រឿងរ៉ាវ​នានា​ពាក់ព័ន្ធ​កឋិនទាន​

3123
ចែករម្លែក
  • 54
    Shares

​ដោយៈ មេសា​/ភ្នំពេញៈ កឋិនទាន គឺជា​ប្រភេទ​ចីវរ​ទាន ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង ជា​ទាន​មានចែង​ក្នុង​ព្រះ​វិន័យ ហើយក៏​ជា​ទាន​ដ៏​ពិសេស​មួយ​ដោយមាន​កំណត់​ពេលវេលា​ច្បាស់លាស់ ហើយ​កឋិន​កាល​មាន​រយៈពេល​តែ ២៩ ថ្ងៃ​ប៉ុណ្ណោះ ។​

ទិដ្ឋភាព​ទូទៅ នៃ កឋិន​

​ ​នៅក្នុង​ព្រះ​វិន័យ​បានឱ្យ​និយមន័យ “ កឋិន “ ថា “ កម្រ “ ព្រោះ​កឋិនទាន គឺជា​ទាន​មួយ ដែល​គេ​អាចធ្វើ​បាន​ដោយ​កម្រ , ហេតុអ្វី​បានជា​ធ្វើបាន​ដោយ​កម្រ​?

១. អ្នកទទួលៈ ត្រូវតែ​ជា​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​វស្សា​ដោយ​ចប់សព្វគ្រប់​រយៈពេល​បី ខែ ហើយក៏​ត្រូវតែ​ជាការ​ចូល​បឋម​វស្សា ហើយ​ត្រូវតែ​គ្មាន​ជម្លោះ​ធំដុំ​កើតឡើង​ក្នុងចំណោម​ភិក្ខុសង្ឃ​ក្នុង​អារាម​នោះ ចំណែក​ភិក្ខុ​ដែលជា​អ្នក​ក្រាល​គ្រង ត្រូវតែ​ជា​អ្នក​ឆ្លៀវឆ្លាស វាងវៃ​ក្នុង​វិន័យ​កិច្ច ដែល​បានសេចក្តីថា កឋិន ជា​ការជំរុញឱ្យ​ភិក្ខុ​សិក្សា និង ទ្រទ្រង់​វិន័យ ។

​ក្នុង​ព្រះ​វិន័យ​បានកំណត់​ច្បាស់​ថា សាមណេរ គ្មាន​សិទ្ធិ​ទទួល​កឋិន​បានទេ គឺ​បានតែ​ភិក្ខុ ហើយ​បើ​ភិក្ខុ​នោះ​មិនបាន​ចូល​វស្សា ឬ បាន​ចូល​វស្សា​ដែរ ប៉ុន្តែ​បានធ្វើ​ដាច់​វស្សា ក៏​មិនអាច​ទទួល​កឋិន​បានដែរ ។ ហើយ​បើទោះជា​មិន​ដាច់​វស្សា ប៉ុន្តែ​ភិក្ខុ​ទាំងនោះ​មាន​ជម្លោះ​ឈ្លោះទាស់ទែង​គ្នា ក៏​មិនអាច​ទទួល​កឋិន​បានដែរ ។ ​ម្យ៉ាងទៀត ភិក្ខុ​ដែល​គង់​វស្សា​នៅ​អារាម​ណាមួយ​អាច​ទទួល​កឋិន​បានតែ​នៅក្នុង​វត្ត​នោះ​ប៉ុណ្ណោះ មិនអាច​ភិក្ខុ​គង់​ចាំ​វស្សា​វត្ត​ណា​ផ្សេង​មក​ទទួល​កឋិន​ក្នុង​វត្ត​ផ្សេង​បានឡើយ ។​

២. វត្ថុៈ កឋិន​ជា​ប្រភេទ​ចីវរ​ទាន ហេតុនេះ វត្ថុ​ដែល​ប្រើប្រាស់​ដែលជា​តួអង្គ​កឋិន មានតែ ស្បង់ ចីពរ ឬ សង្ឃាដី (​ទីទៃ​ពីនេះ​ទៅ​ហៅថា​បរិវា​កឋិន ឬ អានិសង្ស​លាភ ហើយ​គេ​អាច​នាំ​សម្ភារៈ​នានា​ទៅ​រួម​ក្នុង​កឋិន​នេះ​បាន​តាម​ប្រាថ្នា ) ។ ប៉ុន្តែ​សំពត់​ដែល​អាច​ប្រើប្រាស់​ជា​សំពត់​កឋិន​បាន​លុះណាតែ​ធ្វើ​ត្រឹមត្រូវ​តាម​ខ្នាត​ដែល​បាន​កំណត់ដោយ​វិន័យ ។​

៣. ពេលវេលាៈ ក្នុង​មួយឆ្នាំ រយៈពេល​ដែល​អាច​ធ្វើក​ឋិ​ន​បាន​មានតែ ២៩ ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី ០១ រោច ខែ អស្សុជ ដល់​ថ្ងៃ ១៥ កើត ខែកត្តិក ហៅថា​កឋិន​កាលដែល​ឆ្នាំនេះ​ចាប់ពី​ថ្ងៃទី ២៤ ខែ តុលា ដល់​ថ្ងៃទី ២១ ខែ វិច្ឆិកា ។ ទីទៃ​ពី​រយៈ​ពេលនេះ​ទៅ​មិន​ហៅថា​កឋិន​ឡើយ ។ មួយសោត ក្នុង​វត្ត​មួយ​អាចធ្វើ​កឋិន​បានតែ​ម្តង​ប៉ុណ្ណោះ ។ ទោះយ៉ាងណា នៅក្នុង​ថ្ងៃមួយ​នោះ ទោះ​មាន​អ្នក​កឋិន​ចូល​ប៉ុ​ន្មា​នាក់ ប៉ុន្មាន​ត្រៃ​ក៏បាន​តាម​ប្រាថ្នា ។​

​កឋិនទាន​ជា​ទាន​ពិសេស​

​បព្វជិត ឬ គ្រហស្ថ ក៏ អាចធ្វើ​កឋិនទាន​បានដែរ ។​កឋិនទាន​មិនមែន​គ្រាន់តែ​ជា​ទាន​ដែល​ធ្វើបាន​ដោយ​កម្រ​ដូចដែល​បានលើកឡើង​ខាងលើ​ជាដើម​ឡើយ ប៉ុន្តែ​កឋិនទាន ក៏​ជា​ទាន​ពិសេស​ជាង​ចីវរ​ទាន​ទាំងពួង​ផងដែរ ព្រោះ​ចីវរ​ទាន​ទាំងឡាយ (​ក៏ដូចជា​ទាន​ទាំងពួង​ផ្សេងទៀត​ដែរ ) ព្រោះ​ទាន​ទាំងឡាយ​រមែង​បាន​អានិសង្ស​តែ​ផ្នែក​ខាង​អ្នក​បរិច្ចាគ ។ ប៉ុន្តែ​កឋិនទាន បាន​អានិសង្ស​ទាំង​អ្នកទទួល​គឺ​ភិក្ខុសង្ឃ​ផងដែរ ។

​ភិក្ខុសង្ឃ​ទទួល បើ​ក្រាល​បាន​ត្រឹមត្រូវ​នឹង​ទទួលបាន​អានិសង្ស​ដែរ គឺ​បាន​អានិសង្ស ០៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរបែប​យ៉ាងណាក៏ដោយ​គឺ​៖

​ទី​១. ភិក្ខុ​និមន្ត​ទៅណា​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​ដោយ​មិន ត្រូវ​អាបត្តិ​។ ទី​២ លោក​និមន្ត​ទៅណា មិនបាច់​យក​នូវ​ត្រៃចីវរ​ទៅជា​មួយ​ក៏បាន ។​ទី ៣. ឆាន់​ភោជន​ដែល​គេ​និមន្ត ឬ ដាក់ចេញ​ឈ្មោះ ( ដូចជា​សូម​និមន្ត​ឆាន់​សាច់មាន់ និមន្ត​ឆាន់​សាច់ជ្រូក ជាដើម ) មិនត្រូវ​អាបត្តិ ។ ទី​៤ លោក​អាច​ទុកដាក់​អតិរេកចីវរ (​គឺ​ចីវរ​ដែល​គេ​ប្រគេន​លើសពី​មួយ​កំ​ប្លេ )​បាន បាន​ដោយ​មិនត្រូវ​អាបត្តិ និង ទី ៥ គឺ​កឋិន​ចីវរ ដែល​កើត​នៅក្នុង​ទី​អារាម​ណាមួយ នឹងមាន​ដល់​ភិក្ខុ​អ្នកទទួល​ក្រាល​គ្រង ឬ​អនុមោទនា​កឋិនទាន​នៅក្នុង​ទីវ​ត្ត​នោះ​។

​សូមបញ្ជាក់ថា ទាំង ៥ ចំណុច​ដូចដែល​បានលើកឡើង​ខាងលើ​ដោយ​សង្ខេប​នេះ ស្តាប់ទៅ​ហាក់​មិនមាន​អ្វី​ធំដុំ​ទេ ប៉ុន្តែ​សម្រាប់​ភិក្ខុ​ក្នុង​សាសនា ការប្រតិបត្តិ​វិន័យ​ទាំងនេះ មិនមែនជា​រឿង​ងាយ​ឡើយ ។ ដោយហេតុនេះ ការដែល​ទទួលបាន​អានិសង្ស​ទាំង ៥ នេះ ពិតជា​បាន​សម្រាល​ក្តី​លំបាក​យ៉ាងច្រើន​ដល់​ភិក្ខុ​ក្នុង​សាសនា ។​
​ដោយសារតែ​តាមរយៈ​កឋិនទាន ទើបបាន​ជួយ​សម្រាល​ដល់​ក្តី​លំបាក​របស់​ភិក្ខុសង្ឃ​នេះឯង​ហើយ​ជាហេតុ​នាំឱ្យ ចំណែក​ទាយក ទាយិកា អ្នកធ្វើ​កឋិន ទទួលបាន​អានិសង្ស​ច្រើន​ប្រមាណ​មិនបាន​។​

កំណើត​កឋិន​

​កាលណោះ​មាន​ភិក្ខុ​ចំនួន ៣០​រូប នៅមុន​ថ្ងៃ​ចូល​វស្សា មានបំណង​ទៅ​វន្ទា​លា​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ដែ​កំពុង​ក្នុង​វត្ត ជេតពន នា​ក្រុង​សាវត្ថី ។ ប៉ុន្តែ​មិនទាន់​ដល់​អាវាស​ដែល​ព្រះ​ដ៏​មាន​ភាគ​គង់នៅ​ផង ត្រូវ​ពេល​ថ្ងៃ​ចូល​វស្សា​មកដល់ ក៏​ព្រមព្រៀងគ្នា​នៅចាំ​វស្សា​ក្នុង​ដែន​បា​ថេ​យ្យៈ នា​ក្រុង​សាកេ​ត ត្រង់​កណ្ដាលផ្លូវ​តែម្ដងទៅ ។​

​លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ចំ​កាល​វេលា​ចុងរដូវ​វស្សា ជា​សម័យ​ភ្លៀង ជោគជាំ ធ្វើ​ឲ្យ​ភិក្ខុ​ទាំង​៣០​អង្គ ទទឹកជោគ​ទាំង​ស្បង់​ចីវរ​សង្ឃាដី ជួប​ការលំបាក​មក​តាមផ្លូវ​រហូត (​មួយអង្គៗ​គ្មាន​ត្រៃចីវរ​២​បន្លាស់​ទេ​) លុះដល់​ហើយ​ចូលគាល់​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំង​ទទឹកជោគ ។​

​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ព្រះតម្រិះ​ថា ប្រសិនបើ​តថាគត​បានអនុញ្ញាត​ក​ឋិ​ន​ត្ថា​រ​កិច្ច​ដល់​ភិក្ខុសង្ឃ​ពីមុន​រួចមកហើយ សមបើ​លោក​ទាំងនេះ​មិន​ជួប​ការលំបាក​យ៉ាង​ហឹ្ន​ង​ទេ ។ ហើយ​កឋិន​នេះ​ព្រះពុទ្ធ​ពី​អ​តី​តៈ​ក៏បាន​អនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​

​ដោយហេតុ​នោះ ព្រះពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ​ទាំងឡាយ​សម្ដែង​ធម្មិក​ថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថា​រ​កិ​ច្ចនេះ​ថា ” ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​ដែល​នៅចាំ​វស្សា រួចហើយ​ទទួល​ក្រាលកឋិន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​ប្រាំ ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ​ដែល​បាន​ក្រាល (​អនុមោទនា​) កឋិន​រួចហើយ ” ។

​ដូច្នេះ កឋិន​ត្ថា​រ​កិ​ច្ចនេះ គឺ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត​ដល់​សង្ឃ​សាវ័ក​ចាប់តាំងពី​ពេល​នោះមក ។​

អ្នកធ្វើ​កឋិន​មុនគេ​ក្នុងសម័យ​ពុទ្ធកាល​

បន្ទាប់ពី​បានដឹងថា ព្រះពុទ្ធ​អង្គ អនុញ្ញាត​ឲ្យ​សាវ័ក​ទទួល​កឋិន​ត្ថា​រ​កិច្ច ព្រះបាទ ប​សេន​ទិ​កោសល​បាន​ផ្ដើមធ្វើ​កឋិនទាន​មុនគេ​បង្អស់​ក្នុងសម័យ​ពុទ្ធកាល ។ កាលនោះ​ព្រះមហា​កច្ចាយន​ត្ថេ​រ ជា​ប្រធាន បានទទួល​ក្រាល​គ្រង​កឋិន​ឲ្យ​សម្រេច​គ្រប់ប្រការ ។ ឯ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រះអង្គ​បានទេ​សនា​ក្នុង​ពិធីបុណ្យ​នោះ ដោយ​ទ្រង់​សរសើរ​អំពី​អានិសង្ស​នៃ​កឋិនទាន​ជា​អនេកបរិយាយ ។​

​ក្នុង​ធម្មទេសនា ព្រះអង្គ​លើក​អតីតនិទាន​កាល​ព្រះអង្គ​យោនយកកំណើត​កើតជា នរ​ជី​ទុគ្គត​បរម​ពោធិសត្វ បាន​ជួយ​វេយ្យាវច្ចៈ ខ្វល់ខ្វាយ​ក្នុង​អង្គ​កឋិនទាន​របស់ កុដុម្ពិកៈ​ម្នាក់ នាំទៅ​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម ប​ទុ​មុ​ត្ត​រៈ ដែល​ពេលនោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ​សុជាត​ត្ថេ​រ អគ្គសាវ័ក ព្រះ​អង្គជា​អ្នក​ក្រាល​គ្រង ។ ឯនរ​ជីវ​ទុគ្គត​បរម​ពោធិសត្វ នៃ​យើង​បាន ពុទ្ធព្យាករណ៍ ពី​ពេល​នោះមក ដោយសារ​បាន​ជួយ​ចាត់ចែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជា្ញ​ស្មារតី ក្នុង​ពិធីបុណ្យ​នោះ ។

​ឯ​ប៉ែក​ខាង​បព្វជិត​វិញ ព្រះ​ភិក្ខុ​នាម​នារ​ទ​ត្ថេ​រ​កាលបើ​បាន​ស្ដាប់​នូវ​ព្រះ​ធម្មទេសនា​របស់​ព្រះ​បរមគ្រូ​ក្នុង​បុណ្យ​របស់​ព្រះបាទ​សេន​ទិ​កោសល​មហារាជ ហើយ​មាន​សេចក្ដី​ជ្រះថ្លា​ក៏​ទៅ​បបួល​ញាតិ​សាច់សាលោហិត​របស់លោក​ធ្វើ​កឋិនទាន​មួយ​ដង្ហែ​ទៅ​ថ្វាយ​ព្រះ​ភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះអង្គ​ទ្រង់​សរសើរ​ទាន​នេះ ហើយ​ទ្រង់​ក៏​លើកយក​អតីតនិទាន កាល​ព្រះអង្គ​នៅ​ជា​ស្ដេច​ចក្រពត្តិ​នាម វិ​ជិត​រាជ​ជាធំ​លើ​ទ្វីប​ទាំង​បួន​បាន​នាំ​កឋិន​ទៅ​ថ្វាយ​ព្រះពុទ្ធ​នាម កោ​ណ្ឌ​ញ្ញៈ ដែរ ។


​ចំណែក​ផល្លានិសង្ស​ធ្វើ​កឋិន សូម​ពិនិត្យមើល​អតីតនិទាន​ខាងលើ​ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​ទេសនា​សរសើរ​ជា​អនេកបរិយាយ និង​នាំ​អតីតនិទាន​ទាំងពីរ​រឿង​នោះ​ឲ្យ​បានច្បាស់លាស់​ចុះ ៕ Kh

រឿងរ៉ាវ​នានា​ពាក់ព័ន្ធ​កឋិនទាន​

ទីតាំងផ្សាយពាណិជ្ជកម្ម