ជែក ម៉ា ឡើង​មកលើ​កំពូល​តារាង​អ្នកមាន​បំផុត​នៅ​ចិន ខណៈ​ការធ្លាក់ចុះ​ភាគហ៊ុន​បណ្តាលឱ្យ​ធ្លាក់ចុះ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ចិន​ទាំងអស់​

1464
ចែករម្លែក
  • 34
    Shares

​ភាគហ៊ុន​ធ្លាក់ចុះ ការព្រួយបារម្ភ​អំពី​ឥណទាន​និង​ពាណិជ្ជកម្ម និង​ប្រាក់​យ័ន​ធ្លាក់​ថ្លៃ​បាន​ប៉ះពាល់​យ៉ាងដំណំ​ទៅលើ​ទ្រព្យសម្បត្តិ​របស់​ពួក​អ្នកមាន​បំផុត​របស់​ចិន​ក្នុងឆ្នាំនេះ ជាមួយ​អ្នកមាន​បំផុត​ចំនួន ៩៣ នាក់​ក្នុង​បញ្ជី​អ្នក​មាននៅ​ចិន​របស់​ទស្សនា​វ​ដ្តី​ហ្វ​ប (Forbes China Rich List) កាលពី​ឆ្នាំមុន បាន​ជ្រុះ​ចេញពី​បញ្ជី​ទាំងអស់គ្នា​ក្នុង​ឆ្នាំ ២០១៨​។​

​យោងតាម​ទស្សនា​វ​ដ្តី​ហ្វ​ប អ្នកមាន​ជាង ៣​ភាគ​៤​នៅលើ​បញ្ជី​កាលពី​ឆ្នាំមុន បាន​ធ្លាក់ចុះ​ទ្រព្យសម្បត្តិ ហើយ​ក្នុងចំណោម​អ្នក​ដែល​នៅ​បន្ត​មានឈ្មោះ​លើ​បញ្ជី គឺ ២២៩​នាក់​ឥឡូវនេះ​ក្រ​ជាង​ឆ្នាំមុន​។ ជិត ១​ភាគ​៣​នៃ​ពួក​អ្នកមាន​ទាំងនោះ​គឺ​ធ្លាក់ចុះ​ទ្រព្យសម្បត្តិ ២០​ភាគរយ​ឬ​ច្រើនជាង​នេះ​។

​ហើយ​ខណៈដែល​មហាសេដ្ឋី​ចំនួន ៤០០ នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​កាលពី​ឆ្នាំមុន មានទ្រព្យ​សម្បត្តិ​ជាង ១ ពាន់​លាន​ដុល្លារ ទ្រព្យសម្បត្តិ​ឆ្នាំនេះ​គឺ​ធ្លាក់​ចុះមក​ត្រឹម ៨៤០ លាន​ដុល្លារ ជាមួយ​អ្នក​មានតែ ៣៤៤ នាក់​ក្នុងចំណោម ៤០០ នាក់​ប៉ុណ្ណោះ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​១ ពាន់​លាន​ដុល្លារ​។​

​លោក​ជែក ម៉ា ប្រធាន​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស Alibaba បាន​វិល​ត្រឡប់មក​កំពូល​តារាង​ឆ្នាំនេះ​វិញ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៤ ជាមួយ​ទ្រព្យសម្បត្តិ ៣៤,៦ ពាន់​លាន​ដុល្លារ គឺ​ថយចុះ ៤ ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

លោក ជែក ម៉ា ឡើងមក​កំពូល​តារាង​មហាសេដ្ឋី​ចិន​វិញ​សម្រាប់​ឆ្នាំ ២០១៨

​លោក​ម៉ា​បាន​ប្តូរ​ចំណាត់ថ្នាក់​គ្នា​ជាមួយ​លោក ហ៊ុយ កា​យ៉ាន ប្រធាន​ក្រុមហ៊ុន China Evergrande ដែលមាន​ទ្រព្យសម្បត្តិ ៣០,៨ ពាន់​លាន​ដុល្លារ គឺ​ធ្លាក់ចុះ ២៨ ភាគរយ​ធៀប​នឹង​ឆ្នាំមុន និង​បាន​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​៣​។ គាត់​គឺជា​អ្នកខាតបង់​ទ្រព្យសម្បត្តិ​ដ៏​ធំ​បំផុត​នៃ​ឆ្នាំនេះ​គិត​ជា​ប្រាក់​ដុល្លារ គឺ​បាត់បង់ ១១,៧ ពាន់​លាន​ដុល្លារ​។​

​លោក ម៉ា ហួ​តេង ម្ចាស់​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត Tencent បាន​ជាប់​ចំណាត់ថ្នាក់​លេខ ២ ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន ៣២,៨ ពាន់​លាន​ដុល្លារ បន្ទាប់ពី​ធ្លាក់ចុះ ៦,២ ពាន់​លាន​ដុល្លារ​។

​បញ្ជី​អ្នកមាន​បំផុត​ទាំង ១០ រូប​នៅ​ចិន​ឆ្នាំ ២០១៨៖
១. ជែក ម៉ា (៣៤,៦ ពាន់​លាន​ដុល្លារ​)
២. ម៉ា ហួ​តេង (៣២,៨ ពាន់​លាន​ដុល្លារ​)
៣. ហ៊ុយ កា​យ៉ាន (៣០,៨ ពាន់​លាន​ដុល្លារ​)
៤. វ៉ា ជៀន​លីន (២២,៧ ពាន់​លាន​ដុល្លារ​)
៥. ហឺ ស៊ាំ​ង​ចៀន (១៩,៥ ពាន់​លាន​ដុល្លារ​)
៦. យ៉ាង ហ៊ុយ​យ៉ាន (១៧,១ ពាន់​លាន​ដុល្លារ​)
៧. វ៉ាង វៃ (១៤,៩ ពាន់​លាន​ដុល្លារ​)
៨. រ៉ូ​ប៊ី​ន លី (១៤,៦ ពាន់​លាន​ដុល្លារ​)
៩. លី ស៊ូ​ហ្វូ (១៤,២ ពាន់​លាន​ដុល្លារ​)
១០. វី​លលៀម ទីង (១៣,៥ ពាន់​លាន​ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

 

ទីតាំងផ្សាយពាណិជ្ជកម្ម