កូរ៉េ​ទាំង​២​ចាប់ផ្តើម​ដក​អាវុធ​និង​ប៉ុស្តិ៍​យាម​ចេញពី​ភូមិ​ជាប់​ព្រំដែន​

1033
ចែករម្លែក

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៥ខែតុលាថា “កូរ៉េទាំង២បានដកអាវុធនិងប៉ុស្តិ៍យាមទាំងអស់ចេញពីភូមិព្រំដែនដែលមានបទឈប់បាញ់នៅសម័យសង្គ្រាមត្រជាក់ ដែលទាហានប្រដាប់ដោយអាវុធបានសំឡឹងមើលឃើញគ្នាទៅវិញទៅមកជាច្រើនទសវត្សរ៍នៅទីនោះ។

តំបន់សន្តិសុខរួមនេះ ឬ ហៅថា ភូមិPanmunjom គឺជាចំណុចក្តៅខាងយោធានិងជាទីតាំងសំខាន់សម្រាប់ការចរចាការទូតផងដែររវាងកូរ៉េទាំង២ ចាប់តាំងពីមានការបែងចែកព្រំដែនកាលពីឆ្នាំ១៩៥៣ មកនោះ។

វាគឺជាតំបន់ព្រំដែនមានភាពតានតឹង ហើយវាមានវែងព្រំដែន២៥០គីឡូម៉ែត្រ ជាទីដែលទាហានកូរ៉េខាងជើងនិងក្រុមទាហានអង្គការសហប្រជាជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកឈរឈាមនៅទល់មុខគ្នា ។

លោក ឆយ ហ្យុន ស៊ូ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ឥឡូវនេះក្រុមទាហានព្រំដែន នឹងចាប់ផ្តើមមិនកាន់អាវុធទៀតទេ ចាប់ពីថ្ងៃសុក្រទី២៦តុលានេះទៅដែលជាផ្នែកមួយនៃការវិវឌ្ឍទំនាក់ទំនងការទូតថ្មីៗនេះ ដែលបានធ្វើឡើងដោយប្រទេសដែលធ្លាប់ជាសត្រូវគ្នាទាំង២នេះ ។

លោក ឆយ ហ្យុន ស៊ូបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំដឹងថាវានឹងកើតឡើងទៅតាមផែនការ” ។

ភូមិPanmunjom គឺជាកន្លែងបទឈប់បាញ់ដែលបានបញ្ឈប់សង្គ្រាមកូរ៉េ ហើយបទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅទីនោះ។ ភូមិPanmunjom គឺជាតំបន់អព្យាក្រឹត។

កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងយោធានៅព្រំដែនរបស់ពួកគេនៅក្នុងជំនួបមួយនៅទីក្រុងព្យុងយ៉ាង កាលពីខែមុន រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន​​​​ ជែអ៊ីន និង លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង។

កាលពីសប្តាហ៍មុន កូរ៉េទាំង២ បាន​ប​ញ្ចប់ការបោសសម្អាតគ្រាប់មីននៅភូមិជាប់ព្រំដែននេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ៕ដោយ៖សុខា/sn

ទាហានកូរ៉េខាងត្បូងនិងទាហានអាមេរិក ឈរយាមនៅភូមិព្រំដែនPanmunjom នៅតំបន់គ្មានយោធាកាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម