ពូ​ទីន​និយាយថា រុស្ស៊ី​នឹង​ផ្តោត​គោលដៅ​ទៅលើ​បណ្តា​ប្រទេស​ណា​ដែល​តាំង​មី​ស៊ី​ល​របស់​អាមេរិក​

874
ចែករម្លែក
  • 286
    Shares

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ទី​២៤​តុលា​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​នៅក្នុង​ទ្វីបអឺរ៉ុប រុស្ស៊ី​នឹង​កំណត់​គោលដៅ​ទៅលើ​ប្រទេស​ណា​ដែល​តាំង​មី​ស៊ី​ល​ទាំងនោះ​។​

​សេចក្តីថ្លែងការណ៍​ធ្ងន់ៗ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​សប្តាហ៍​ថា លោក​មានបំណង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ ១៩៨៧ ជុំវិញ​ការរំលោភបំពាន​របស់​រុស្ស៊ី​។​

​លោកពូ​ទីន​បាន​និយាយថា លោក​សង្ឃឹមថា​សហរដ្ឋ​អាមេរិក​នឹងមិន​ធ្វើតាម​ការនិយាយ​របស់​ខ្លួន ដោយ​ដាក់តាំង​មី​ស៊ី​ល​ចម្ងាយ​មធ្យម​នៅ​ទ្វីបអឺរ៉ុប​។ មេដឹកនាំ​រុស្ស៊ី​រូបនេះ​បាន​និយាយថា ចំណាត់ការ​បែបនេះ​នឹង​នាំឱ្យ​កើតឡើង​ម្តងទៀត​នូវ​ការប្រឈមមុខគ្នា​ដូច​សង្គ្រាមត្រជាក់​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ នៅពេលដែល​សហរដ្ឋអាមេរិក​និង​សហភាពសូវៀត​បានដាក់​ពង្រាយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​នៅលើ​ទ្វីប​នេះ​។​

​លោកពូ​ទីន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក ចឺស​សេប​ពី កុង​តេ (Giuseppe Conte) ថា “​ប្រសិនបើ​មី​ស៊ី​ល​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ទ្វីបអឺរ៉ុប តាម​ចរិត​ធម្មជាតិ​យើង​នឹង​ឆ្លើយតប​វិញ​ដូចគ្នា​។ ប្រជាជាតិ​អឺរ៉ុប​ដែល​យល់ស្រប​នឹង​រឿងនេះ​គួរតែ​យល់ថា​ពួកគេ​នឹង​បើកចំហ​ទឹកដី​របស់​ពួកគេ​ចំពោះ​ការគំរាមកំហែង​នៃ​ការវាយប្រហារ​ដែល​អាច​ធ្វើទៅបាន​ណាមួយ​។ នេះ​គឺជា​រឿង​ជាក់ស្តែង​”​។​

​គាត់​បាន​បន្តថា “​ខ្ញុំ​មិន​យល់​ទេ​ហេតុអ្វី​បានជា​យើង​គួរតែ​ដាក់​តំបន់​អឺរ៉ុប​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ​”​។​

​លោកពូ​ទីន​បាន​និយាយថា “​ខ្ញុំ​ពុំ​មើលឃើញ​ហេតុផល​ណា​ត្រូវធ្វើ​រឿង​បែបនេះ​ទេ​។ ខ្ញុំ​ចង់​និយាយ​ម្តង​ទៀតថា​វា​មិនមែនជា​ជម្រើស​របស់​យើង​ទេ​។ យើង​មិន​ចង់បាន​វា​ទេ​”៕ ដោយ៖ កញ្ញាដាលីស

លោកពូ​ទីន (​ឆ្វេង​) និង លោក​ច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ជួបគ្នា​នៅ​មូ​ស្គូ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម