បា​ខេ​ម ២០១៨​នៅ​កម្ពុជា ក្លាយជា​វេទិកា​ធំជាងគេ​ក្នុង​ពិភពលោក​

1175
ចែករម្លែក
  • 32
    Shares

ដោយ​: សុផល / ភ្នំពេញ​: បា​ខេ​ម​អាស៊ាន​២០១៨( BarCamp ASEAN 2018) គឺជា​ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ជួបជុំ​រវាង​សិស្ស​និស្សិត បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​ពិភាក្សា​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា សេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និង​ជំនាញ​ឌីជីថល ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​។​ល​។​

​កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ផ្តល់​ឥទ្ធិពល​ដល់​អនាគតរ​បស់​អ្នក​ក្នុង​យុគសម័យ​ឌីជីថល “Powering Your Future in Digital Era” ព្រមទាំង​មាន​ពិព័រណ៍​បង្ហាញ ផលិតផល​និង​សេវាកម្ម​និង​ស្នាដៃ​សិស្ស​និស្សិត​កម្ពុជា​ជំនាញ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​(២០-២១ ខែតុលា​ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​) កម្មវិធី​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជាង ៨០០០​នាក់ រួមទាំង​មាន​វាគ្មិន ៩៥ រូប ជាមួយ​ប្រធានបទ​ចំនួន ៨៥​ប្រធានបទ និង​ស្ដង់​ពិព័រណ៍​ចំនួន ៦០​ស្ដង់​។ វត្ត​មាននៃ​អ្នកចូលរួម​ខាងលើនេះ បានធ្វើឱ្យ BarCamp ASEAN 2018 ក្លាយជា BarCamp ដែល​ធំជាងគេ​ក្នុង​ពិភពលោក​។ គួរ​រំលឹក​ផងដែរ​ថា BarCamp ដែល​ធំជាងគេ​កន្លងមក​គឺ​BarCamp យ៉ាំង​ហ្គូ​ន​(BarCamp Yangon) នៃ​ប្រទេស​ភូមា ដែល​ធ្វើឡើង​កាលពី ខែមករា ឆ្នាំ​២០១៣ ដែលមាន​អ្នកចូលរួម​ជាង ៦៤០០​នាក់​។​

​ក្នុងឱកាស​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត និង​អ្នកចូលរួម ព្រមទាំង​បាន​លើក​០៣ (​បី​) ចំណុច​អំពី​ការ​លើទឹក​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ចំពោះ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច​ឌីជីថល​រួមមាន​៖

១. ផែនការ​៥ ឆ្នាំ​បន្ទាប់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ត្រៀមខ្លួន​ចាប់យក​សេដ្ឋកិច្ច​ឌីជីថល និង​ឧស្សាហកម្ម ៤.០ លោក​លើកឡើងថា ដើម្បី​សម្រេចបាន​ផែនការ​ខាងលើ រាជរដ្ឋាភិបាល​ត្រូវ​ផ្តោតលើ​ការងារ​អាទិភាព​មួយចំនួន រួមមាន​៖ (​ក​) ការរៀបចំ និង​អនុវត្ត​ក្របខណ្ឌ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ឌីជីថល (​ខ​) ការ​បន្តធ្វើ​បច្ចុប្បន្នភាព​និង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ICT (​គ​) ការបន្ត​ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ចាំបាច់ (​ឃ​) ការជំរុញ និង​បង្កើត​មូលដ្ឋាន​គតិ​-​យុត្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឌីជីថល ដោយ​រួមទាំង​ការអនុវត្ត​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ឌីជីថល និង​សន្តិសុខ​ព័ត៌មាន ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ជាដើម (​ង​) ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ឌីជីថល (​ច​) ការអភិវឌ្ឍ​សហគ្រិនភាព និង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល (​ឆ​) ការបន្ត​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង Tech Startup ជាមួយនឹង​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ធ​ម្យ​ម (MSMEs) (​ជ​) ការបន្ត​ជំរុញ MSMEs go for Digital (​ឈ​) ការផ្តោត​សំខាន់​លើ​ទស្សនាទាន “​យុវជន​ម្នាក់​ត្រូវមាន​ជំនាញ​យ៉ាងតិច​មួយ​ក្នុង​ជីវិត​”​និង (​ញ​) ការបញ្ចូល​មុខវិជ្ជា STEM និង​សហគ្រិនភាព កម្មវិធី​គាំទ្រ (supporting program) និង​ការណែនាំ (mentorship) ក្នុង​កម្មវិធីសិក្សា​ដើម្បី​ជំរុញ​ដល់​សមត្ថភាព​សិស្ស​។​

២. តួនាទី​និង​ការសម្របសម្រួល​រវាង​ស្ថាប័នរដ្ឋ​និង​ការរៀបចំ​បទ​ប្បញ្ញត្តិ​និង​គោលនយោបាយ​នានា​ដើម្បី​គាំទ្រ Tech Startups និង​សហគ្រាស​ធុន​តូច​និង​មធ្យម ជាក់ស្តែង​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ​គាំទ្រ​ដល់ Tech Startups និង​ដាក់ចេញ​នូវ​អនុក្រឹត្យ​លេខ​១២៤ អនក្រ​.​បក ស្តីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ចុះ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​។

៣. ការគាំទ្រ​របស់​រាជរ​ដ្ឋា​ភិ​បាល​តាមរយៈ​គម្រោង​ដែល​ប្រើប្រាស់​មូលនិធិ​នៃ​ការកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (CBR&D Fund)​។ មូលនិធិ​នេះ​បាននិងកំពុង​ចូលរួមចំណែក​ជួយ​ដល់​ការកសាង​ធនធានមនុស្ស​ក្នុង​វិស័យ ICT ក៏ដូចជា​លើកទឹកចិត្ត និង​ជំរុញ​អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឱ្យ​រីកចម្រើន និង​ទទួលបាន​ជោគជ័យ​ខ្ពស់​ឆ្លើយតប​ទៅនឹង​និន្នាការ នៃ​ការវិវត្ត​នៃ​បច្ចេកវិទ្យា​និង​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម