ស្រវឹងស្រា​ជោក​បើក​ម៉ូតូ​បុក​ស្លាក​ផ្សព្វផ្សាយ​ព័ត៌មាន​, ស្លាប់​ម្នាក់​របួស​ពីរ​នាក់​

987
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: យុវជន​បីនាក់ បាន​ស្រវឹងស្រា​ជោក​ខ្លួន​បើកបរ​ម៉ូតូ​មួយគ្រឿង ចេញពី​ហាង​មួយកន្លែង​យ៉ាង​លឿន នៅលើ​ផ្លូវបត់​ខាងមុខ​សាលាខេត្ត​កំពង់ចាម ក៏​ជ្រុល​ចង្កូត​ឡើង​ខឿន​ចិញ្ចើមផ្លូវ បាន​ទៅបុក​ស្លាក​តាំង​ផ្សព្វផ្សាយ​ព័ត៌មាន បណ្តាល​ស្លាប់​ម្នាក់ និង​របួស​ចំនួន ពីរ នាក់​នៅ​ពាក់​កណ្តាលយប់​ឈានចូល​ថ្ងៃទី ២៣ តុលា​នេះ​។​

ទិដ្ឋភាព​កន្លែង​គ្រោះថ្នាក់​ផឹកស្រា​ស្រវឹង​ជោក​ខ្លួន បើក​ម៉ូតូ​បុក​ស្លាក​ផ្សព្វផ្សាយ​ព័ត៌មាន​ខាងមុខ​សាលាខេត្ត​កំពង់ចាម ស្លាប់​ម្នាក់ និង​របួស​ពីរ​នាក់​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល ដែល​យាម​ប្រចាំការ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា ជនរងគ្រោះ​ជា​អ្នកស្លាប់​ឈ្មោះ ហូ រ៉ូ​នី អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​លើ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក់​ហុងដា សេ ១២៥ លេខ​សៀមរាប 1G-7727​។ ចំណែក​អ្នករបួសធ្ងន់​អង្គុយ​ក្រោយ​គេ​ឈ្មោះ សីហា អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម និង​ម្នាក់ទៀត​របួសស្រាល អង្គុយ​កណ្តាល​ឈ្មោះ ស៊ីម ភា​រិ​ទ្ធ អាយុ ១៧​ឆ្នាំ នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​ព្រៃឈរ​។​

​ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទាំងបី បាន​ផឹកស៊ី​នៅ​ហាង​មួយកន្លែង ក្នុង​ក្រុង​កំពង់​។ ក្រោយ​បញ្ចប់​ការផឹកស៊ី ហូ រ៉ូ​នី ជា​ម្ចាស់​ម៉ូតូ​បាន​បើក​ជូន​ឈ្មោះ ស៊ីម ភា​រិ​ទ្ធ ទៅផ្ទះ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ​នោះ​។ ប៉ុន្តែ​ពេលចេញ​ដំណើរ​ដល់​ផ្លូវ​កោង ក្បែរ​កន្លែងកើតហេតុ គឺ​អ្នកបើក​ម៉ូតូ​នៅតែ​រក្សា​ល្បឿន លឿន​ដដែល ក៏​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​អាក្រក់​នេះ​។​

​ប្រភព​ដដែល​បាន​បន្តថា នៅក្រោយ​គ្រោះថ្នាក់ សមត្ថកិច្ច​ជំនាញ​បញ្ជូន​អ្នករបួស​ទាំងពីរ​នាក់ ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​បានធ្វើ​កោសល្យ​ពិច័យ​សាកសព ហើយ​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម