អង្គការ​ណា​តូ​នឹង​បង្ហាញ​សាច់ដុំ​នៅក្នុង​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ន័​រ​វែ​ស​

978
ចែករម្លែក
  • 33
    Shares

​ទាហាន​ប្រហែល ៥០.០០០ នាក់​នឹង​ចាប់ផ្តើម​សមយុទ្ធ​យោធា​ធំ​បំផុត​របស់​អង្គការ​ណា​តូ​ចាប់តាំងពី​សង្គ្រាមត្រជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ ខែតុលា នៅ​ន័​រ​វែ​ស ដែលជា​ការបង្ហាញ​កម្លាំង​ដ៏​ធំ​មួយ​នៅ​កៀក​នឹង​ប្រទេសជិតខាង រុស្ស៊ី តែម្តង​។​

​សមយុទ្ធ​ឈ្មោះ Trident Juncture 18 ដែល​នឹង​ដំណើរការ​រហូតដល់​ថ្ងៃទី ៧ ខែវិច្ឆិកា គឺ​សំដៅ​បណ្តុះបណ្តាល​សម្ព័ន្ធមិត្ត​ដើម្បី​ប្រមូលផ្តុំ​គ្នា​បាន​យ៉ាង​រហ័ស​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​មួយទៀត ដែល​ស្ថិតក្រោម​ការវាយប្រហារ​។​

​ប្រមុខ​ទីបញ្ជាការ​កងកម្លាំង​រួម​របស់​សម្ព័ន្ធមិត្ត​ណា​តូ​គឺ​ឧ​ត្ត​មនា​វី​ទោ​របស់​កងទ័ពជើងទឹក​អាមេរិក លោក ជែ​ម​ស៍ ហ្វុ​ក​ហ្គោ បាន​និយាយថា សមយុទ្ធ​នេះ​មានបំណង “​បង្ហាញថា​ណា​តូ​មាន​សមត្ថភាព​ការពារ​ប្រឆាំងនឹង​រាល់​សត្រូវ​ទាំងឡាយ មិនមែន​សំដៅលើ​ប្រទេស​ជាក់លាក់​ណាមួយ​ទេ គឺ​រាល់​ប្រទេស​ទាំងអស់​តែម្តង​”​។​

​រុស្ស៊ី​ដែល​ទើប​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​កាលពី​ខែកញ្ញា​នៅ​ចុង​បូព៌ា មិនត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ជា​ផ្លូវការ​ថា​ជាស​ត្រូវ​គោលដៅ​នោះទេ ប៉ុន្តែ​ប្រទេស​នេះ​បាន​ស្ថិតនៅក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់គ្នា​រួចទៅហើយ បន្ទាប់ពី​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ឆ្នាំ ២០១៤​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ន័​រវេ​សលោក ហ្វ្រែ​ង បា​កកេ​-​ជែ​ន​សិន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​រុស្ស៊ី​មិនមែន​តំណាងឱ្យ​ការគំរាមកំហែង​ផ្នែក​យោធា​ដោយផ្ទាល់​ដល់​ន័​រ​វែ​ស​នោះទេ​។ ប៉ុន្តែ​ក្នុង​ស្ថានការណ៍​សន្តិសុខភាព​ស្មុគស្មាញ​ដូចដែល​យើង​ឃើញ​នាពេល​បច្ចុប្បន្ន​… ឧបទ្ទវហេតុ​នៅ​កន្លែង​ផ្សេង​អាចធ្វើឱ្យ​កើនឡើង​ភាព​តានតឹង​នៅ​ភាគ​ខាងជើង ហើយ​យើង​ចង់ឱ្យ​សម្ព័ន្ធមិត្ត​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បញ្ចៀស​ឧបទ្ទវហេតុ​អ​កុស​ល្យ​ណាមួយ​”​។​

​ការធ្វើ​សមយុទ្ធ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តង​ទៀតថា សមាជិក​ណា​តូ​ផ្សេងទៀត​មិនបាន​រួមវិភាគទាន​គ្រប់គ្រាន់​ដល់​អង្គការ​ណា​តូ​ចំណាស់ ៦៩ ឆ្នាំ ទោះបីជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជី​ម ម៉ា​តទី​ស បាន​ធានា​ដល់​សម្ព័ន្ធមិត្ត​អំពី​ការប្តេជ្ញាចិត្ត “​រឹង​ដូច​កណ្តាប់ដៃ​ដែក​” របស់​អាមេរិក​កាលពី​ដើមខែ​នេះ​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​ប្រហែល ៥០.០០០ នាក់​នឹង​ចាប់ផ្តើម​សមយុទ្ធ​យោធា​ធំ​បំផុត​របស់​អង្គការ​ណា​តូ​ចាប់តាំងពី​សង្គ្រាមត្រជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ ខែតុលា​រហូតដល់​ថ្ងៃទី ៧ វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម