សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​ផ្តល់​អំណោយ​ជូន​គ្រួសារ​អ្នកកាសែត ដែល​ភរិយា​ពិការ​មួយ​ចំហៀង​ខ្លួន​

1042
ចែករម្លែក

​ដោយ : ​សាត​ចាន់​បុត្រ/មណ្ឌលគិរី ៖ ​រទេះរុញ​១​គ្រឿង ថវិកា ព្រមទាំង​ស្បៀងអាហារ​មួយចំនួន ត្រូវបាន​ប្រគល់ជូន​គ្រួសារ​មិត្ត​ជា​អ្នកកាសែត​ម្នាក់ ដែល​ភរិយា​ពិការ ក្រោយ​រង​នូវ​សំពាធ​នៃ​ជម្ងឺលើសឈាម​។​

​ការផ្តល់ជូន​នូវ​អំណោយ​ខាងលើ ធ្វើឡើង​ពី​សំណាក់​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី អនុសាខា​កាកបាទក្រហម​ស្រុក រួម​និង​ភ្នាក់ងារ​សារព័ត៌មាន​ផងដែរ​នា​ព្រឹក​ថ្ងៃទី​២២ ​តុលា ​ឆ្នាំ​២០១៨ ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​លោក​អាន សុ​ឃីម ប្រធាន​សាខា​កាកបាទក្រហម​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា សកម្មភាព​មនុស្សធម៌​នេះ គឺធ្វើឡើង​ក្រោយ​ពេលដែល​ទទួលដំណឹង​ភ្លាមៗ​ពី​អ្នកសារព័ត៌មាន ទាក់ទង​និង​ការលំបាក​របស់​គ្រួសារ​បងប្រុស​ស៊ិ​ន សុខលី​។​ នៅក្នុង​សកម្មភាព​នេះដែរ លោក​អភិបាលខេត្ត​មណ្ឌលគិរី ក៏បាន​ផ្តាំផ្ញើរ​សួរសុខទុក្ខ និង​ចូលរួម​ចែករំលែក​នូវ​អំណោយ​បន្តិច​ប​ន្ទួ​ច​។ ​តែបើ​ទោះបីជា​អំណោយ​នេះ​តិចតួច​ក្តី តែ​វា​ជាការ​ចូលរួម​ចំណែក​នូវ​សន្តាន​ចិត្ត​ពី​សំណាក់កាកបាទក្រហមកម្ពុជា ​ដែល​មិន​មើលរំលង​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នោះទេ​។​

​មិត្ត​អ្នកកាសែត​ម្នាក់ អំពាវនាវ​រក​សប្បុរ​សជន​ជួយ ខណៈ​ប្រពន្ធ​ពិការ​មួយ​ចំហៀង​ខ្លួន គ្មាន​លទ្ធភាព​ព្យាបាល​

​លោក​ស៊ិ​ន សុខលី ភ្នាក់ងារ​កាសែត​ “​ក្រុង​កម្ពុជា​” ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទ​ក្រហមកម្ពុជា​និង​មិត្ត​រួម​អាជីព ដែល​បាន​យកចិត្តទុកដាក់ ចូលរួមចំណែក​ផ្តល់​អំណោយ​ដល់​គ្រួសារ​លោក​នៅពេលនេះ​។

​លោ​កថា​ភរិយា​លោក​មានឈ្មោះ ​ហី​ម ស្រស់ អាយុ​៤៨ មានកូន​ក្នុងបន្ទុក​រហូតដល់​ទៅ​០៤​នាក់ កំពុង​យ៉ាប់យឺន​ខ្លាំង ក្រោយ​ពេលដែល​ភរិយា​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជាង​៣​ឆ្នាំ​ទៅហើយ ត្រូវ​ដេក​លើ​កន្ទេល ពុំ​អាច​កិល​ឬ​អង្គុយ​បាន តម្រូវឱ្យ​លោក​និង​កូនៗ​នៅ​បម្រើ​ទាំងយប់​ទាំង​ថ្ងៃ ពុំមាន​ពេលវេលា​គ្រប់គ្រាន់​រក​ទទួលទាន​និង​បំពេញ​អាជីព​ជា​អ្នកកាសែត​បាន​នោះទេ​។​ លោក​សុខលី ថា​សូម​បងប្អូន​ដែលមាន​សន្ដាន​ចិត្តល្អ សូម​បន្ត​ជួយ​គ្រួសារ​លោក​ផង ពិសេស​មិត្តៗ​និង​បងប្អូន​រួម​អាជីព​។​

​លោក ​អឿន ​វណ្ណៈ បានឲ្យដឹងថា​អំណោយ​ដែល​គ្រួសារ​មិត្ត​អ្នកកាសែត​ទទួលបាន​រួមមាន ​រទេះរុញ​ថ្មី​១​គ្រឿង​
អង្ករ២៥គីឡូក្រាម​, មី១​កេះ​, ទឹកត្រី៦​ដប ,​ទឹក​ស៊ី​អ៊ីវ៦​ដប​, មុង១ ,​ភួយ១, ក្រ​ម៉ា១ , សា​រ៉ុង១ និង ថវិកា ១០០,០០០ រៀល ( មួយរយ​ពាន់​រៀល​គត់ ) ​រួមទាំង​ថវិកា​សប្បុរសជន​ សរុប ៣០០,០០០ ៛(​បី​រយ​ពាន់​រៀល​គត់​)៕​B

 

ទីតាំងផ្សាយពាណិជ្ជកម្ម