ត្រាំ​ចម្អក​អា​រ៉ា​ប៊ី​សា​អូឌីត​ថា “​បិទបាំង​ការពិត​ដ៏​អន់​បំផុត​” ជុំវិញ​ការសម្លាប់​អ្នកកាសែត​រិះគន់ ខណៈ​អាមេរិក​ធ្វើ​ចំណាត់ការ​លើកដំបូង​

837
ចែករម្លែក

​លោក ដូ​ណា​ល់ ត្រាំ បាន​ពណ៌នា​អំពី​ការសម្លាប់​អ្នកកាសែត​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នា​ក់ថា​ជា “​ប្រតិបត្តិ​ការបរាជ័យ​” និង ជា “​គំនិត​ដើម​ដ៏​អន់​” ខណៈដែល​អាមេរិក​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ជា​លើកដំបូង​ក្នុងការ​ដាក់ទណ្ឌកម្ម​អា​រ៉ា​ប៊ី​សា​អូឌីត​តាមរយៈ​ការដកហូត​ទិដ្ឋាការ​របស់​ជនសង្ស័យ​។​

​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​នៅ​សេត​វិមាន លោក​ត្រាំ​បាន​និយាយថា ប្រតិបត្តិការ​ទាំងមូល​គឺជា​បរាជ័យ​ដ៏​ធំ​។​

​លោក​ត្រាំ​និយាយថា “​ពួកគេ​មានគំនិត​ដើម​អន់​ខ្លាំងណាស​។ វា​ត្រូវបាន​អនុវត្ត​យ៉ាង​អន់ ហើយ​ការ​លាក់បាំង​ទៀតសោត​គឺជា​ការ​លាក់បាំង​ដ៏​អន់​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​។ ច្បាស់​ជាមាន​នរណាម្នាក់​ខ្ជីខ្ជា ហើយ​ពួកគេ​មានការ​លាក់បាំង​ដ៏​អន់​បំផុត​មិន​ធ្លាប់​ជួប​ពីមុនមក​”​។​

​សូម្បី​កំពុង​ប្រឈមមុខ​នឹង​ព័ត៌មាន​លម្អិត​ដ៏​អាក្រក់​អំពី​ការសម្លាប់​លោក ចា​ម៉ា​ល់ ខា​សូក​ជី ក្តី ក៏​លោក​ត្រាំ​នៅតែ​ជំទាស់​នឹង​ការអំពាវនាវ​ឱ្យ​កាត់បន្ថយ​ការលក់​អាវុធ​ឱ្យទៅ​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ និង​មានការ​ស្ទាក់​ស្ទើរចិត្ត​មិន​ហ៊ាន​ធ្វើឱ្យ​ថ្នាំងថ្នាក់​ចិត្ត​មេដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​។​

​លោក​ត្រាំ​ចាត់ទុក​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​នៅក្នុង​របៀបវារៈ​របស់​គាត់​នៅ​មជ្ឈិមបូព៌ា​។​

​សមាជិកសភា​ជាច្រើនរូប​បានទាមទារ​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ចំពោះ​ការសម្លាប់​លោក​ខា​សូក​ជី ដែល​បានរស់នៅ​និរទេស​ខ្លួន​នៅក្នុង​សហរដ្ឋអាមេរិក​ហើយ​បាន​សរសេរ​អត្ថបទ​រិះគន់​ទៅលើ​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់​។​

​អ្នកនិពន្ធ ដែលជា​អ្នក​រួមចំណែក​ផ្តល់​អត្ថបទ​ដល់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​រូបនេះ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២ ខែតុលា បន្ទាប់ពី​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​អារ៉ាប់​ប៊ី​សា​អូឌីត​នៅ​ប្រទេស​តួ​ក​គី កន្លែង​ដែល​គាត់​បាន​ទៅយក​ឯកសារ​សម្រាប់​អាពាហ៍ពិពាហ៍​របស់គាត់​ជា​មួយគូ​ដណ្ដឹង​តួ​ក​គី​របស់គាត់​។​

​ក្រុមមន្ដ្រី​តួ​ក​គី​បាន​និយាយថា ក្រុម​បុរស​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​គ្នា ១៥ នាក់​បានធ្វើ​ទារុណកម្ម សម្លាប់ និង​កាប់​ចិញ្ច្រាំ​សាកសព​អ្នកនិពន្ធ​រូបនេះ ហើយ​ថា​ក្រុមមន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​គ្រោងទុក​ការសម្លាប់​នេះ​ជាច្រើន​ថ្ងៃ​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​តុលា ប្រធានាធិបតី​តួ​ក​គី​បាន​និយាយថា អារ៉ាប៊ីសាអ៊ូឌីត​ត្រូវតែកំណត់​អត្តសញ្ញាណ​អ្នក​ទាំងឡាយណា​ដែល​បាន​បញ្ជា​ឱ្យ​សម្លាប់​អ្នកកាសែត ចា​ម៉ា​ល់ ខា​សូក​ជី និង​ប្រគល់​ខ្លួន​ជនសង្ស័យ​ដើម្បី​យកទៅ​កាត់ទោស​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម