កង្ហា​យក្ស​សម្រាប់​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដើម្បី​កាត់បន្ថយ​ការឡើង​កម្តៅ​ផែនដី នឹងមាន​គ្រប់​ទីកន្លែង​នៅ​សហរដ្ឋអាមេរិក​

1765
ចែករម្លែក

​របាយការណ៍​ថ្មី​មួយ​របស់​អាមេរិក​បាន​ឱ្យដឹងថា ប្រជាជាតិ​មួយ​នេះ​ចាំបាច់​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បូម​យក​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចេញពី​បរិយាកាស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​តុលា​ពី​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ជាតិ​បានឱ្យដឹងថា បច្ចេកវិជ្ជា​ដើម្បី​ធ្វើ​ដូច្នេះ គឺមាន​ភាពប្រសើរ​ច្រើន​ហើយ ហើយ​ការប្រែប្រួល​អាកាសធាតុ​កំពុងមាន​សភាព​កាន់តែ​អាក្រក់​ទៅៗ​។​

​នៅត្រឹម​ពាក់កណ្តាល​សតវត្សរ៍​ទី​២១​នេះ ពិភពលោក​ត្រូវតែ​លុបបំបាត់​កាបូនឌីអុកស៊ីត​ប្រមាណ ១០ ពាន់​លាន​តោន​ពីលើ​អាកាស​ជា​រៀងរាល់ឆ្នាំ​។​

​នោះ​គឺ​ស្មើ​ប្រហែល​២​ដង​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រចាំឆ្នាំ​របស់​សហរដ្ឋអាមេរិក​។​

​កាលពី​ឆ្នាំមុន​ពិភពលោក​បាន​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ជិត ២៧ ពាន់​លាន​តោន​ទៅក្នុង​ខ្យល់អាកាស ហើយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ​បាន​កើន​ឡើងជា​លំដាប់​។​

​លោក ស្ទី​វ ផា​កាឡា ជីវ​វិទូ​នៅ​សាកលវិទ្យាល័យ​ព្រី​ន​ស្តុ​ន​បានឱ្យដឹង​ក្នុង​បទសម្ភាសន៍​មួយ​ថា ការ​ដែលមាន​មធ្យោបាយ​ដើម្បី​លុបបំបាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​បរិយាកាស​នឹងធ្វើ​ឱ្យ​ការងារ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ “​កាន់តែ​ងាយស្រួល​”​។​

​លោក​និយាយថា “​វា​នឹង​ធ្វើឱ្យ​គ្រប់គ្នា​គិត​ផ្សេង​អំពី​បញ្ហា​អាកាសធាតុ នៅពេល​អ្នកមាន​ឧបករណ៍​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ហើយ​សីតុណ្ហភាព​ក្តៅ​ខ្លាំង ដែល​យើង​ទទួលរង​នោះ នឹង​ថយចុះ​វិញ​”​។

​ក្រុមហ៊ុន Carbon Engineering ដែលជា​ក្រុមហ៊ុន​ថាមពល​កកើតឡើង​វិញ​នៅ​កាណាដា គាំទ្រ​ដោយ​លោក​ប៊ី​ល ហ្គេ​ត ថ្មីៗ​នេះ​ទើបតែ​ចេញ​ម៉ូត​រោងចក្រ​ឧស្សាហកម្ម​ដ៏​ធំ​មួយ ដែល​ខ្លួន​និយាយថា អាច​ចាប់យក​កាបូនឌីអុកស៊ីត​ពី​បរិយាកាស ដោយ​ចំណាយ​ថ្លៃ​ចន្លោះ ៩៤ ទៅ ២៣២ ដុល្លារ​ក្នុង​មួយ​តោន​។

​នេះ​គឺ​ទាប​ជាង​ការព្យាករណ៍ ៦០០ ដុល្លារ​កាលពីមុន​ដោយ​សង្គម​រូបវិទ្យា​អាមេរិក​។ នេះ​បើតាម​សម្តី​របស់លោក ដេវីត ខេ​ត សាស្ត្រាចារ្យ​រូបវិទ្យា​របស់​សាកលវិទ្យាល័យ​ហា​វើដ និង ជា​ស្ថា​និក​ក្រុមហ៊ុន Carbon Engineering៕ ដោយ៖ កញ្ញាដាលីស

កង្ហា​យក្ស​សម្រាប់​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹងដាក់​ពង្រាយ​នៅ​ទូទាំង​អាមេរិក​ចាប់ពី​ពាក់កណ្តាល​សតវត្សរ៍​ទី​២១​នេះ​ទៅ

ទីតាំងផ្សាយពាណិជ្ជកម្ម