពុំមាន​ជម្លោះ​ឈ្លោះប្រកែក ឬ ទំនាស់​ទាស់ទែង ខ្វែងគំនិត​គ្នា ហើយ​ប្រសិនបើ​មានទំនាស់​ឬ​អធិករណ៍​អ្វី​កើតឡើង​ក៏ត្រូវ​តែ​ដោះស្រាយ​សម្រុះសម្រួល​ឱ្យបាន​ចប់សព្វគ្រប់​ទើប​អាច​ទទួល​កឋិន​បាន​។​

ពុំ​នោះទេ​ទោះជា​ទទួល​កឋិន​ក៏​មិន​ឡើង​ឬ​មិន​សម្រេច​ថា​ជា​កឋិន​ឡើយ ។ ដោយហេតុនេះ​ទើប​នៅក្នុងពេល​ប្រកាស​បវរ​ណា​ចេញ​វស្សា​នេះ​ភិក្ខុសង្ឃ​តែងតែ​សម្តែង​អាបត្តិ​ពោលគឺ​បើក​ឱ្យមាន​ការកែ​ខែ​ដើម្បីឱ្យ​ប្រាកដថា​ភិក្ខុសង្ឃ​ទាំងឡាយ​គ្មាន​សៅហ្មង​ឬ​ក្តី​សង្ស័យ​ក្នុង​ចិត្ត​ពោលគឺ​ឱ្យ​ប្រាកដថា​គ្រប់​អង្គ​គ្មាន​កំហុស​។​នៅក្នុង​វិន័យ​ពុទ្ធ​ប្បញ្ញត្តិ​មានរឿង​មួយ​ថា​៖ “ សម័យមួយ ព្រះ​សម្ពុទ្ធ គង់នៅ​ក្នុង​វត្ត​ជេតពន ជិត​ក្រុង សាវត្ថី ។

​គ្រានោះ​មាន​ភិក្ខុ​ជាច្រើន​ដែលជា​មិត្រ​ស្និទ​ស្នាល​នឹង​គ្នា​បាន​ជួបជុំគ្នា​ចូល​វស្សា​ក្នុង​អាវាស​វត្ត​មួយ​ក្នុង​កោសល​ជនបទ ។ ភិក្ខុ​ទាំងអស់​បាន​ត្រិះរិះ​នឹង​គ្នា ថា តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឱ្យបាន​សុខ កុំឱ្យ​មានការ​ទាស់ទែង​ខ្វែងគំនិត​គ្នា នៅពេល​ចាំ​វស្សា ។ ក៏​ព្រមព្រៀងគ្នា​ថា ” យើង​កុំ​និយាយ​រកគ្នា កុំ​ចរចារ​រកគ្នា​ទៅវិញទៅមក​ទេ​។ បើ​យើង​ត្រូវការ ពឹងពាក់​គ្នា ត្រូវតែ​ប្រើ​កាយវិការ​ជាស​ញ្ញា ” ។ កាល​បាន​ព្រមព្រៀងគ្នា យ៉ាង​ដូច្នោះ​ហើយ ភិក្ខុ​ទាំងនោះ ក៏​លែង​ស្តីរក​គ្នា រហូត​គ្រប់​៣​ខែ​។​

​លុះ​ចេញ វស្សា​ហើយ បន្ទាប់ពី​បានរៀបចំ​ទុកដាក់​សេនាសនៈ​រួចមក ភិក្ខុ​ទាំងនោះ ប្រដាប់​ដោយ​បាត្រ និង​ចីវរ ចេញដំណើរ​ទៅកាន់ ទីក្រុង​សាវត្ថី ដើម្បី​ចូលគាល់ ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ព្រះ​សាស្តា​ក៏​ទ្រង់​ត្រាស់ សួរថា​៖ “ ម្នាល​ភិក្ខុ​ទាំងឡាយ ! អ្នក​ទាំងឡាយ ល្មម​អត់ធន់​នូវ​សេចក្តី​ទុក្ខ លំបាក​បានដែរ​ឬទេ ? ឥរិយាបថ ប្រព្រឹត្តទៅបាន​ស្រួល​ដែរឬទេ ? ចុះ​អ្នក ទាំងឡាយ ជា​បុគ្គល​ព្រមព្រៀងគ្នា ស្រុះស្រួល​គ្នា មិន​ទាស់ទែង​គ្នា នៅចាំ វស្សា​ដោយ​សុខ​សប្បាយ ហើយ​ឬ ? ។​

​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា​៖ “ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ! យើងខ្ញុំព្រះអង្គ​ទាំងអស់គ្នា នៅចាំ​វស្សា​ដោយ​សប្បាយ ក៏​ព្រោះតែ​យើងខ្ញុំព្រះអង្គ មានគំនិត​ឯកភាពគ្នា​ថា យើងខ្ញុំ​ទាំងឡាយ មិន​ហៅរក​គ្នា មិន​ចរចារ​រកគ្នា​ទៅវិញទៅមក នោះ​ទើប មាន​ឈ្មោះថា ជា​អ្នក​ព្រមព្រៀងគ្នា ស្រុះស្រួល​គ្នា​មិន​ទាស់ទែង​គ្នា​នៅចាំ​វស្សា​ដោយ​សប្បាយ​”​។​កាល​ទ្រង់​ព្រះ​សណ្តាប់​នូវ​ពាក្យ​យ៉ាង​នេះហើយ​ព្រះ​សាស្តា​ក៏​ទ្រង់មាន​ព្រះបន្ទូល​ថា​៖“​ម្នាល​ភិក្ខុ​ទាំងឡាយ​!​អ្នក​នៅចាំ​វស្សា​បែបនេះ​ពិតជា​មិន​សប្បាយ​ទេ​។​ប៉ុន្តែ​អ្នក​ទាំងឡាយ​បែរជា​ប្តេជ្ញា​ថា​ខ្លួន​ជា​អ្ន​នៅចាំ​វស្សា​ដោយ​សប្បាយ​ទៅវិញ​។​

​ការ​ចាំ​វស្សា​របស់​អ្នក​ទាំងឡាយ​ដូចជា​ការរស់នៅ​របស់​បសុសត្វ​(​សត្វ​ដែល​គេ​ចិញ្ចឹម​)​ឬក៏​ដូចជា​ការរស់នៅ​របស់​សត្វ​ពពែ​ឬក៏​ដូចជា​ការរស់នៅរ​បស់​បុគ្គល​ប្រមាទ​តែ​នៅ​ប្តេជ្ញា​ថា​ខ្លួន​ជា​អ្នករស់នៅ​ដោយ​សប្បាយ ។ ម្នាល​មោឃបុរស ! អ្នក​មិនសមបើ​នឹង​សមាទាន​នូវ មូគវត្ត ( វត្ត​របស់​មនុ​ស្សគ ) ទេ អំពើ​ទាំងនេះ​មិនមែនជា​អំពើ​ដែលនាំឱ្យ​គេ​ជ្រះថ្លា​ទេ ។ តថាគត​អនុញាតឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅចាំ​វស្សា​រួចហើយ អាច​បវរ​ណា​ដោយ​ស្ថាន​៣ យ៉ាង​គឺ​៖ ដោយ​ឃើញ​ក្តី ដោយ​ឮ​ក្តី និង​ដោយរ​ង្គៀ​ស​ក្តី “ ។​

​ដោយហេតុនេះ​ទើប​នៅពេល​ចេញ​វស្សា​ភិក្ខុ​គ្រប់​វត្ត​តែងតែ​បវរ​ណា​ពោល​ជា​កិច្ច​ដើម្បី​ប្រកាសប្រាប់​គ្នីគ្នា​ថា ” ការចូល ឬ ការ​ចាំ​វស្សា​របស់​យើង​បាន​ចប់សព្វគ្រប់​ហើយ “​ហើយ​ក្នុងនោះ​ក៏មាន​សម្តែង​អាបត្តិ ពោលគឺ​ឱ្យ​សង្ឃ​ក្នុង​វត្ត ឬ សង្ឃ​គ្នាឯង ប្រាប់​នូវ​ទោសានុទោស​ដែល​ខ្លួន​មាន​ដោយ​ចេតនា ឬ ដោយ​អ​ចេតនា ហើយក៏​ជម្រះ​កំហុស​ទាំងនោះ​ចោល ដើម្បី ឱ្យ​ក្លាយជា​សង្ឃ​បរិសុទ្ធ​ឡើងវិញ មុននឹង​ទ​ទួ​អានិសង្ស​កឋិន ។

​តាមពិតទៅ ទាំង​ការចូល​វស្សា ទាំង​ការចេញ​វស្សា មិនមែនជា​បុណ្យ​ទេ គឺជា​កិច្ច​ក្នុង​វិន័យ​ប្បញ្ញត្តិ ។ ទោះយ៉ាងណា​នៅក្នុង​បណ្តា​ប្រទេស​នានា ភាគច្រើន​ធ្វើ​កិច្ច​ទាំង ២ នេះ ឱ្យទៅ​ហាក់ដូចជា​បុណ្យ​ដែរ ពោលគឺ​ជាទូទៅ​នៅពេល​ល្ងាច​ឬ​យប់​ថ្ងៃ​១៥​កើត ខែអស្សុជ ភិក្ខុសង្ឃ​ដែល​គង់​ចាំ​វស្សា អស់ ៣ ខែ ក្នុង​អាវាស​ណាមួយ ត្រូវ​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ដើម្បី នមស្សការ​ព្រះ​រតនត្រ័យ និង សម្តែង​អាបត្តិ ។

ពុទ្ធបរិស័ទ​និមន្ត​ព្រះសង្ឃ​សម្តែងធម៌​ទេសនា​ភាគច្រើន​ជា រឿង​ព្រះ​វេស្សន្តរ គឺជា​រឿង​ព្រះ​ពោធិសត្វ ។​នៅ​យប់​នេះ​តាម​និគម​ន៍​ខ្លះ​ក៏មាន​ទាំង​ពិធី​បណ្តែតប្រទីប​ទៀតផង​។​លុះ​ព្រឹក​ឡើង​ពុទ្ធបរិស័ទ​ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ​តាម​ការគួរ​ទុកជា​កិច្ចបញ្ចប់ ។​

​គប្បី​បញ្ជាក់ថា វិន័យ​កិច្ច នៃ ការចេញ​វស្សា ត្រូវបាន​ចប់សព្វគ្រប់​តាំងពី​ពេលដែល​ព្រះសង្ឃ​បវរ​ណា និង សម្តែង​អាបត្តិ ឯណោះ ដែល​បានសេចក្តីថា​ពិធីសូត្រមន្ត​សម្តែងធម៌​ទេសនា​និង​រាប់បាត្រ​ព្រះសង្ឃ នេះ បើ​មិន​ធ្វើ​ក៏​មិនជា​បញ្ហា​អ្វី​ដែរ ៕S/

-​ចំណងជើង​រូបៈ ព្រះសង្ឃ​បវរ​ណា​ចេញ​វស្សា ( បវរ​ណា​)-​រូបៈ មេសា

ពិធីរាប់បាត្រ​ព្រះសង្ឃ គឺជា​កិច្ច​ដ៏​ពេញនិយម​មួយ​សម្រាប់​ខេ​មរ​ពុទ្ធសាសនិក ( រាប់បាត្រ ១, រាប់បាត្រ ២)-​រូបៈ ឯកសារ​

ទីតាំងផ្សាយពាណិជ្ជកម្ម