ឃុំខ្លួន​អ្នក​ផលិត​ស្រា​ដែល​បង្ក​ឱ្យ​អ្នកពុល​ស្លាប់​៥​នាក់​និង​ឈឺ​ជិត​៨០​នាក់​នៅ​ស្រុក​សំបូរ

851
ចែករម្លែក
  • 122
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​តុលាការ​ខេត្តក្រចេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នក​ផលិត​ស្រា​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​”​មនុស្សឃាត​ដោយ​អ​ចេតនា​”​ដែល​បណ្តា​ឱ្យ​អ្នកពុល​ស្លាប់​៥​នាក់​និង​ធ្លាក់ខ្លួន​ឈឺ​ជិត​៨០​នាក់ នៅ​ស្រុក​សំបូរ​ខេត្តក្រចេះ​។

​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តក្រចេះ លោក អេង ចំនាប់ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នក​ផលិត​ស្រា​ម្នាក់ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ​ខេត្តក្រចេះ ដាក់ពន្ធនាគារ​ក្រោម​ចោទប្រកាន់​ពីបទ​”​មនុស្សឃាត​ដោយ​អ​ចេតនា​”​។​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់លោក​ចៅក្រម អេង ចំនាប់​នេះ​អ្នក​ផលិត​ស្រា​ដែល​ត្រូវ​ឃុំខ្លួន​នេះ ឈ្មោះ កុ​ច សុខ​ហេង អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា ករណី​ពុល​ស្រ​.​ស នៅតាម​ឃុំ​មួយចំនួន ក្នុងស្រុក​សំបូរ ខេត្តក្រចេះ បាន​បណ្តាល​ឲ្យ​ស្លាប់​៥​នាក់ ។​ក្នុងនោះ​មាន​ស្រី​ម្នាក់ ខណៈ​ប្រជាពលរដ្ឋ​ដែល​ធ្លាក់ខ្លួន​ឈឺ បាន​កើនឡើង​រហូតដល់​៧៨​នាក់​។​

​លោក​បាន​បន្តថា​ការកើនឡើង​នេះ​ដោយសារ​ក្រុមមន្ត្រី​ជំនាញ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​បាន​ចុះ​ដល់​មូលដ្ឋាន​រកឃើញ​អ្នកពុល​ស្រា នៅក្នុង​ភូមិ​ថ្មី​បី​ទៀត​ឈ្មោះ​ភូមិ​ដក​ព័រ ឧបសម្ព័ន្ធ​ភូមិ​ជើង​ពាត ឃុំ​កោះ​ខ្ញែរ ភូមិ​កោះ​រៀល​ឃុំ​សំបូរ​និង​ភូមិ​កំពង់​រទេះ​ឃុំ​បឹង​ចារ​ស្រុក​សំបូរ​ដែលជា​ទីតាំង​ជិត​ភូមិ​កើតហេតុ​ចាស់​។​បាន​បញ្ជូន​ពួកគាត់​បន្ថែមទៀត​ទៅ​មន្ទីរពេទ្យ​ខេត្ត​។​ក្រុមមន្ត្រី​ជំនាញ​បាន​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ផឹក​ស្រាស​ជា​បណ្តោះអាសន្ន ហាម​ការលក់ និង​ចែកចាយ និង​បិទ​ទីតាំង​ផលិត​ស្រាស​។​

​ពាក់ព័ន្ធ​ករណីនេះ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​បាន​សំណូមពរ​ដល់​មន្ទីរ​ពា​ក់​ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ការផលិត​ការចែក​ចាយ​ការលក់​ស្រាស​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​ប្រជាពលរដ្ឋ​។​ចំពោះ​ប្រជាពលរដ្ឋ​ក៏ត្រូវ​ទិញ​ស្រាស​ដែលមាន​ប្រភព​ច្បាស់លាស់ ផលិត​ស្រាស​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

​សូមបញ្ជាក់ថា ករណី​ពុល​នេះ​បាន​កើតឡើង​ទៅលើ​ប្រជា​ពល​ដ្ឋ​រស់នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ដោយ​ពួកគាត់​បាន​ច្រូតស្រូវ​រួច ហើយ​បាននាំគ្នា​ផឹក​ស្រាស​កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨៕S/

ឃុំខ្លួន​អ្នក​ផលិត​ស្រា​ដែល​បង្ក​ឱ្យ​អ្នកពុល​ស្លាប់​៥​នាក់​និង​ឈឺ​ជិត​៨០​នាក់​នៅ​ស្រុក​សំបូរ


ទីតាំងផ្សាយពាណិជ្ជកម្ម