​តុលាការ​ឃុំខ្លួន​បុរស​បួន​នាក់​ដែល​ឆបោក​ប្រា​ក់ជាង​៥០០​លាន​រៀល​

782
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពី​ប្រជា​សហគមន៍​ក្រីក្រ​ចំនួន​ជាង​៥០០​លាន​រៀល​បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​មុន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​គឺធ្វើឡើង​តាមរយៈ​ដើមបណ្តឹង​៦​នាក់​បាន​ប្តឹង​ប្រធាន អនុប្រធាន លេខាធិការ ហិ​រ​ញ្ញិ​ក បេឡា និង​សមាជិក​ក្រុមប្រឹក្សាភិបាល «​សហគមន៍​កសិកម្ម​ស​ម្បូ​រ​ផល​ប្ញ​ស្សី​សាញ់​» ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ចូលទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ។​

​ក្នុង​ខ្លឹមសារ​បណ្តឹង ដែល​ប្តឹង​ដោយ​លោក ឌុន វិបុល មេធាវី​តំណាង​ពលរដ្ឋ​រងគ្រោះ​ទាំង​៦​នាក់ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៣ ឈ្មោះ អុង ទូច និង​សមាជិក​ក្រុមប្រឹក្សា​ឈ្មោះថា «​សហគមន៍​កសិកម្ម​ស​ម្បូ​រ​ផល​ប្ញ​ស្សី​សាញ់​» មានឈ្មោះ អ៊ុង សាម​ន់​, អ៊ុង យ៉ា​ត​, ហ៊ឹម ហ៊ត់​, គុជ កើត​, និង​ឈ្មោះ គឹម ណាយ ។

បាន​លួងលោម​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៦​នាក់ មានឈ្មោះ យិន សុខា​, ហ៊ឹង ផល​, យឹម ធឿន​, រិត ស្រី​តូច​, ខ្លូត ចាន់​ថុ​ន​, និង ហ៊ាន ចិត្ត មាន​ទី​លំ​ភូមិ​ទួល​ជ្រៃ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ឲ្យ​យកប្រាក់​ទៅ​ដាក់​សហគមន៍​របស់​ពួកគេ ដើម្បី​សន្សំ​ប្រាក់​ហើយ​អះអាងថា សហគមន៍​នេះ​មានច្បាប់​ត្រឹមត្រូវ ហើយ​ហ៊ាន​ឱ្យ​ការប្រាក់​២០​ភាគរយ​ក្នុង​មួយខែ​។ បើទោះជា​គ្មាន​ឯកសារ ក៏​អាច​ចូល​ជា​សមាជិក​សហគមន៍​នេះ​បានដែរ និង​បើ​ចង់​ដក​ប្រាក់​វិញ​ពេលណា​ក៏បាន​។​

ក្នុង​បណ្តឹង​ដដែល​បាន​បញ្ជាក់ថា ក្រោយពេល​ដាក់​ដំបូងៗ​ឃើញថា បានការ​ប្រាក់​មែន ក៏​នាំគ្នា​យកលុយ​បាន​ពី​លក់​គោ លក់​ស្រូវ លក់​ដីធ្លី និង​លុយ​ផ្សេងៗ​ទៀត ទៅ​សម្រុក​ដាក់​ក្នុង​សហគមន៍ ជា​បន្តបន្ទាប់​។​រហូតដល់​ឆ្នាំ​២០១៥ ចំនួន​លុយ​បាន​កើន​ដល់​សរុប ៥០៣,៧៦៣,៦០០​រៀល និង​ជា​ឆ្នាំ​ដែល​កើត​បញ្ហា​ឡើង ពោលគឺ​ពេល​ទៅ​ដក​ប្រាក់​លែង​បាន ដោយ​លោក អុង ទូច ប្រាប់ថា ដក​មិនបាន​ព្រោះ​សមាជិក​មួយចំនួន​ខ្ចី​មិន​យកមក​សង​។​

​ដោយបាន​ដឹងថា នេះ​ជា​អំពើ​បោកប្រាស់ ទើប​ពួកគាត់​បានសម្រេច​ដាក់ពាក្យ​បណ្តឹង នៅ​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង រហូតដល់​ក្រសួងមហាផ្ទៃ​។ ក្រុម​ជនសង្ស័យ ត្រូវបាន​ចាប់​ឃាត់ខ្លួន​បាន​៤​នាក់ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ដោយ​នគ​បាល​ព្រហ្ម​ទ​ណ្ធ​ក្រ​សូង​មហាផ្ទៃ និង​បាន​បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​ចំណែក​បក្សពួក​ផ្សេងទៀត​បាន​គេចខ្លួនបាត់​អស់​៕S/​

​តុលាការ​ឃុំខ្លួន​បុរស​បួន​នាក់​ដែល​ឆបោក​ប្រា​ក់ជាង​៥០០​លាន​រៀល​

ទីតាំងផ្សាយពាណិជ្ជកម្ម