បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន​នឹង​ទទួលបាន​ប្រព័ន្ធ​ព្រមាន​ជាមុន​អំពី​រញ្ជួយ​ដី​

1308
ចែករម្លែក
  • 103
    Shares

​ចិន​នឹង​ដំឡើង​ប្រព័ន្ធ​ព្រមាន​រញ្ជួយ​ដី​ជាមុន​សម្រាប់​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្នុងអំឡុង​រយៈពេល​៣​ឆ្នាំ​ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​ដល់​បណ្តាញ​ផ្លូវ​រថភ្លើង​វែង​ជាងគេ​លើ​ពិភពលោក​។​

​ក្រុមហ៊ុន China Railway Corp និង​រដ្ឋបាល​រញ្ជួយ​ដី​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​តុលា​។ កិច្ចព្រមព្រៀង​នេះ​គឺមាន​គោលបំណង​បង្កើន​សមត្ថភាព​នៃ​បណ្តាញ​ផ្លូវដែក​ដើម្បី​ទប់​ទល់នឹង​រញ្ជួយ​ដី​ធំៗ តាមរយៈ​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ​និង​បច្ចេកវិជ្ជា​និង​ការចែករំលែក​ព័ត៌មាន​។​

​យោងតាម​កិច្ចព្រមព្រៀង​នេះ រដ្ឋបាល​រញ្ជួយ​ដី​ចិន​នឹង​ផ្តល់​របាយការណ៍​ទាន់ពេលវេលា​អំឡុងពេល​ពេញៗ​មួយឆ្នាំ ហើយនឹង​ផ្តល់​ការ​នូវ​ការព្រមាន​ជា​ផ្លូវការ​អំពី​ការរញ្ជួយ​ដី​នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០២១​។​

​យោងតាម​រដ្ឋបាល​រញ្ជួយ​ដី​ចិន ប្រព័ន្ធ​ព្រមាន​ជាមុន​នេះ​នឹង​រួមបញ្ចូល​ស្ថានីយ​សង្កេត​ជាង ១៨.០០០ កន្លែង​នៅ​ទូទាំងប្រទេស​នៅត្រឹម​ឆ្នាំ ២០២១​។ នៅពេល​មាន​រញ្ជួយ​ដី​កើតឡើង ស្ថានីយ​ទាំងនោះ​នឹង​បញ្ជូន​សញ្ញា​រញ្ជួយ​ដី​ទៅ​រដ្ឋបាល​រញ្ជួយ​ដី​និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នានា​នៃ​បណ្តាញ​ផ្លូវដែក​។ ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​នឹង​វាស់​ស្ទង់​អាំង​តង់​ស៊ី​តេ​និង​តំបន់​ដែល​អាច​រង​ផលប៉ះពាល់​ដោយ​ស្វ័យប្រវត្តិ​។ នៅពេល​ទិន្នន័យ​ឈានដល់​កម្រិត​ក្តៅ​ខ្លាំង ប្រព័ន្ធ​នេះ​នឹង​បន្ថយល្បឿន​ឬ​បញ្ឈប់​រថភ្លើង​ដែល​ពាក់ព័ន្ធ​។​

​ប្រព័ន្ធ​នេះ​ត្រូវបាន​សាកល្បង​រួចហើយ​នៅលើ​ផ្លូវដែក​ជាច្រើន​នៅក្នុង​ខេត្ត​ហ្វូ​ចៀន និង​ខេត្ត​ស៊ី​ឈាន់ ហើយ​បាន​ផ្តល់ព័ត៌មាន​ព្រមាន​ជាមុន​ដោយ​ជោគជ័យ​។ ការបញ្ចប់​ការសាកល្បង​លើ​ខ្សែ​រថភ្លើង​តា​ទុង​-​សៀន (Datong-Xian) កាលពី​ខែសីហា​គឺជា​ការកត់សម្គាល់​នូវ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អភិវឌ្ឍ​ដោយ​ខ្លួនឯង​ពី​ដំណាក់កាល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​មករក​ការប្រើប្រាស់​ជាក់ស្តែង​។​

​ប្រទេស​ចិន​មាន​បណ្តាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​វែង​បំផុត​លើ​ពិភពលោក ប៉ុន្តែ​ក៏​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​រងគ្រោះ​បំផុត​ពី​រញ្ជួយ​ដី​ផងដែរ​។ ចាប់ពី​ឆ្នាំ ១៩០០ ដល់​ឆ្នាំ ២០១៧ ប្រទេស​ចិន​ត្រូវបាន​វាយប្រហារ​ដោយ​រញ្ជួយ​ដី ១៨ លើក​ជា​មធ្យម​ប្រចាំឆ្នាំ ក្នុង​កម្រិត​លើស ៥ រិ​ច្ឆ​ទ័​រ​។ នៅ​ឆ្នាំនេះ​រញ្ជួយ​ដី​មាន​ចំនួន ១០ លើក​ហើយ​។​

​យោងតាម​ក្រុមហ៊ុន China Railway Corp ចិន​គ្រោង​នឹង​ពង្រីក​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​របស់ខ្លួន​ចាប់ពី​ប្រហែល ២៥.០០០ គីឡូម៉ែត្រ​នៅ​ចុងឆ្នាំ ២០១៧ រហូតដល់​ជាង ៣០.០០០ គីឡូម៉ែត្រ​នៅត្រឹម​ឆ្នាំ ២០២០ ដោយ​គ្របដណ្តប់​ជាង ៨០ ភាគរយ​នៃ​ទីក្រុង​ធំៗ​និង​មធ្យម​របស់​ប្រទេស​។​

​រថភ្លើង​ដែល​កាន់តែ​លឿន ការខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​នៅពេល​ដែលមាន​រញ្ជួយ​ដី ព្រោះ​រញ្ជួយ​ដី​ខ្លាំង​មួយ​អាច​បណ្តាលឱ្យ​រថភ្លើង​លឿន​បើក​ធ្លាក់​ផ្លូវ​បាន​។ ដូច្នេះ​ហានិភ័យ​អាច​ត្រូវបាន​កាត់បន្ថយ ប្រសិនបើ​រថភ្លើង​អាច​បញ្ឈប់​បាន បន្ទាប់ពី​ទទួល​ការព្រមាន​ជាមុន​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​លឿន​របស់​ចិន​នឹង​ទទួលបាន​ប្រព័ន្ធ​ព្រមាន​ជាមុន​អំពី​រញ្ជួយ​ដី​ក្នុងពេល ៣ ឆ្នាំ​ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម