ឃីម បូរ៉ា និង សុខ សា​វិ​ន ក្នុងការ​ប្រកួត​វិលជុំ​ចុងក្រោយ​

1204
ចែករម្លែក
  • 8
    Shares

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​២៧​តុលា​នេះ ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ អ្នក​ប្រដាល់​កម្ពុជា ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្តា​យ​មានជ័យ និង សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​ឈាន ដល់​ការប្រកួត​វិលជុំ​ចុងក្រោយ​ហើយ​។​

​សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ទាំង​២​រូបនេះ មាន​ក្ដីសង្ឃឹម​តិចតួច​ណាស់ ឬ​អាច​ថា គ្មាន​សង្ឃឹម​តែម្ដង​ក្នុងការ​ប្រជែង​យក​កៅអី​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ ដែលមាន​រង្វាន់​អម​ចំនួន​៥.០០០​ដុល្លារ​ណាស់​។ ប្រសិនបើ​ពួកគេ​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ដូចគ្នា ក៏ត្រូវ​ចាំ​អ៊ុត​ជាមួយ​អ្នក​ប្រដាល់ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក​ដែរ ដែល​៣​ប្រកួត​របស់គេ​ឈ្នះ​ទាំង​៣​ប្រកួត​នោះ​។​

​ក្នុងការ​ប្រកួត​ចុងក្រោយ​នេះ បូរ៉ា ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ផាត ថា​ណា (Phat Thana) ដែល​៣​ប្រកួត​របស់គេ​ឈ្នះ​២​ប្រកួត​ចាញ់​មួយ​ប្រកួត​ដូច បូរ៉ា ដែរ​។ មួយ​ប្រកួត​ដែល បូរ៉ា ចាញ់ គឺ​ត្រូវ​អ្នក​ប្រដាល់​ថៃ ផាត ងិន​ថង វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២ ឯ​មួយ​ប្រកួត​ដែល ផាត ថា​ណា ចាញ់​គឺ​ចាញ់​ពិន្ទុ សូត្រ ប៊ុន​ធី​។​

​នេះ​ជាការ​ប្រកួត​ដ៏​តឹងតែង​មួយ​របស់ បូរ៉ា​។ បូរ៉ា មាន​ប្រវត្តិ​ប្រកួត​ចំនួន​១១១​ដង ឈ្នះ​៨០​ដង ចាញ់​២៩​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ចំពោះ ផាត ថា​ណា វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៥២​ដង និង​ចាញ់​៨​ដង​។ ក្នុង​ពូ​ល​ថៃ​អ្នក​ប្រដាល់ ផាត ថា​ណា មាន​ពិន្ទុ​នៅ​ពីលើ​គេ​តែម្ដង​។ បូរ៉ា អាច​យកឈ្នះ​លើ ផាត ថា​ណា បាន​ឬទេ​?

​ចំពោះ សុខ សា​វិ​ន វិញ​គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ងិន​ថង (Phat Ngenthong) ដែលជា​អ្នក​ប្រដាល់​ដ៏​ខ្លាំង​មួយរូប​។​

​សា​វិ​ន ៣​ប្រកួត​របស់គេ​ឈ្នះ​២​ប្រកួត និង​ចាញ់​១ ប្រកួត​។ ចំពោះ​ផាត ងិន​ថង​៣​ប្រកួត​របស់គេ​ឈ្នះ​បាន ១​ប្រកួត និង​ចាញ់​២​ប្រកួត​ឯណោះ​។ សា​វិ​ន បើ​ការប្រកួត​នេះ​គេ​ចាញ់​នោះ គឺ​គេ​លែងមាន​កៅអី ដើម្បី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​តែបើ​ឈ្នះ​ក៏​នៅ​រង់ចាំ​អ៊ុត​មើល សូត្រ ប៊ុន​ធី ដែរ​។ ចំពោះ ផាត ងិន​ថង ឱកាស​លែងមាន​ហើយ​ការប្រកួត​នេះ គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ​។​

​សា​វិ​ន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​ដង ឈ្នះ​៦៩​ដង ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ ៥​ដង​។ ចំពោះ ផាត ងិន​ថង វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​ដង ឈ្នះ​៦៩​ដង និង​ចាញ់​១៣​ដង​។ ឱកាស​ចុង​ក្រោយនេះ សា​វិ​ន ឬ ផាត ងិន​ថង​?៕

ទីតាំងផ្សាយពាណិជ្ជកម្ម