កូរ៉េខាងជើង​ព្រមាន​អាមេរិក​ប្រឆាំង​” វិធានការ​បំផ្លាញ​ទំនុកចិត្ត “

2784
ចែករម្លែក

មន្ត្រីកូរ៉េខាងជើងម្នាក់កាលពីថ្ងៃព្រហស្បតិ៍បានជំរុញសហរដ្ឋអាមេរិកឱ្យលុបចោលទណ្ឌកម្មភ្លាមៗប្រឆាំងនឹងប្រទេសរបស់ខ្លួន ដោយព្រមានថា”វិធានការបំផ្លាញទំនុកចិត្ត” របស់ប្រទេសនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចារំលាយអាវុធនុយក្លេអ៊ែរ។

សហរដ្ឋអាមេរិកបានទទូចរក្សាទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរឹងលើកូរ៉េខាងជើងរហូតដល់របបក្រុងព្យុងយ៉ាងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនទោះបីជាក្រុមមេដឹកនាំនៃប្រទេសទាំង២នេះត្រូវបានគេរំពឹងថានឹងធ្វើកិច្ចជំនួបកំពូលលើកទី២ក្នុងពេលឆាប់ៗក៏ដោយ។

លោក សុង អ៊ីល ហ៊ីយ៉ុក អគ្គនាយករងនៃវិទ្យាស្ថានរំសាយសព្វាវុធ និងសន្តិភាពរបស់ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅវេទិកាស្តីពីសន្តិសុខនៅក្នុងទីក្រុងប៉េកាំងថា “យើងគិតថា ការដាក់ទណ្ឌកម្មនិងសម្ពាធ ធ្វើឱ្យមានគ្រោះថ្នាក់ច្រើនជាងផលល្អ។ ការដាក់ទណ្ឌកម្មនេះគឺមិនជួយកសាងទំនុកចិត្តទាល់តែសោះ ប៉ុន្តែវាជាវិធានការបំផ្លាញទំនុកចិត្ត “។

នៅឯកិច្ចជំនួបកំពូលលើកមួយរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម​ ជុង អ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យា មួយដែលមិនច្បាស់លាស់ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការរីកចម្រើនតិចតួចចាប់តាំងពីពេលនោះមកដោយសារតែភាគីទាំង២បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងនោះ។

លោក សុង អ៊ីល ហ៊ីយ៉ុក បាននិយាយថា លោក ដូណាល់ ត្រាំ និង លោក គីម​ ជុងអ៊ុន បានទទួលស្គាល់ថាការកសាងជំនឿទុកចិត្តគ្នាទៅវិញទៅមកអាចជំរុញការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក្នុងអំឡុងពេលកិច្ចជំនួបរបស់ពួកគេនៅប្រទេសសិង្ហបុរី។

លោកសុង អ៊ីល ហ៊ីយ៉ុក បានអំពាវនាវរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឱ្យលុបចោលទណ្ឌកម្មភ្លាមៗដើម្បីកសាងទំនុកចិត្ត៕ដោយ៖សុខា/sn

សហរដ្ឋអាមេរិកបានទទូចរក្សាទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរឹងលើកូរ៉េខាងជើងរហូតដល់កូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម