រថយន្ត​ឃ្លប់​បត់​មិន​ប្រយ័ត្ន រថភ្លើង​បើក​កៀរ​ពីក្រោយ រង​ខូចខាត​ដំណំ​

844
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ឥ​វ៉ាន់​រោងចក្រ​មួយគ្រឿង អ្នកបើកបរ​ធ្វេសប្រហែស មិនបាន​មើល​ក្រោយ ខណៈដែលបម្រុង​បត់​ឆ្លងកាត់​ផ្លូវដែក​ចូល​រោងចក្រ ត្រូវបាន​រថភ្លើង​បើក​មកពី​ក្រោយ​កៀរ​បណ្តាល​ឲ្យ​រង​ខូចខាត ជញ្ជាំង​មួយ​ចំហៀង តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​មនុស្ស ។​

​ហេតុការណ៍​ខាង​លើ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅមុខ​រោងចក្រ​ស្បែកជើង ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​កូរ៉េ ម៉ាកហ៊ីយ៉ាន់​ដាយ ឃ្លប់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6254 ជា​រថយន្ត​ដឹក​ឥ​វ៉ាន់​រោងចក្រ​ស្បែកជើង​នៅ​ចំណុច​ខាងលើ ។ ចំណែក​រថភ្លើង ខ្សែ​VIP ដឹក​ភ្ញៀវ ចេញចូល​ព្រលានយន្តហោះ​ពោធិចិនតុង ។​

​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បាន​បើក​តាម​ផ្លូវលំ ស្រប​ផ្លូវដែក ពី​កើ​តទៅ​លិច ។ លុះ​ដល់​ចំណុចកើតហេតុ បាន​បត់​បំណង​ចូល​រោងចក្រ ទើបតែ​ទៅ​គៀក​នឹង​ផ្លូវដែក ស្រាប់តែ​រថភ្លើង​ខ្សែ​ខាងលើ បើក​ពី​កើ​តទៅ​លិច​ស្រប​ទិស ស៊ីផ្លេ​ផង ផ្លុំ​កញ្ចែ​ផង មកដល់​កៀរ​រថយន្ត​តែម្តង បណ្តាល​ឲ្យ​រយះ​ជញ្ជាំង​រថយន្ត​មួយ​ចំហៀង សំណាងល្អ​គ្មាន​អ្នករបួស ។​

​ក្រោយ​កើតហេតុ តំណាង​ក្រុមហ៊ុន​អាយ​ស្ម័​យាន​ឃាត់​រថយន្ត​ទុកជា​បណ្តោះអាសន្ន រង់ចាំ​សមត្ថកិច្ច​អាវុធហត្ថ រួមជាមួយ​តំណាង​ក្រុម​រថភ្លើង​មក​ដោះស្រាយ ។ ចំណែក​រថភ្លើង ក្រោយ​កើតហេតុ បន្តដំណើរ​ចូល​ព្រលាន​បាត់ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម