ជនរងគ្រោះ​នៃ​ការចាប់​ពង្រត់​របស់​វៀ​ត​ណា​ម លោក​ត្រិ​ញ សួន​ថា​ញ់ បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​

1494
ចែករម្លែក
  • 10
    Shares

​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង​ម្នាក់ ដែល​អាល្លឺម៉ង់​ចោទ​វៀតណាម​ថា​បាន​ចាប់ពង្រត់ បន្ទាប់ពី​គាត់​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ទីក្រុង​បែរ​ឡាំង​នោះ បានបង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​វៀតណាម​។

​លោក​ត្រិ​ញ សួន​ថា​ញ់ និយាយថា គាត់​បានប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​វៀតណាម បន្ទាប់ពី​វិលត្រឡប់​ពី​អាល្លឺម៉ង់​វិញ​។

​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ បាន​និយាយថា គាត់​ត្រូវបាន​ចាប់ពង្រត់​ដោយរំលោភច្បាប់​អាល្លឺម៉ង់ និង​ច្បាប់​អន្តរជាតិ “​មិន​ធ្លាប់មាន​ពីមុន​”​។

​លោក​ថា​ញ់​ត្រូវបាន​ចោទប្រកាន់ថា​បង្ក​ការខាតបង់​ប្រាក់​ចំនួន ១៥០ លាន​ដុល្លារ​នៅ​ក្រុម​ប្រេង​រដ្ឋ PetroVietnam​។​

​លោក​ថា​ញ់​អាយុ​៥១​ឆ្នាំ​និយាយ​អំឡុង​ការ​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​វៀតណាម​ថា “​ខ្ញុំ​មិនបាន​គិត​វែងឆ្ងាយ រួច​ក៏​សម្រេចចិត្ត​លាក់ខ្លួន ហើយ​អំឡុង​ពេលនោះ​ខ្ញុំ​ដឹងខ្លួន​ថា ខ្ញុំ​ត្រូវតែ​ប្រឈមមុខ​នឹង​ការពិត ហើយ​…​សារភាព​កំហុស​របស់ខ្ញុំ និង សុំ​អភ័យទោស​”​។​

​ក្នុង​អ្វីដែល​ជាការ​សារភាព​ទោស​ដោយ​បង្ខំ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ៣១ កក្កដា​នោះ ទូរទស្សន៍​រដ្ឋ​បាន​ដកស្រង់​សម្តី​គាត់​ដោយ​និយាយថា “​ដោយសារ​ការភ័យខ្លាច ខ្ញុំ​បានសម្រេច​ចិត្ត​លាក់ខ្លួន​នៅ​អាល្លឺម៉ង់ កន្លែង​ដែល​ខ្ញុំ​រស់នៅក្នុង​ជីវិត​មិន​ទៀង និង​ខ្វល់ខ្វាយ​។ ខ្ញុំ​បាន​វិល​ត្រឡប់មក​វៀតណាម​វិញ ហើយ​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​ផ្នែក​ស៊ើបអង្កេត​”​។

​អាល្លឺម៉ង់​បាន​បញ្ជា​ឱ្យ​មន្ត្រី​ស៊ើបការណ៍​វៀត​ណា​ម្នាក់​ចាក​ចេញពី​អាល្លឺម៉ង់ និង​ទាមទារ​ថា លោក​ថា​ញ់​គួរតែ​អនុញ្ញាតឱ្យ​ត្រឡប់មក​អាល្លឺម៉ង់​វិញ​។

​មេធាវី​របស់លោក​ថា​ញ់ គឺ​លោកស្រី ប៉េ​ត្រា ស្កាល់​ជែ​ន​ហូ​ហ្វ បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​។​

​លោកស្រី​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ី​វៀតណាម​តាម​អ៊ីមែល​យ៉ាង​ដូច្នេះ “​នេះ​ជាការ​សារភាព​ទោស​ដោយ​បង្ខំ​…​គាត់​ត្រូវបាន​ចាប់ពង្រត់​។ យើង​ដឹង​រឿងនេះ ប៉ូលិស​អាល្លឺម៉ង់​ដឹង​រឿងនេះ រដ្ឋាភិបាល​អាល្លឺម៉ង់​ដឹង​រឿងនេះ​។ ខ្ញុំ​ព្រួយបារម្ភ​សុខភាព​អតិថិជន​ខ្ញុំ​។ គាត់​មើលទៅ​មិន​ស្រួល​ទេ​”​។

​គេ​មិន​ច្បាស់​ថា​តើ​លោ​កថា​ញ់​មាន​តំណាង​ច្បាប់​ក្នុង​វៀតណាម​ឬ​អត់​នោះទេ​។ ការកាត់ទោស​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍​ជា​រឿង​ធម្មតា​នៅ​វៀតណាម​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រិ​ញ សួន​ថា​ញ់ បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​វៀតណាម