ប្រទះឃើញ​បុរស​ម្នាក់​ស្លាប់​ក្នុង​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក សមត្ថកិច្ច​បញ្ជាក់ថា​លង់ទឹក​ស្លាប់​

1389
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: សព​បុរស​ម្នាក់​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​អណ្តែត​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក ហើយ​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​ចុះ​ពិនិត្យ​។​ហេតុការណ៍​ប្រទះឃើញ​មនុស្ស​ស្លាប់​អណ្តែត​ទឹក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅត្រង់​ចំណុច​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​ស្លាប់​អណ្តែត​ទឹក​ស្ថិតនៅ​ក្នុងភូមិ​ឪឡោក ឃុំ​បាគង លោក​បាន​បញ្ជា​កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាគ​ង ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​លើ​សាកសព ។​

​លោក​វរសេនីយ៍ឯក មិន ចន្ថា បាន​បន្តថា សាកសព​មានឈ្មោះ ហ៊ុល គឹម​សាន្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង និង​នៅលើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វីដែល​ពាក់ព័ន្ធ​ទៅ នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​

​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា យោងតាម​ការបំភ្លឺ​រប​ស់​ម្តាយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា សាកសព​ដែល​ត្រូវជា​កូន​របស់គាត់ បាន​បាត់​តាំង​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​មក​ម្លេះ ដោយ​មិនដឹង​ទៅណា​ទេ ហើយ​កូន​គាត់​តែងតែ​ផឹកស្រា​ជាប្រចាំ និង មាន​រោគ​ស្ក​ន់​ជាន់ រយៈពេល​កន្លះ​ខែម្តង ឬ​១​ខែម្តង ជួនកាល​អត់​ទៀងទាត់ ហើយ​នៅពេល​ផឹក​ស្រវឹង​ខ្លាំង​អាច​ប្រកាច់​ផងដែរ​។​
​បើតាម​អ្នកជិតខាង​ម្នាក់​ឈ្មោះ ស៊ុយ សុខ​ឃី ភេទ​ស្រី អាយុ​៤១​ឆ្នាំ បាន​បំភ្លឺ​ផងដែរ​ថា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​១៩​យប់ ឈ្មោះ ហ៊ុល គឹម​សាន្ត បាន​ដើរទៅ​ផឹក​ផ្ទះ​គាត់​រហូតដល់​ម៉ោង​២០​និង​៣០​នាទី ទើប​ដើរមក​ផ្ទះ​វិញ​ម្នាក់ឯង ។​

​ក្រោយពី​ត្រួតពិនិត្យ និង​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែងកើតហេតុ​ឃើញថា មិនមាន​ពាក់ព័ន្ធ​និង​រឿង​ឃាតកម្ម​ទេ គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ហើយ​សាកសព​ជនរងគ្រោះ​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម