ករណី​បាក់​ច្រាំងទន្លេ នៅ​វត្ត​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ អាជ្ញាធរ​ច្រក​ប៉ាវ​ខ្សាច់​និង​ថ្ម​ចាក់​ទប់​ច្រាំង​បណ្ដោះអាសន្ន​សិន​

1500
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ រហូតមកទល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ នេះ ពុំទាន់​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការបាក់​ច្រាំងទន្លេ នៃ​វត្ត​ក្តី​តា​កុយ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ នៅឡើយ​ទេ​។ តែ​យ៉ាងណា អាជ្ញាធរ​ខណ្ឌ​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ច្រក​ប៉ាវ​ដី ខ្សាច់ និង​ថ្ម​ចាក់​ទប់​ច្រាំងទន្លេ​ដើម្បី​ទប់ទល់​កម្លាំង​ទឹកជា​បណ្តោះអាសន្ន​សិន​។​

​វត្ត​ក្តី​តា​កុយ មួយចំណែក ជាមួយនិង​ចេ​តី​យ៍​មួយចំនួន​ផង​ត្រូវបាន​ច្រាំង​ទឹកទន្លេ​លេប​ត្របាក់ ចូលទៅក្នុង​ទឹក​ហើយ​។ ដើម្បី​ទប់ស្កាត់​នូវ​គ្រោះ​ចង្រៃ​នេះ​អាជ្ញាធរ​ច្បារអំពៅ ដឹកនាំ​កម្លាំង​ចុះ​ទប់ស្កាត់​ភ្លាមៗ​ដែល ដោយ​ឈរជើង​នៅ​កន្លែងកើតហេតុ​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​។​

​កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ ពាក់ព័ន្ធ​ករណី​បាក់​ច្រាំងទន្លេ​នៅ​ខាងក្រោយ​វត្ត​ក្តី​តា​កុយ នេះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ភ្លាមៗ ដើម្បី​រក​វិធានការណ៍​ដោះស្រាយ​បឋម ធ្វើយ៉ាងណា​កុំឱ្យ​មានការ​បាក់​ច្រាំង​បន្តទៀត​។

​ជា​លទ្ធផល​គិត​ចាប់តាំងពី​ម៉ោង​២​រសៀល មកទល់​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ផ្ទាល់ បាន​ឈរ​នៅ​នឹង​ទីតាំង​កើតហេតុ​រហូត​។​

​អាជ្ញាធរ​ខណ្ឌ​បាន​ប្រើប្រាស់​គ្រឿងចក្រ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ច្រក​ប៉ាវ​ដី ខ្សាច់ និង​ថ្ម​ចាក់​ទប់​ច្រាំងទន្លេ​ដើម្បី​ទប់ទល់​កម្លាំង​ទឹកជា​បណ្តោះអាសន្ន​សិន​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ប្រជាពលរដ្ឋ​ដែល​បញ្ចុះសព​ឳ​ពុក ម្តាយ ជីដូន ជីតា នៅក្នុង​វត្ត​នេះ​ក៏បាន​ញាប់ដៃ​ញាប់ជើង លើកសព​ចេញពី​ច្រាំងទន្លេ​ផងដែរ ដើម្បី​កុំឱ្យ​ច្រាំងទន្លេ​លេប​ត្របាក់​ទៅ​បាត់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម