​ពលរដ្ឋ​ដាក់សំណើរ​ពីរ​ចំណុច​ទៅ​អាជ្ញាធរ​រឿង​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​

1053
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ប្រជាពលរដ្ឋ​បានធ្វើ​សំណើរ​ពីរ​ចំណុច​ទៅ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ដើម្បី​ជួយ​ដោះស្រាយ​ជាបន្ទាន់ ករណី​រឿង​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ធ្វើឡើង​ក្នុង​វេទិការ​សាធារណៈ​មួយ​​ដែល​បាន​ប្រារព្វ​ធ្វើ​នៅឯ​សាលាស្រុក​បរិបូរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ។​

​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​មក​រស់នៅ​លើគោក​បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ជួយ​រៀបចំ​ទីកន្លែង​ថ្មី​ដែល​ពួកគាត់​ត្រូវ​ទៅ​រស់នៅ​ឱ្យបាន​ត្រឹមត្រូវ​ជាពិសេស​ប្រព័ន្ធ​ទឹកស្អាត​ភ្លើងអគ្គិសនី​និង​ផ្លូវ​។​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​អាជ្ញាធរ​ដេញ​ពួកគាត់​ចេញពី​ក្នុង​ទឹក​។​ប៉ុន្តែ​ឱ្យ​គាត់​មក​រស់នៅ​លើដី​លិច​ទឹក​ដដែល​(​ដី​តំបន់​២​ដី​តំបន់​៣)​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ឡើយ​។​

​រីឯ​ប្រជាពលរដ្ឋ​មួយក្រុម​ទៀត​ដែល​រស់នៅ​តំបន់​ខាងលើ​បាន​សំណូមពរ​ដល់​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផងដែរ​ឱ្យជួយ​មាន​វិធានការ​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ធ្វើ​បំលាស់​ទី​មក​រស់នៅ​លើដី​របស់គាត់ អាស្រ័យ​ផល​ជា​រៀងរាល់ឆ្នាំ (​ខែវស្សា​ទឹក​លិច​ខែប្រាំង​ទឹក​ស្រក​អស់​ដាំ​ដំណាំ​) ។​

​នៅក្នុង​វេទិការ​នេះ​លោក​ឃួន​សៅ​រុំ​អភិបាលស្រុក​បរិបូរណ៍​បាន​មានប្រសាសន៍ថា​ដី​នេះ​ស្ថិតក្នុង​តំបន់​២​និង​តំបន់​៣ តាមច្បាប់​មិនអាច​ផ្តល់​ជា​កម្មសិទ្ធិ​បានទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ផល​បាន​។ ដី​ទាំងនេះ​មួយចំនួន​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​យូរ​ឆ្នាំ​ហើយ​និង​មួយចំនួនទៀត​ប្រជាពលរដ្ឋ​ទើបតែ​ធ្វើការ​ឈូសឆាយ​កាលពី​ប្រាំ​មិញ​ទេ​។​ពាក់ព័ន្ធ​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ​លោក​អភិបាលស្រុក​មិនមាន​ដំណោះស្រាយ​ឡើយ​។​

​លោក​ហ៊ី​ណាត​អភិបាលរង​ខេត្តកំពង់ឆ្នាំង​និង​លោកស្រី​ដោក​សុទ្ធា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិការ​នេះ​ក៏​មិនបាន​ឆ្លើយតប​ទៅ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះដែរ​ដោយ​លោក​អភិបាលរង​ខេត្ត​និង​លោកស្រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និយាយ​ពង្វាង​ទៅ​រឿង​ផ្សេង​។​

​យោងតាម​ផែនការ​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​កាល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ត្រូវធ្វើ​បំឡាស់​ទី​ឡើងមក​រស់នៅ​គោក​វិញ​។​​ការធ្វើ​បំឡាស់​ទី​ផ្ទះទឹក​ឡើងគោក​នេះ ត្រូវបាន​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ធ្វើការ​ជូនដំណឹង និង ចាប់​អនុវត្ត​តាំងពី​ឆ្នាំ​២០១៥​មក​ម្លេះ​ដែល​មកដល់នឹង​ពេលនេះ​នៅ​មិនទាន់​បានសម្រេច​តាម​ផែនការ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា មាន​ប្រជាពលរដ្ឋ​ចំនួន​២.៣៩៧​គ្រួសារ​កំពុង​រស់នៅ​តាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។ ដូចជា​នៅ​តំបន់​ចុង​កោះ​ស្ថិតក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌​និង​មាន​នៅតាម​តំបន់​ផ្សេងៗ​មួយចំនួនទៀត​ផងដែ​រ​ក្នុង​គេ​សង្កេតឃើញ​មាន​ជនជាតិ​វៀតណាម​ច្រើនជាងគេ​៕S/​

​ពលរដ្ឋ​ដាក់សំណើរ​ពីរ​ចំណុច​ទៅ​អាជ្ញាធរ​រឿង​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម