ពុល​សម្លកកូរ​ផ្សិត​មួយ​គ្រួសារ​ស្លាប់​ម្នាក់​មាន​អាកា​រៈ​ធ្ងន់​៥​នាក់​នៅ​ស្រុក​គូលែន

895
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ស្រុក​គូលែន​ខេត្តព្រះវិហារ​មាន​ករណី​ពុល​សម្លកកូរ​ផ្សិត​បណ្តាលឱ្យ​មួយ​គ្រួសារ​ស្លាប់​និង​មាន​អាកា​រៈ​ធ្ងន់​៥​នាក់​។​ជាមួយ​នោះ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ចំណែក​៥​នាក់​ទៀត​មាន​អាកា​រៈ​ធ្ងន់​ស្រាល​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិតនៅ​ចំណុច​ភូមិ​រំចេក ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពី​ព្រលប់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ទោ ឡាញ់ លី​ស៊ីវ​ឡេង អធិការនគរបាល​ស្រុក​គូលែន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា មុនពេល​កើតហេតុ កូនប្រុស​របស់​ជនរ​ង​គ្រោះ បាន​ដក​ផ្សិតកញ្ជូរ​ពី​ក្នុងព្រៃ យកមក​ឲ្យ​ម្តាយ​ស្លរ​កកូរ​ហូប​ជុំគ្នា​។ បន្ទាប់ពី​ហូប​បាន​រយៈពេល​១​ម៉ោង ជនរងគ្រោះ​ជា​ឪពុក និង​កូនប្រុស ដែលជា​អ្នក​ដក​ផ្សិត​មាន​អា​ការៈពុល​ខ្លាំងជាងគេ​។​គឺ ហៀរ​ទឹកមាត់ ក្អួត​ផង​រាគ​ផង​។​

​លោក​វរសេនីយ៍ទោ​បាន​ប្ត​ថា​ឃើញ​អាកា​រៈ​ដូច្នោះ​ជនរងគ្រោះ​ទាំង​២​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មណ្ឌល​សុខភាព​ស្រុក​គូលែន​។ តែ​អកុសល​ជនរងគ្រោះ​ជា​ឪពុក ដែលមាន​អា​ការៈពុល​ធ្ងន់ធ្ងរ​ជាងគេ បាន​ស្លាប់​។ ដោយឡែក​កូនប្រុស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​បន្ត នៅឯ​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ ហើយ​ម្តាយ​និង​កូន​៣​នាក់​ទៀត ពុល​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ជា​ឪពុក ដែល​ស្លាប់​មានឈ្មោះ ស្រី លួ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ចំណែក​កូនប្រុស​ឈ្មោះ ស្រី យ៉ា កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ លោក​បន្តថា ការពិនិត្យ​សាកសព​ជនរងគ្រោះ​កម្លាំង​ជំនាញ​វិទ្យាសាស្ត្រ​បច្ចេកទេស​របស់​អធិការនគរបាល​ស្រុក​គូលែន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រ​យ៉ង់ អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រូពេទ្យ និង​គ្រួសារ​ជនរងគ្រោះ​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ការពុល ពិតប្រាកដ​មែន​។ ព្រោះ​មាន​ហៀរ​ទឹកមាត់ តាម​ដងខ្លួន​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​គត់​សម្គាល់​នោះទេ ទើប​សមត្ថកិច្ច​ប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោក សុក វាសនា ប្រធាន​មន្ទីរពេទ្យបង្អែក​១៦​មករា ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងផង​ដែរ​ថា ជនរងគ្រោះ​ដែល​ពុលផ្សិត​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ពេលនេះ​មាន​អា​ការៈធូរស្រាល​ហើយ​។​ករណីនេះ​លោក​ក៏​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​រង​ទទួល​ការពុល​ផ្សេងៗ​សូម​ប្រញាប់ប្រញាល់​មក​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេល​វា​លា​ដើម្បី​ក្រុមគ្រូពេទ្យ​អាចជួយ​ស​ង្ក្រោះ​ជីវិត​បាន​៕S/​

​ពុល​សម្លកកូរ​ផ្សិត​មួយ​គ្រួសារ​ស្លាប់​ម្នាក់​មាន​អាកា​រៈ​ធ្ងន់​៥​នាក់​នៅ​ស្រុក​គូលែន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ