សត្វព្រៃ​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ ត្រូវ​ព្រលែង​ពី​ទ្រុង ព្រោះ​វា​ងាប់​បន្តបន្ទាប់​

2425
ចែករម្លែក
  • 345
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រោយពី​បន្ថែម​សត្វព្រៃ​មួយចំនួនទៀត​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ​ឃុំ​និង​ស្រុក​ថ្មពួក​ដើម្បី​លើកកម្ពស់​និង​ជម្រុញ​អភិរក្ស អភិវឌ្ឍន៍​សត្វ​និង​ទេសចរណ៍​រួចមក សត្វព្រៃ​មួយចំនួន​បាន​ឈឺ ហើយ​ងាប់​ជា​បន្តបន្ទាប់​។​

​លោក ដុំ ឈាង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្មពួក ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៨ ថា សត្វព្រៃ​ទាំងចាស់​ទាំងថ្មី​ដែល​ចិញ្ចឹម​តាំង​ជូន​ភ្ញៀវ​ទស្សនា​ក្នុង​ទ្រុង​ក្នុងព្រៃ នា​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រ​តិ្ត​សាស្ត្រ​ក្នុង​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​នោះ រួមមាន : សត្វ​ក្ងោក ១​ក្បាល សត្វ​ទន្សាយ កេងកង តា​វ៉ៅ សេក ប្រវឹក ប្រ​វែក ឈ្លូស ជ្រូកព្រៃ ចចក សំពោច កាំប្រមា អ​ន្ស​ង ត្រកួត ចៀស កង្ហែន មាន់ព្រៃ ក្រួច ពស់​ជាដើម​។​

​ប៉ុន្តែ​លោក​ទទួល​ស្អា​ល់​ថា :​តាំងពី​ជាង​២​ខែ​មកនេះ សត្វព្រៃ​មួយចំនួនធំ​បាន​ឈឺ​និង​ងាប់​អស់​ពេល​ដាក់​ក្នុង​ទ្រុង ដោយសារ​ការផ្លាស់ប្តូរ​កន្លែង​និង​របៀប​រស់នៅ ការថែទាំ ផ្គត់ផ្គង់​ចំណី​និង​គ្មាន​លទ្ធភាព​ពិនិត្យ​ព្យាបាល ជាដើម​។ ហេតុដូច្នេះ​ហើយ​ទើប ក្រុមការងារ​និង​យោបល់​ស្ថាបនិក​ក៏ដូចជា​សប្បុរសជន​នានា​បានសម្រេច​អោយ​ព្រលែង​សត្វ​ដែល​សេសសល់​ចេញពី​ទ្រុង អោយទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​តែម្តង​។​

​លោក​ស៊ុយ ឆា​យ៉ា មន្ត្រីនគរបាល​ស្រុក​ថ្មពួក ដែលជា​អ្នកស្រុក​រស់នៅ​ជិត​ភ្នំ​ព្រះ​និង​រួមចំណែក​អភិរក្ស អភិវឌ្ឍន៍​និង​កសាង​សមិទ្ធផល​នានា នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​២២ ខែតុលា​ថា ក្នុងចំណោម​សត្វព្រៃ​ដែល​ព្រលែង​ចូល​ព្រៃ មាន​សត្វ​ខ្លះ​បាន​ផ្សាំ​ជីវិត​រស់នៅ​ជាមួយ​មនុស្ស​។ សត្វ​ទាំងនោះ មាន​កេងកង ក្ងោក មាន់ព្រៃ ជ្រូកព្រៃ បានរស់នៅ​ក្បែរ​ទីកន្លែង​ក្រុមការងារ​រមណីយដ្ឋាន​។​

​សូម​រំលឹកថា​រមណីយ​ដ្ឋា​ន​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ស្ថិត​មៅ ខាងកើត​ឈៀង​ខាងជើង​ចម្ងាយ​ជាង​១០​គម ពី​ទីប្រជុំជន​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​វា​មាន​ផ្ទៃដី​ទំហំ​១.២៦២​ហិច​តា ហើយ​ត្រូវ​បង្កើតឡើង​និង​ទទួល​ដោយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​នៅ​ឆ្នាំ​២០០៥​។​

​នៅ​ម្តុំ​នោះ​មាន​កូនភ្នំ​មួយចំនួន​ចំណុះ​ឬ​ព៍​ទ្ធ​ជុំវិញ​ដូចជា​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​មាន​ភ្នំ​ព្រះ ភ្នំ​ច័ន្ទ ភ្នំ​វែង ភ្នំ​សំគម​និង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ព្រំប្រទល់​មាន​ភ្នំ​ចង្ក្រាន​យក្ស ភ្នំ​កូន​សេក ភ្នំ​កំបោរ​។​

​រមណី​ដ្ឋា​ន​នេះ​ទទួលបាន​ការចូលរួម សហការ​រៀបចំ​អភិរក្ស អភិវឌ្ឍន៍​ដោយ​ពលរដ្ឋ មន្ត្រី សហគមន៍​ព្រៃឈើ​និង​សប្បុរសជន​ជិត​ឆ្ងាយ​។ ក្នុងនោះ មាន​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម