​ឃាតកម្ម​នៅ​ខេត្តកណ្តាល​សមត្ថកិច្ច​៥​ស្ថាប័ន​រួមគ្នា​បំបែកសំណុំរឿង

1044
ចែករម្លែក

​ដោយៈ​ឆាយា​នា​ថ/​កណ្ដាលៈ​សំណុំរឿង​ករណី​ឃាតកម្ម​គិតទុក​ជាមុន​កាប់​នឹង​ពូថៅ​បន្ទាប់ពី​ធ្វើការ​ស៊ើប​​អង្កេត​ស្រាវជ្រាវ​អស់​រយ​:​ពេល​៤​ថ្ងៃ រួចមក​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បំបែកសំណុំរឿង​នេះ​បាន​ហើយ ។ ករណី​ឃាតកម្ម​គិតទុក​ជាមុន នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១៩៖៥​នាទី ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​៥ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ហេង ស៊ីរ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ជ្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។បច្ចុប្បន្ន​ស្នាក់​នៅក្នុង​ការដ្ឋាន​ដឹក​ដី​ចំណុចកើតហេតុ បាន​ប្រើប្រាស់​ពូថៅ​ជា​អាវុធ​កាប់​ចំក្បាល​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ភាព គឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួស​ជុស​រថយន្ត។ មាន​ស្រុកកំណើត​នៅ​ភូមិ​សូរិយា ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ស្នាក់​នៅក្នុង​ការដ្ឋាន​ដឹក​ដី​ជាមួយគ្នា បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​ឧ​ត្ត​ម​សេនីយ៍ សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាមៗ ដោយបាន​ធ្វើការ​តាម​ជំនាញ​នីតិវិធី​របស់ខ្លួន​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត ។​

​ក្រោយពី​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​នីតិវិធី​ជំនាញ ក្រោម​បញ្ជា​និង​ការយកចិត្តទុកដាក់​ទាំ​ង​មធ្យោបាយ ថវិកា របស់​សមត្ថកិច្ច នោះ គឺ​បាន​ចុះ​ដឹកនាំ​ផ្ទាល់​កម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក​ពាក់ព័ន្ធ សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ចាម។

កម្លាំងបាន​ពុះពារ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​តាម​បច្ចេកទេស​បទពិសោធន៍​ជំនាញ ជា​បន្តបន្ទាប់​ដោយ ជនសង្ស័យ​បាន​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និង​ចុងក្រោយ​ស​ង្ងំ​លាក់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ រហូតដល់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ចាប់បាន​ជនសង្ស័យ នៅ​ចំណុច​មុខផ្ទះ​វេរ​លុយ ទ្រូ​ម៉ាន់​នី ជាប់​ផ្លូវជាតិ​លេខ​៦.​អា ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ការសម្រេចបាន​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ​ក៏ដោយ​សារ​មានការ​សម្របសម្រួល​កិច្ច​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​រាជធានី​ភ្នំពេញ​ខេត្ត​ពាក់ព័ន្ធ​តាម​ដំណាក់កាល​នីមួយៗ​ក្នុងការ​ពន្លាត​សមត្ថកិច្ច​ដែនដី​ផងដែរ និង​ដោយមាន​កិច្ចសហការ​ល្អ​រវាង​ជំនាញ​កងរាជអាវុធហត្ថ​គ្រប់លំដាប់​ថ្នាក់​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ជនសង្ស័យ រូបនេះ បាន​សារភាពថា ក្រោយពី​ខ្លួន​មានទំនាស់​ពាក្យសំដី​ឈ្លោះប្រកែក វាយតប់​គ្នា​ជាមួយ​ជនរងគ្រោះ​នៅ​កន្លែង​ផឹក​សុ​ី ជនសង្ស័យ​បាន​យក​ពូថៅ​មក​កាប់​ក្បាល​ជនរងគ្រោះ​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ជំនាញ​ឃាត់ខ្លួន​និង​កំពុង​បន្ត​នីតិវិធី​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕S/​

​ឃាតកម្ម​នៅ​ខេត្តកណ្តាល​សមត្ថកិច្ច​៥​ស្ថាប័ន​រួមគ្នា​បំបែកសំណុំរឿង

ទីតាំងផ្សាយពាណិជ្ជកម្ម