ក្រុម​យក្ស​ធ្លាក់កូដ Real Madrid ត្រូវការ​ឈ្នះ​ក្នុង Champions League ខណៈ​រ៉ូ​ណា​ល់​ដូ​ត្រឡប់​ទៅ​ទឹកដី Old Trafford

948
ចែករម្លែក

​ម្ចាស់​ការពារ​តំណែង​ជើងឯក​៣​សម័យកាល Real Madrid កំពុងតែ​ស្ថិតក្នុង​វិបត្តិ​ក្រោយពី​ចាញ់ ៤ លើក​ក្នុងចំណោម​ការប្រកួត​ចំនួន ៥ លើកចុងក្រោយ ខណៈដែល​ក្រុម​នេះ​វិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ Champions League នៅ​ថ្ងៃ​អង្គារ ទី​២៣​តុលា​។​

​សំណួរ​ដែល​កំពុង​ចោទសួរ​នៅ​កីឡដ្ឋាន Santiago Bernabeu មុនពេល​ដំណើរ​សួរសុខទុក្ខ​របស់​ក្រុម​ឆែក Viktoria Plzen គឺថា​តើ​ប្រធាន​ក្លិប លោក ផ្ល​រិ​នទី​ណូ ប៉េ​រ៉េ​ស ឆ្អែតឆ្អន់​នឹង​គ្រូបង្វឹក Real Madrid លោក ជូ​លិ​ន ឡូ​ប៉េ​តេ​ហ្គី ហើយ​ឬ​នៅ​។​

​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ដែល​បាន​ឡើងកាន់តំណែង​ក្រោយពី​ការលាលែង​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន់ កំពុង​រង្គោះរង្គើ​កៅអី ក្រោយពី​រង​បរាជ័យ ៣ លើក​ជាប់ៗ​គ្នា​។ ក្រុម​របស់លោក​ឡូ​ប៉េ​តេ​ហ្គី​បាន​ចាញ់​ក្រុម CSKA Moscow ក្នុង​លទ្ធផល ១-០ នៅ​ក្របខ័ណ្ឌ Champions League មុនពេល​រង​បរាជ័យ​២​លើក​ដ៏​គួរឱ្យ​អាម៉ាស់​ក្រោម​ថ្វីដៃ​ក្រុម​អន់ Alaves និង Levante ក្នុង​ក្របខ័ណ្ឌ LaLiga​។​

​លោក​ឡូ​ប៉េ​តេ​ហ្គី​បាន​និយាយ​បន្ទាប់ពី​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​កាលពី​ថ្ងៃ​សៅរ៍​ក្រោម​ថ្វីដៃ Levante ក្នុង​លទ្ធផល ២-១ ថា ការព្រួយបារម្ភ​ចម្បង​របស់គាត់​គឺ “​ការសម្រិតសម្រាំង​កីឡាករ​របស់គាត់​”​។​

​សូម្បី​ជ័យជម្នះ​លើ​ក្លិប Plzen ក៏​ប្រហែលជា​មិនអាច​ជួយសង្គ្រោះ​ការងារ​របស់លោក​ឡូ​ប៉េ​តេ​ហ្គី​បានដែរ ខណៈ Real Madrid នឹងត្រូវ​ប្រឈម​នឹង​គូប្រជែង Barcelona នៅ​ទឹកដី Camp Nou នៅ​ថ្ងៃអាទិត្យ​ខាងមុខ​។​

​ប្រធាន​ក្រុម Real Madrid សឺ​ជី​អូ រ៉ា​ម៉ូ​ស បាន​និយាយថា គាត់​សង្ឃឹមថា​ជ័យជម្នះ​លើ Plzen នឹង​ជួយ​ឱ្យ​ក្រុម​នេះ​ចាប់ផ្តើម​ល្អ​ឡើងវិញ​។​

​រ៉ា​ម៉ូ​ស​និយាយថា “​រាល់​៣​ថ្ងៃ​ម្តង អ្នក​មានឱកាស​ដើម្បី​ប្រែ​ស្ថានការណ៍​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។ ថ្ងៃ​អង្គារ​យើង​មាន​តេស្ត​មួយ​។ រឿង​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើបាន​គឺ​រក្សា​ការរួបរួម​គ្នា​”​។

​ដោយឡែក រ៉ូ​ណា​ល់​ដូរ​បស់ Juventus នឹងធ្វើ​ដំណើរ​ទៅ​ទឹកដី Old Trafford ដើម្បី​ស៊ុត​បញ្ចូល​ទី​អតីត​ក្លិប​ចាស់ Manchester United ជា​លើក​ទី​៣​ជាប់ៗ​គ្នា​។

​រ៉ូ​ណា​ល់​ដូ​ធ្លាប់​លេង​ប៉ះ​ជាមួយ Man Utd ២​ដង ចាប់តាំងពី​ចាកចេញ​ទៅ​ក្លិប Real Madrid ក្នុង​ឆ្នាំ ២០០៩​។ រ៉ូ​ណា​ល់​ដូ​ស៊ុត​ចូល​២​គ្រាប់​ក្នុងការ​ប្រកួត​ទៅ​វិញ​ទៅមក​ដូរ​ទឹកដី​គ្នា​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ក្នុង CL ឆ្នាំ ២០១២-១៣៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​នឹង​ត្រឡប់​ទៅ​ទឹកដី Old Trafford វិញ​នៅពេល Juventus សួរសុខទុក្ខ Man Utd នៅ CL
គ្រូបង្វឹក Real Madrid លោក ជូ​លិ​ន ឡូ​ប៉េ​តេ​ហ្គី ប្រហែលជា​រក្សា​កៅអី​មិនបាន​យូរ​ទេ ទោះបី​ឈ្នះ Plzen ក៏ដោយ