​”​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពុំមែន​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​អ្នកណាម្នាក់​ទេ​”

922
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​នេះ​បាន​ថ្លែងថា​”​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពុំមែន​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​អ្នកណាម្នាក់​ទេ​” ។​

​លោក​បន្តថា​គឺជា​ការងារ​សរុប​ជាការ​ងារ​រួម​ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ​និង​ឯកជន​ទើប​ការងារ​នេះ​អាច​សម្រេច​ទៅបាន​ដោយ​រលូន​និង​ទទួលបាន​លទ្ធផល​ជោគជ័យ​។ ប្រសិនបើ​ខ្វះ​ការចូលរួម​ដោយ​ពេញលេញ​ពី​ភាគី​ណាមួយ​នោះ ទាំង​រដ្ឋ​ក្ដី និង​ឯកជន​ក្ដី នោះ​នឹងធ្វើ​ឲ្យ​យើង​ពិតជា​មានការ​លំបាក​ក្នុងការ​បង្កា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។ ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ ក៏​នៅតែ​ជា​ជំងឺមហារីក​ដែល​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ទៅដល់​យុវជន និង​ប្រជាជន ក៏ដូចជា​ប្រទេសជាតិ​របស់​យើង ។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ដូច្នេះ​ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពង្រឹង​វិធានការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រវាង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ក្នុង​ខេត្តស្វាយរៀង​។​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​សាលប្រជុំ​ធំ អគារ ឃ សាលាខេត្ត​ស្វាយរៀង​មាន​អ្នកចូលរួម​មន្ត្រីរាជការ​សរុប​ប្រមាណ ៤៣០​នាក់​។​

​លោក​អភិបាលខេត្ត​បានធ្វើការ​ក្រើនរំលឹក​ដល់​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ និង​ការអនុវត្ត​វិធានការ​រដ្ឋបាល​ឲ្យ​បាន​កាន់តែ​សកម្ម និង​ផុលផុស​ថែមទៀត ។​ស្នើ​ដល់​ម្ចាស់​កាស៊ីណូ​សណ្ឋាគារ​ផ្ទះសំណាក់​ផ្ទះជួល​ក្លិប​រាត្រី​ខារ៉ាអូខេ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយ​មិនត្រូវ​មានការ​លាក់បាំង​ព័ត៌មាន​ណាមួយ​នោះទេ​។

​ក្នុងករណី​មានការ​សង្ស័យថា​មាន​ករណី​ជួញដូរ​ចែកចាយ​ឬ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​សូម​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ឲ្យ​បាន​ឆាប់​ដើម្បី​មាន​វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា ៕S/​

​”​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពុំមែន​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​អ្នកណាម្នាក់​ទេ​”

ទីតាំងផ្សាយពាណិជ្ជកម្ម