លោកស្រី​មឺ​គែល​និយាយថា អាល្លឺម៉ង់​នឹងមិន​នាំចេញ​អាវុធ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ “​ក្នុងស្ថានភាព​បែបនេះ​”

965
ចែករម្លែក

​អធិការបតី​អាល្លឺម៉ង់​លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២១​តុលា​ថា រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​នឹងមិន​នាំចេញ​អាវុធ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​សម្រាប់​បច្ចុប្បន្ននេះ បន្ទាប់ពី​ការស្លាប់​របស់​អ្នកកាសែត​ប្រឆាំង លោក ចា​ម៉ា​ល់ ខា​សូក​ជី​។​

​លោកស្រី​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​នៅ​ការិយាល័យ​កណ្តាល​គណបក្ស​របស់លោក​ស្រី​ថា “​ខ្ញុំ​យល់ស្រប​ជាមួយ​អ្នក​ដែល​និយាយ​អំពី​ការនាំចេញ​សព្វាវុធ​ដែលមាន​កម្រិត​រួចជាស្រេច​របស់​យើង (​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​) ថា ការនាំចេញ​មិនអាច​ធ្វើ​បានទេ​ក្នុងស្ថានភាព​បច្ចុប្បន្ន​”​។​

​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក ហី​កូ ម៉ា​អាស បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា បច្ចុប្បន្ន​លោក​មិន​មើលឃើញ “​មូលដ្ឋាន​ណាមួយ​សម្រាប់​ការសម្រេចចិត្ត​គាំទ្រ​ការនាំចេញ​អាវុធ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​”​។​

​កាលពី​ខែ​មុន អាល្លឺម៉ង់​បានអនុម័ត​ការនាំចេញ​អាវុធ​តម្លៃ ៤៨០ លាន​ដុល្លារ ទៅ​អារ៉ាប់​ប៊ី​សា​អូឌីត​សម្រាប់​ឆ្នាំ ២០១៨​។ កាលពីមុនៗ​មក ការនាំចេញ​គ្រឿង​សម្ភារៈ​យោធា​ដោយ​ទីក្រុង​បែរ​ឡាំង​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ភាគច្រើន​គឺជា​ទូក​ល្បាត​។​

​លោកស្រី​មឺ​គែល​បាន​រំលឹក​ឡើងវិញ​ថា​លោកស្រី​ថ្កោលទោស​ការសម្លាប់​លោក​ខា​សូក​ជី “​យ៉ាងខ្លាំង​ក្លា​បំផុត​” ហើយ​យល់ឃើញថា​ករណីនេះ​ចាំបាច់​ត្រូវតែ​ជម្រះ​មន្ទិល​ជាបន្ទាន់​។​

​លោកស្រី​បាន​និយាយថា “​យើង​មិនទាន់​ឃើញ​អ្វី​គ្រប់យ៉ាង​ដាក់​នៅលើ​តុ​នៅឡើយ​ទេ ហើយ​ត្រូវតែ​នាំខ្លួន​ជនល្មើស​មក​កាត់ទោស​ឱ្យបាន​”​។​

​លោកស្រី​មឺ​គែល​បាន​បន្ថែមថា លោកស្រី​នឹង​បន្ត​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អន្តរជាតិ​អំពី​ប្រតិកម្ម​សម្របសម្រួល​ជាមួយ​ករណីនេះ​។​

​អាល្លឺម៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ទើបតែ​បញ្ជូន​ឯកអគ្គរដ្ឋទូត​ទៅ​ប្រចាំ​នៅ​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​វិញ​កាលពី​ខែកញ្ញា បន្ទាប់ពី​បង្កក​ទំនាក់ទំនង​រយៈពេល ១០ ខែ ក្រោយពី​អាល្លឺម៉ង់​រិះគន់ថា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​លី​បង់​៕ ដោយ៖ កញ្ញាដាលីស

អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល