​ឃាត់​រថយន្ត​គ្លីនិក​រស្មី​ចេញ​ដឹកយក​ជនរងគ្រោះ​ល្មើស​នឹង​សេចក្តីណែនាំ​

878
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​គ្លីនិក​ឯកជន​ដែល​ចេញ​ដឹកយក​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ឧប្បត្តិហេតុ​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ សព្វថ្ងៃនេះ ឃើញថា​ចេញ​ដឹក បើកបរ យ៉ាង​សេរី មិនបាន​គោរព​ទៅតាម​គោលការណ៍​ច្បាប់​ដែល​ក្រសួងសុខាភិបាល បាន​ហាមឃាត់​កន្លងមក ។​

ទាំង​សេវា​ដឹកជញ្ជូន ទាំង​បើកបរ ឃើញថា​តាមចិត្ត​ដោយ​សេរី​។​ចំពោះ​ជនរងគ្រោះ​ក្រីក្រ ជនអនាថា ដែល​រងរបួស​ក្រុម​រថយន្ត​គ្លីនិក​ទាំងនោះ​មិន​ដឹកយក​ឡើយ ដឹក​បានតែ​ជនរងគ្រោះ​ណា មានទ្រព្យ​សម្បត្តិ សាច់ឈាម​ជា​អ្នកមាន​។ ជនរងគ្រោះ​មាន​របស់ទ្រព្យ ម៉ូតូ​ទំនើប ឡាន ទើប​ឡានពេទ្យ​ឯកជន​ទាំងនោះ​ដឹក​យកទៅ​សង្គ្រោះ ព្យាបាល នៅ​គ្លីនិក​របស់ខ្លួន ។​

ម្យ៉ាងវិញទៀត មន្ទីរ ក្រសួងសុខាភិបាល បានប្រកាស​ណែនាំ​រួចហើយ រថយន្ត​គ្លីនិក​ឯកជន មិន​អនុញាត​ឲ្យ​ចេញ​ដឹក​ជនរងគ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​គ្រោះថ្នាក់​ផ្សេងៗ​ទើប​នៅវេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ឃាត់​ចាប់​រថយន្ត​មួយគ្រឿង របស់​គ្លីនិក​រស្មី ដែល​ពលរដ្ឋ ធ្លាប់​ស្គាល់​ប្រាប់ថា មាន​ម្ចាស់ អ្នកស្រី ខឹម រ៉ានី​។​

​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​បាន​ឃាត់ បន្ទាប់ពី រថយន្ត​ខាងលើ ចេញ​ដឹក​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដេញតាម​ចាប់​រហូតដល់​គ្លីនិក​រស្មី នៅមុខ​ព្រលានយន្តហោះ ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កន្លងមក មន្ទីរ ក្រសួងសុខាភិបាល បានប្រកាស​ណែនាំ ដល់​ម្ចាស់​គ្លីនិក​ឯកជន មិន​អនុញាតិ​ឲ្យ​ចេញ​ដឹក​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ផ្សេងៗ ដឹក​បានតែ​អ្នកជំងឺ​របស់​គ្លីនិក​របស់ខ្លួន​។​នៅវេលា​ម៉ោង​ខាងលើ សមត្ថកិច្ច​ឃាត់​រថយន្ត​មួយគ្រឿង​របស់​គ្លីនិក​រស្មី​យកទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ក្រុងភ្នំពេញ​រួមទាំង​អ្នកបើកបរ​ផងដែរ ។​

ចំណែក​ជនរងគ្រោះ​ម្នាក់​ដែល​រថយន្ត​គ្លីនិក​រស្មី​ដឹកយក​ទៅនោះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៕S/​

​ឃាត់​រថយន្ត​គ្លីនិក​រស្មី​ចេញ​ដឹកយក​ជនរងគ្រោះ​ល្មើស​នឹង​សេចក្តីណែនាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម