អាហារ​គួរ​ទទួលទាន​ដើម្បី​បន្ថយ​សម្ពាធ​ឈាម​

2109
ចែករម្លែក

​សម្ពាធ​ឈាម​ខ្ពស់​ជាទូទៅ​ត្រូវបាន​គេ​ហៅថា ជំងឺលើសឈាម ហើយ​វា​មានន័យថា បំពង់​សរសៃឈាម​រប​ស់លោក​អ្នក​រង​សម្ពាធ​ខុស​ប្រក្រតី​។ យូរៗ​ទៅ ការកើនឡើង​សម្ពាធ​ឈាម​នឹង​ធ្វើឱ្យ​ខ្សោយ​សរសៃឈាម និង​អាច​នាំទៅរក​ជំងឺ​បេះដូង ជំងឺ​តម្រងនោម ជំងឺស្ត្រូក និង បញ្ហា​ដទៃទៀត​។

​ជំងឺលើសឈាម​អាច​នឹង​កើតឡើង​ដោយ​មិនបាន​ដឹងខ្លួន​ជាច្រើន​ឆ្នាំ ព្រោះ​គ្មាន​រោគសញ្ញា​ប្រាប់ឱ្យដឹង​ទេ​នៅ​មុនពេល​ជំងឺ​មួយទៀត​កើតឡើង​។ វា​ជាការ​ចាំបាច់​ណាស់​ក្នុងការ​ពិនិត្យ​សម្ពាធ​ឈាម​ឱ្យបាន​ទៀងទាត់​!

​កត្តា​ហានិភ័យ​ជាក់លាក់​ដទៃទៀត​សម្រាប់​សម្ពាធ​ឈាម​ខ្ពស់ គឺ​មិនអាច​គ្រប់គ្រង​បានទេ ដូចជា ប្រវត្តិ​គ្រួសារ ពូជសាសន៍ ភេទ និង អាយុ​។ ប៉ុន្តែ​របប​អាហារ និង​លំ​ហាត់ប្រាណ​អាច​ដើរតួនាទី​ដ៏​សំខាន់ ហើយ​វា​ជា​អ្វីដែល​អ្នក​អាច​គ្រប់គ្រង​បាន​។

​និយាយ​ជារួម ដើម្បី​បន្ថយ​សម្ភា​ធ​ឈាម​តាមរយៈ​របប​អាហារ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នឹង​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​ហ្វា​យ​បឺ ប៉ុន្តែ​ត្រូវឱ្យ​កម្រិត​សូ​ដ្យូ​ម​ទាប​បំផុត​។

​អាហារ​ដើម្បី​បន្ថយ​សម្ពាធ​ឈាម​ទាំងនោះ​រួមមាន​៖

១. បន្លែ​ស្លឹក​បៃតង​
​សូ​ដ្យូ​ម​គឺជា​សារធាតុ​បង្កបញ្ហា​ធំ នៅពេល​និយាយ​អំពី​ការកើនឡើង​សម្ពាធ​ឈាម​។ ប៉ូ​តា​ស្យូ​ម​អាចជួយ​តម្រងនោម​របស់​អ្នក​ដើម្បី​លាង​សម្អាត​សូ​ដ្យូ​ម​តាមរយៈ​ទឹកនោម ដែលជា​ហេតុ​ជួយ​កាត់បន្ថយ​ការឡើង​សម្ពាធ​ឈាម​។ បន្លែ​ស្លឹក​បៃតង​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​នេះ ជាពិសេស សាឡា​ត់ តាំងអោ ស្ពៃស ស្ពៃ​ស្ពី​ណា​ច ស្ពៃក្រញាញ់ ។​ល​។​

២. ប្រភេទ​ផ្លែ​បឺ​រី​
​ពពួក​ផ្លែ​បឺ​រី ជាពិសេស​ផ្លែ​បឺ​រី​ខៀវ គឺ​ផ្ទុក​ទៅដោយ​សារធាតុ​ល្អៗ​ដល់​សុខភាព ហៅថា Flavonoids​។ ការ​ទទួលទាន​សារធាតុ​នេះ​បាន​គ្រប់គ្រាន់​ក្នុង​របប​អាហារ ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការទប់ស្កាត់​ការ​លើសឈាម និង​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​មនុស្ស​ដែល​កំពុង​កើត​ជំងឺលើសឈាម​។

៣. មើម​ឆៃថាវ​ក្រហម​
​មូលហេតុ​ដែល​មើម​ឆៃថាវ​ក្រហម​ជួយ​បន្ថយ​សម្ពាធ​ឈាម​គឺ​ដោយសារ​វា​ផ្ទុក​សារធាតុ​នី​ត្រិ​ច​អុកស៊ីត​ដ៏​ច្រើន​លើសលប់ ដែល​ជួយ​បើក​សរសៃឈាម និង​បន្ថយ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤. ទឹកដោះគោ​ដែល​គេ​យក​ក្រែ​ម​ចេញ​អស់ និង ទឹកដោះគោ​ជូរ​
​ជាតិ​កាល់ស្យូម គឺ​សម្បូរ​ណាស់​នៅក្នុង​ទឹកដោះគោ​ទាំង​២​ប្រភេទ​នេះ ហើយ​វា​ដើរតួនាទី​សំខាន់​ក្នុងការ​បន្ធូរ​សរសៃឈាម និង​បន្ថយ​សម្ពាធ​ឈាម​។

៥. នំ​ស្រូវ​សាលី​
​នំ​ធ្វើ​ពី​ស្រូវ​សាលី​មាន​អត្ថប្រយោជន៍​ណាស់​ក្នុង​ការបន្ថយ​សម្ពាធ​ឈាម​។ ទទួលទាន​ស្រូវ​សាលី ១០០ ក្រាម អ្នកនឹង​ទទួលបាន​ជាតិ​ហ្វា​យ​បឺ ១០ ក្រាម ជាតិ​កាល់ស្យូម ៣៥២ ក្រាម និង ប៉ូ​តា​ស្យូ​ម ៣៥៩ ក្រាម​។

៦. ចេក​
​ជាតិ​ប៉ូ​តា​ស្យូ​ម​គឺ​សម្បូរ​ណាស់​នៅក្នុង​ចេក ដូច្នេះ​វា​នឹង​ជួយ​បន្ថយ​សម្ពាធ​ឈាម​តាមរយៈ​ការបណ្តេញ​ជាតិ​សូ​ដ្យូ​ម​តាមរយៈ​ទឹកនោម​។

៧. ខ្ទឹមស និង​គ្រឿងសម្ល​ផ្សេងៗ​ដទៃទៀត​
​ដូច​មើម​ឆៃថាវ​ក្រហម​ដែរ ខ្ទឹមស​ផ្ទុក​នូវ​សារធាតុ​នី​ត្រិ​ច​អុកស៊ីត ដែល​ជួយ​បើក​សរសៃឈាម និង​បន្ថយ​សម្ពាធ​ឈាម​។

៨. សូកូឡា​ខ្មៅ​
​ប្រសិនបើ​អ្នក​ចង់បាន​របស់​ផ្អែម​ខ្លះ គឺ​ទទួលទាន​សូកូឡា​ខ្មៅ​។ ការសិក្សា​របស់​សាកលវិទ្យាល័យ​ហា​វើដ​រកឃើញថា ទទួលទាន​សូកូឡា​ខ្មៅ​មួយ​ដុំ​តូច​រាល់ថ្ងៃ​ជួយ​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​អ្នកជំងឺ​លើសឈាម​៕

ដោយ៖ កញ្ញាដាលីស

 

ទីតាំងផ្សាយពាណិជ្ជកម្ម