ប៉ា​គី​ស្ថាន​ទទួលបាន​កញ្ចប់​ថវិកា​ជំនួយ ៦ ពាន់​លាន​ដុល្លារ​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​

1057
ចែករម្លែក

​ប៉ា​គី​ស្ថាន​បាន​និយាយថា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​យល់ព្រម​ផ្តល់​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ៦ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កំពុង​ធ្លាក់ចុះ​របស់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​ដោយ​លោកនាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ ទៅកាន់​ទីក្រុង​រី​យ៉ា​ដ​ដើម្បី​ស្វែងរក​ជំនួយ​។​

​យោងតាម​អនុស្សរណៈ​យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំង​២​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​តុលា​បានឱ្យដឹងថា អា​រ៉ា​ប៊ី​សា​អូឌីត​នឹងដាក់​ប្រាក់ ៣ ពាន់​លាន​ដុល្លារ​ដោយផ្ទាល់​ជាមួយ​ប៉ា​គី​ស្ថាន “​សម្រាប់​ជា​សមតុល្យ​នៃ​ការបង់ប្រាក់​ទ្រទ្រង់​” ខណៈ​ការបង់ប្រាក់​ពន្យារ​១​ឆ្នាំ​ផ្សេងទៀត​សម្រាប់​ការចំណាយ​លើ​ការ​នាំចូល​ប្រេង​ចំនួន ៣ ពាន់​លាន​ដុល្លារ​ត្រូវបាន​ព្រមព្រៀងគ្នា​។​

​ក្រសួង​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការរៀប​ចំនេះ​នឹងត្រូវ​អនុវត្ត​រយៈពេល ៣ ឆ្នាំ ដែល​នឹងត្រូវ​ពិនិត្យឡើងវិញ​បន្ទាប់ពីនោះ​”​។ ស​ន្ទ​ស្សន៍​ភាគហ៊ុន​សំខាន់​របស់​ប៉ា​គី​ស្ថាន​បាន​កើនឡើង ២,៧ ភាគរយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​តុលា​។​

​ថ្វីបើ​រដ្ឋាភិបាល​របស់​លោក​បានប្រកាស​កាលពី​ដើមខែ​នេះ​ថា​ខ្លួន​នឹង​ស្វែងរក​ជំនួយ​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ក៏ដោយ ក៏​ថ្មីៗ​នេះ​លោក​ខាន់​បានបង្ហាញ​ពី​ភាពស្ទាក់ស្ទើរ​របស់គាត់​ក្នុងការ​ត្រឡប់​ទៅរក​អង្គការ​នេះ​សម្រាប់​កញ្ចប់​ប្រាក់​ជួយសង្គ្រោះ​លើក​ទី ១៣ របស់​ប៉ា​គី​ស្ថាន ចាប់តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក​។​

​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី​២​របស់​អាស៊ី​ខាងត្បូង​មួយ​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​តុល្យភាព​នៃ​ការទូទាត់​ដោយសារតែ​ការ​នាំចូល​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញប្បទាន​របស់​ចិន​បាន​កើន​ឡើងខណៈ​ការនាំចេញ​របស់ខ្លួន​នៅក្នុង​តំបន់​បាន​ធ្លាក់ចុះ​។​

​ចាប់តាំងពី​ចូលកាន់​អំណាច​កាលពី​ខែកក្កដា​មក អតីត​ប្រធាន​ក្រុមកីឡា​គ្រី​ឃី​ត​ជម្រើសជាតិ​រូបនេះ​កំពុង​ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​រួមទាំង​ចិន អារ៉ាប់​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ជាមួយ​ភាពជោគជ័យ​មាន​តិចតួច​ណាស់​រហូតមកទល់​ពេលនេះ​។​

​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក អាសាដ អ៊ូ​ម៉ា និយាយថា ប៉ា​គី​ស្ថាន​ប្រហែលជា​ត្រូវការ​ប្រាក់​ជាង ១២ ពាន់​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​ហិញ្ញ​វត្ថុ​របស់ខ្លួន ខណៈ​ឱនភាព​គណនី​ចរន្ត​បាន​រីកធំឡើង និង​ទុនបម្រុង​អន្តរជាតិ​បាន​ធ្លាក់ចុះ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​អ៊ី​ម​រ៉ា​ន់ ខាន់ (​ឆ្វេង​) ចូលគាល់​ស្តេច​សាល់​ម៉ាន់ របស់​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​អង្គារ នៅ​ទីក្រុង​រី​យ៉ា​ដ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ