យុទ្ធនាការ​រៃអង្គាសប្រាក់​ជួយឧបត្ថម្ភ​សាងសង់​ដំបូល​ដល់​ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា​

996
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) បាន​ផ្ដួចផ្ដើម​បង្កើតឱ្យមាន​យុទ្ធនាការ​រៃអង្គាសប្រាក់​ជាស​កល​មួយ ក្នុង​គោលបំណង​ជួយឧបត្ថម្ភ​សាងសង់​ដំបូល​រាន​បាល់បោះ ជូន​នារី​បាល់បោះ​រទេះ​ជនពិការ ស្ថិតក្នុង​មណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា ក្នុង​ខេត្តបាត់ដំបង​។​

ICRC មាន​គោលបំណង​រៃអង្គាសប្រាក់​ចំនួន ៩​ម៉ឺន​៥​ពាន់ ដុល្លារ សហរដ្ឋអាមេរិក ហើយ​យុទ្ធនាការ​រៃអង្គាសប្រាក់​នេះ​នឹង​ដំណើរការ​ទៅក្នុង​រយៈពេល​៤៥​ថ្ងៃ ដែល​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។

​ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុ​ជាមាន​សមាជិក​ចំនួន ២២​រូប ដែល​ក្នុងនោះ​មាន​អាយុ​ចាប់ពី​២២ ដល់​៣៥​ឆ្នាំ​។ សមាជិក​ខ្លះ​ពិការ​ដោយសារ​គ្រាប់មីន ខ្លះទៀត​ពិការ​ដោយសារ​ជំងឺ​ឬ​ហៅ​កាត់​ថា​ប៉ូ​លី​យ៉ូ​ដោយសារ​កង្វះ​ការទទួលបាន​វ៉ា​ក់​ស៊ាំ​ង​។ កីឡាបាល់បោះ​បាន​កែប្រែ​ជីវិត​របស់​ពួកគេ​។ ពោរពេញ​ទៅដោយ​ទំនុកចិត្ត ពួកគេ​បានឱ្យដឹងថា កីឡា​នេះ​មិន​ត្រឹមតែ​បាន​ផ្លាស់​ប្ដូរជីវិត​គេ​ឱ្យទៅជា​អត្ត​ព​លិ​ក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ពួកគេ​ក្លាយទៅជា​មនុស្ស​មានតម្លៃ​ផងដែរ​។

​ជាទី​អំណរគុណ​ដល់​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​ពួកគេ​ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុ​ជាមាន​សមត្ថភាព​ក្នុងការ​ចូលរួម​ប្រកួត​អន្តរជាតិ អាស៊ាន ប៉ា​រ៉ា​ហ្គេម នាទី​ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទើបតែ​បញ្ចប់​ទៅក្នុង​ខែតុលា​នេះ​។ ក្ដី​ស្រមៃ​របស់​ពួកគេ​គឺ​ការបន្ត​ចូលរួម​ប្រកួត កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ឆ្នាំ​២០២០​។

​យ៉ាងណាមិញ កង្វះខាត​បរិក្ខារ​ក្នុងការ​ហ្វឹកហាត់ គឺជា​ឧបសគ្គ​សម្រាប់​ពួកគេ​។ ជាក់ស្ដែង កន្លែង​ហ្វឹកហាត់​សម្រាប់​ក្រុមកីឡា​ការ​នី​មាន​ពិការភាព​នៅ​មិនមាន​គ្រប់គ្រាន់​នៅឡើយ​ហើយក៏​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​។ ចំណែកឯ​ទីធ្លា​បាល់បោះ ដែល​ពួកគេ​ហ្វឹកហាត់​បច្ចុប្បន្ននេះ មិនមាន​ដំបូល​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ការហ្វឹកហាត់​របស់​ពួកគេ​មាន​ភាពលំបាក ដោយសារ​កត្តា​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង និង​ភ្លៀង​ខ្លាំង​ជាដើម​។​
​ដោយ​មូល​ហេតុនេះ គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម ប្រចាំ​ប្រទេស​កម្ពុជា និង​នៅ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ហ្សឺ​ណែវ បានធ្វើការ​រួមគ្នា​បង្កើត​ឱ្យមាន​យុទ្ធនាការ​រៃអង្គាសប្រាក់​ដើម្បី​កសាង​ដំបូល​ថ្មី​មួយ​នៅ​ទីតាំង​ហាត់​បាល់បោះ​ក្នុង​ខេត្តបាត់ដំបង​។

​លោក ឌែ​ន​វើ​រ័ ក្រា​ហាម ប្រធាន​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា បាន​ប្រាប់​ឱ្យដឹងថា «​ទឹកប្រាក់​ដែល​បានមកពី​ការ​រៃអង្គាស​នេះ​នឹង​ផ្ដល់​ជា​ធនធាន​មួយ​ក្នុង​ការជួយ​ជំរុញ​ពួកគេ​ឱ្យ​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​អោយបាន​កាន់តែ​ប្រសើរ​ជាង​នេះ ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​ពួកគេ​ចេញទៅ​ប្រកួត​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម នៅ​ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០»​។​


​បើទោះបីជា​គោលបំណង​ចម្បង​គឺ​ការ​រៃអង្គាសប្រាក់​ពី​អ្នកគាំទ្រ​និង​អ្នក​ឧបត្ថម្ភ​ថ្មីៗ​ក៏ដោយ​ក៏​ICRC​ចង់​ឆ្លៀត​យក​ឱកាស​នេះ​បំភ្លឺ​បង្ហាញ​អំពី​ទុក្ខលំបាក​ដែល​ស្ត្រី​មាន​ពិការភាព​បាន​ជួបប្រទះ​ក្នុងប្រទេស​កម្ពុជា និង​ជុំវិញ​សកលលោក​។​

​លោក រ៉ូ​ម៉ាន់ ប៉ា​រ៉ា​មូ​ណូ​វ ប្រធាន​បេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា «​នេះ​គឺជា​លើកដំបូង​ហើយ ដែល​យើង​បាន​បង្កើតឱ្យមាន​យុទ្ធនាការ​រៃអង្គាសប្រាក់​ជា​សកល​បែបនេះ សម្រាប់​ប្រទេស​កម្ពុជា​។ អ្វីដែល​សំខាន់បំផុត​នោះ គឺ​យើង​ចង់​លើកស្ទួយ​ដល់​ការដាក់បញ្ចូល​ពិការភាព​ទៅក្នុង​សង្គម ដើម្បីឱ្យ​ពួកគេ​អាចមាន​ឱកាស​ធ្វើ​សមាហរណកម្ម​ក្នុងសង្គម ហើយ​លើកទឹកចិត្ត​ពួកគេ​អោយ​ចូលរួម​កាន់តែច្រើន​»​។​
​គូសបញ្ជាក់​ផងដែរ​ថា ICRC មាន​វត្តមាន​ចុះ​ប្រតិបត្តិការ​សកម្មភាព​ម​នុស្ស​ធម៌​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​៣៨​ឆ្នាំ​ហើយ​ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បានបញ្ចប់​។ ក្នុងចំណោម​បេសកកម្ម​ចម្បង​របស់​ICRC គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​គឺជា​គម្រោង​ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា​។​ក្រៅពី​កែសម្រួល​លទ្ធ​-​ភាព​ចូលរួម​ក្នុង​សកម្មភាព​កីឡា​គម្រោង​នេះ​ក៏បានផ្ដល់​សេវាកម្ម​ជាច្រើន​រួមមាន​៖​ការផ្ដល់​ជើង​សប្ប​និម្មិត​រណប ការព្យាបាល​ដោយ​ចលនា​ដល់​ជន​មាន​ពិការភាព និង​កម្មវិធី​ដាក់បញ្ចូល​ពិការភាព​ទៅក្នុង​សង្គម ក្នុង​គោលបំណង​បង្កើន​គុណភាព​ជីវិត​ដល់​ជន​មាន​ពិការភាព​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម