ចិន​សម្ពោធ​ដាក់​ដំណើរការ​ស្ពាន​កាត់​សមុទ្រ​វែង​បំផុត​ដែល​ភ្ជាប់​ហុងកុង​ទៅ​ម៉ា​កាវ​និង​មហា​ចិនដីគោក​

3309
ចែករម្លែក

ប្រធានាធិបតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃអង្គារទី២៣តុលា បានប្រកាសដាក់ដំណើរការស្ពានកាត់សមុទ្រវែងបំផុតក្នុងលោកដែលភ្ជាប់ក្រុងហុងកុង ម៉ាកាវនិងមហាចិនដីគោក ចំពេលរដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមពង្រឹងការគ្រប់គ្រងលើបណ្តាទឹកដីពាក់កណ្តាលស្វយ័តរបស់ខ្លួន។

ការប្រកាសរបស់ស៊ីត្រូវបានធ្វើឡើងនៅពិធីមួយដែលក៏មានការចូលរួមពីមេដឹកនាំហុងកុងនិងម៉ាកាវ នៅចំណតកំពង់ផែថ្មីមួយនៅក្រុងហ្ស៊ូហាយនៃខេត្តក្វាងទុងនៃមហាចិនដីគោក។

ស៊ី បានមានប្រសាសន៍ថា« ខ្ញុំប្រកាសបើកដំណើរការស្ពាន ហុងកុង-ហ្ស៊ូហាយ-ម៉ាកាវ ជាផ្លូវការ»និងបានចាកចេញពីវេទិកាភ្លាម ដោយមិនបានថ្លែងសុន្ទរកថាទៅកាន់ហ្វូងមនុស្សទេ។

ផ្លូវឆ្លងកាត់ប្រវែង៥៥គីឡូម៉ែត្រ ដែលរួមមានផ្លូវលើទឹកលូនដូចពស់និងរូងក្រោមសមុទ្រ ភ្ជាប់កោះឡាន់តាវរបស់ហុងកុងទៅកាន់ក្រុងហ្ស៊ូហាយ និងទីក្រុងល្បែងម៉ាកាវ។

វាជាគំរោងរចនាសម្ពន្ធធំទី២ដែលភ្ជាប់ហុងកុងទៅមហាចិនដីគោកដែលត្រូវបានសម្ពោធដាក់ដំណើរការនៅប៉ុន្មានសប្តាហ៍នេះ ។កាលពីខែមុន ផ្លូវរថភ្លើងល្បឿនលឿនពីចិនទៅហុងកុងក៏បានដាក់អោយដំណើរការ។

ផ្លូវឆ្លងកាត់ប្រវែង៥៥គីឡូម៉ែត្រ ដែលរួមមានស្ពានលើសមុទ្រនិងផ្លូវក្រោមសមុទ្រ ត្រូវបានប្រកាសដាក់ដំណើរការកាលពីថ្ងៃអង្គារ តែបើកសំរាប់សាធារណជនចាប់ពីថ្ងៃពុធទី២៤តុលា។

ចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៩ ស្ពាននេះចំណាយប្រមាណ២០.០០០លានដុល្លារ។វានឹងកាត់បន្ថយពេលធ្វើដំណើរពីរាប់ម៉ោងមកត្រឹមតែ៣០នាទី៕ដោយ៖វាសនា

 

ទីតាំងផ្សាយពាណិជ្ជកម្ម