លោក ម៉ែន វិបុល : មន្ទីរ​អង្គភាព​និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ឆ្លើយតប​និង​ដោះស្រាយ​ឲ្យ​លឿន​តាម​សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​

1147
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារ​យុវជន និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​នៅក្នុង​ខែតុលា​កន្លងមកនេះ បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន រួមចំណែក​ធ្វើ​ឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ជាពិសេស​នៅក្នុង​ការពារ​សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ព្រមទាំង​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម សំណើ សំណូមពរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ជាពិសេស​នៅក្នុង​ការអន្តរាគមន៍​ជួយ​ដោះស្រាយ​ចំពោះ​ករណី​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង និង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​។

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែតុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត ស្វាយរៀង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។

​លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​ក៏បាន​ជម្រុញ​និង​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ចាត់វិធានការ​ដោះស្រាយ ឲ្យ​បាន​កាន់តែ​លឿន និង​ឆាប់រហ័ស​ឆ្លើយតប​ទៅនឹង​សំណើ សំណូមពរ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ត្រូវ​ចុះ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​នៅពេល​មាន​គ្រោះធម្មជាតិ​កើតឡើង​នៅ​មូលដ្ឋាន​។ ដោយឡែក អនុគណៈកម្មការ​រៀប​ចំ​ពិធី​ប្រណាំងទូក​ទាំងអស់ ត្រូវ​តាមដាន និង​ចុះ​ពិនិត្យ​នូវ​រាល់​ការងារ​ទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ចាត់ចែង​កិច្ច​ការដែល​នៅ​សេសសល់​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​មុន​ពិធី​ប្រណាំងទូក​ផ្លូវការ​ចាប់ផ្ដើម ដើម្បី​ឲ្យ​ពិធី​ប្រណាំងទូក​ឆ្នាំនេះ ប្រព្រឹត្ត​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ​តាម​ការគ្រោងទុក ជាពិសេស​ត្រូវខិតខំ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ឲ្យ​បានល្អ​ប្រសើរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ទស្សនា និង​លេង​កម្សាន្ត​នៅក្នុង​ពិធី​នេះ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ