ស្រីលង្កា​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​កីឡា​គ្រី​ឃី​ត​ពីបទ​ក្លែងបន្លំ​ប្រាក់​ចំនួន ៥,៥ លាន​ដុល្លារ​

912
ចែករម្លែក

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ប៉ូលិស​ស្រីលង្កា​បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​កីឡា​គ្រី​ឃី​តម្នាក់កាល​ពីថ្ងៃ​ចន្ទ​ទី​២២​តុលា​ពីបទ​ក្លែងបន្លំ​ប្រាក់​ចំនួន ៥,៥ លាន​ដុល្លារ ដោយ​ពាក់ព័ន្ធ​នឹង​ការលក់​សិទ្ធិ​ទូរទស្សន៍​សម្រាប់​ដំណើរ​ទស្សនកិច្ច​កំពុង​ធ្វើឡើង​របស់​ក្រុម​អង់គ្លេស​មកកាន់​ប្រទេស​កោះ​នេះ​។​

​លោក រូ​វ៉ាន់ ហ្គូ​ណា​សេ​កេ​រ៉ា បាន​និយាយថា ប្រធាន​ហិរញ្ញវត្ថុ​នៅ​សហព័ន្ធ​កីឡា​គ្រី​ឃី​ត​ស្រីលង្កា (SLC) លោក ណាន​ឌី​កា ឌី​ស​សា​ណា​យ៉ា​កេ ត្រូវបាន​ឃុំខ្លួន​ក្នុងនាម​ជា​ជនសង្ស័យ​សំខាន់​នៅ​ក្នុងការ​ក្លែងបន្លំ​លុយ​ពី​ធនាគារ បន្ទាប់ពី​ក្រុមប្រឹក្សាភិបាល​កីឡា​គ្រី​ឃី​ត​បានដាក់​ពាក្យបណ្តឹង​កាលពី​២​សប្តាហ៍​មុន​។​

​លោក​បាន​និយាយថា លោក​ឌី​ស​សា​ណា​យ៉ា​កេ​បាន​លួច​ដកយក​ទឹកប្រាក់​ចំនួន ១៨៣.០០០ ដុល្លារ​រួចទៅហើយ​ដែល​ផ្ទេរ​ពី​ក្រុមហ៊ុន Sony TV មក សហព័ន្ធ SLC សម្រាប់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​ខាងត្បូង​ដែល​ទើប​បញ្ចប់​នាពេល​ថ្មីៗ​នេះ​។​

​បន្ទាប់មក លោក​ឌី​ស​សា​ណា​យ៉ា​កេ​បាន​ព្យាយាម​លួច​លុយ ៥,៥ លាន​ដុល្លារ​ផ្សេងទៀត​ដែល​ផ្ញើ​មកឱ្យ​សហព័ន្ធ SLC ពី​ការលក់​សិទ្ធិ​ទូរទស្សន៍​សម្រាប់​ដំណើរ​សួរសុខទុក្ខ​ពី​ក្រុម​ភ្ញៀវ​អង់គ្លេស​នាពេល​បច្ចុប្បន្ន នៅពេល​គាត់​ត្រូវបាន​គេ​ចាប់កំហុស​បាន​។​

​លោក​ហ្គូ​ណា​សេ​កេ​រ៉ា​បាន​និយាយថា “​យើង​នឹង​ចាប់ខ្លួន​ជនសង្ស័យ​ឡើងទៅ​តុលាការ​នៅ​ថ្ងៃស្អែក និង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​”​។​

​បច្ចុប្បន្ន​ក្រុមប្រឹក្សាភិបាល​កីឡា​គ្រី​ឃី​ត​កំពុង​ធ្វើ​សវនកម្ម​គណនី​របស់​ខ្លួន បន្ទាប់ពី​ការរកឃើញ​ការលួចបន្លំ​លុយ​នេះ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ក្រុមកីឡា​គ្រី​ឃី​ត​អង់គ្លេស​នឹង​បន្ត​រហូតដល់​ថ្ងៃទី ២៧ វិច្ឆិកា​៕ ដោយ៖ កញ្ញាដាលីស

ក្រុមកីឡា​គ្រី​ឃី​ត​អង់គ្លេស​បច្ចុប្បន្នកំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ស្រីលង្កា

ទីតាំងផ្សាយពាណិជ្ជកម្ម