មន្ត្រី​សុខាភិបាលៈ កម្ពុ​មាន​អ្នកឯកទេស​ខាង​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា​ច្រើនជាង​មុន​

1659
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ជាន សុផល ប្រធាន​ផ្នែក F ជំងឺ​លោហិត​សាស្ត្រ នៃ មន្ទី​ពេទ្យ​កុមារ​ជាតិ បាន​មានប្រសាសន៍ថា  បច្ចុប្បន្ន កម្ពុជា មាន​អ្នកជំនាញ​ខាង​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ឬ ជំងឺ​ឈាម​ក្រ​កក ទាំង​វេជ្ជបណ្ឌិត ទាំង​គិ​លា​នុប​ឋ​យិ​កា ច្រើន​គួរសម ពោលគឺ​មិនសូវ​ជា​បារម្ភ​អំពី​ធនធានមនុស្ស​ទៀតឡើយ ហើយ​ក៏មាន​មន្ទីរពេទ្យ​ជំនាញ​ធ្វើ​រោគវិនិច្ឆ័យ យ៉ាង​ណាស់​ក៏មាន ៣ ទីតាំង​ដែរ គឺ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ , មន្ទីរពេទ្យ​កុមារ​ជាតិ និង មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​វឌ្ឍនភាព​ទាំងនេះ គឺជា​ក្តីសង្ឃឹម​សម្រាប់​អ្នកជំងឺ និង គ្រួសារ​អ្នកជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា នៅ​កម្ពុជា  ។

លោក​វេជ្ជបណ្ឌិត សាស្ត្រាចារ្យ ជាន សុផល ( ស្តាំ​)​ពេល​ចូលរួម​ក្នុង​មហា​ស្និ​បាត្រ​សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា​កម្ពុជា ( រូបៈ មេសា )

​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ ជាន សុផល មាន​ប្រា​សន៍​ប្រកបដោយ​សុទ្ធិ​ដ្ឋិ​ន​យម​បែប​នោះ នាឱកាស​អញ្ជើញ​ចូលក្នុង​សន្និសីទ​សារព័ត៌មាន ម​ហាស​ន្និ​បាត្រ​លើក​ទី ៣ របស់​សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វី​លា កម្ពុជា នៅឯ​ភោជនីយដ្ឋាន អូ​គី​ដេ នា​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៨ ។​

​សូមជម្រាបថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ កម្ពុជា មាន​អ្នកឯកទេស​ខាង​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ឬ ជំងឺ​ឈាម​ក្រ​កក នេះ តែ ២ នាក់​ប៉ុណ្ណោះ ក្នុងនោះ ម្នាក់​ប្រចាំការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង រាជធានី​ភ្នំពេញ និង ម្នាក់ទៀត ប្រចាំការ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត សៀមរាប ។​

​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ឬ ជំងឺ​ឈាម​ក្រ​កក គឺជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ ហើយ​កាច ឬ គ្រោះថ្នាក់​ខ្លាំង រីឯ​ការព្យាបាល​ក៏មាន​តម្លៃ​ខ្ពស់ គឺអាច​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ​ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ម្នាក់ ហើយ​ត្រូវ​ព្យាបាល​អស់​មួយជីវិត ។​
​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ឬ ជំងឺ​ឈាម​ក្រ​កក គឺជា​ជំងឺ​ពី​កំណើត ៣០ ភាគរយ ចំណែក ៧០ រយ​ទៀត គឺជា​ជំងឺតពូជ គឺ​ត​ពី​ម្តាយ​ទៅ​កូន ហើយ​ភាគច្រើនបំផុត គឺជា​កូនប្រុស ចំណែក​កូនស្រី គ្រាន់តែ​ជា​អ្នក​ផ្ទុក​បន្ត ។ ជំងឺ​នេះ​ធ្វើឱ្យ​រាងកាយ​របស់​អ្នកជំងឺ ហើម ជាំ បង្កឱ្យមាន​ការហូរ​ឈាម​នៅតាម​សន្លាក់ អ្នកជំងឺ​ឈឺចាប់​ខ្លាំង​ប​ផុតពេល​ប៉ះទង្គិច​សរីរាង្គកាយ ហើយ​វា​អាច​បង្ក​ឱ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​ពិការ ឬ អាច​ស្លាប់បាត់​បង់ជីវិត​ភ្លាម ប្រសិនបើ​រក​ការជួយ​អន្តរាគមន៍​មិនទាន់​ពេល ។


​ទោះយ៉ាងណា លោក​វេជ្ជបណ្ឌិត ជាន សុផល បាន​លើកឡើងថា គេង​ជា​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សហាវ​នេះ​បាន ប្រសិនបើ​ស្ត្រី​ដែលមាន​ផ្ទុក​ជំងឺ​នេះ ទៅពិនិត្យ​ផ្ទៃពោះ​មិនឱ្យ​យឺត​ជាង ៣ ខែ កន្លះ ។

​នៅ​កម្ពុជា ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​អ្នក​កើត​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ឬ ជំងឺ​ឈាម​ក្រ​កក​នេះ​ប្រមាណ​ជា ៣.០០០ នាក់ ឬ អាច​លើស​នេះ ។ កម្ពុជា​មិនទាន់មាន​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ទៅលើ ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ឬ ជំងឺ​ឈាម​ក្រ​កក នេះ​នៅឡើយ ហើយ​កន្លងមក​អ្នកជំងឺ ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន និង ជំនួយ​ពី​សហព័ន្ធ​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា ពិភពលោក ក្រោម​កិច្ចសម្របសម្រួល​របស់​សមាគម​ហេ​ម៉ូ​ហ្វ៊ី​លា​កម្ពុជា និង ក្រសួងសុខាភិបាល ។​

​ប្រធាន​សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា កម្ពុជា លោក សែម សុខ​បញ្ញា បាន​លើកឡើងថា សមាគម​ខ្វះ​កិច្ចសហការ​ពី​គ្រួសារ​អ្នកជំងឺ ដែលមាន​លទ្ធភាព ។ ប្រធាន​ជិត​ផុត​អាណត្តិ​សែម សុខ​បញ្ញា ពន្យល់ថា កិច្ចសហការ​របស់​អ្នកជំងឺ និង គ្រួសារ​អ្នកជំងឺ​ជាមួយ​សមាគម ជួយ​ឱ្យ​សមាគម​មានលទ្ធភាព​អាចធ្វើ​ការ ដើម្បី នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​ដល់​អ្នកជំងឺ ៕ Kh

​លោក សែម សុស​បញ្ញា ប្រធាន​សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា​កម្ពុជា ដែល​នឹង​ផុត​អាណត្តិ​នាពេលនេះ ( រូបៈ​មេសា )
​អ្នកចូលរួម​ក្នុង​ក្នុង​ស​ន្និ​បាត្រ​របស់​សមាគម​ជំងឺ​ហេ​ម៉ូ​ហ្វ៊ី​លា​កម្ពុជា ( រូបៈ​មេសា )

 

ទីតាំងផ្សាយពាណិជ្ជកម្ម