ចិន​និង​ជប៉ុន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាង​៥០​ដើម្បី​ពង្រឹង​កិច្ចសហការ នៅពេល​អា​បេ​ទស្សនកិច្ច​ក្រុង​ប៉េកាំង​

2819
ចែករម្លែក
  • 27
    Shares

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេនៅក្រុងប៉េកាំងកាលពីថ្ងៃសុក្រទី២៦តុលា ចិននិងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនធំស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីដោយភាគីទាំង២បានសន្យាបង្កើនកិច្ចសហការគ្នានៅក្នុងវិស័យចាប់ពីហិរញ្ញវត្ថុនិងពាណិជ្ជកម្មរហូតដល់នវានុវត្តន៍និងការចុះបញ្ជីក្រុមហ៊ុនផលបត្រ។

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ខណៈមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអាស៊ីទាំង២ សម្លឹងទៅរកការស្ថាបនាទំនាក់ទំនងនិងទំនុកចិត្តអោយកាន់តែមាំទាំឡើងចំពេលមានជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

យោងតាមឯកសារព្រាងមួយ កិច្ចព្រមព្រៀងរួមមានគំរោងថាមពល សុខាភិបាលរហូតដល់ហិរញ្ញវត្ថុនិងយានយន្ត។

កាសែតNikkeiបាននិយាយថា កិច្ចព្រមព្រៀងជាង៥០ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ រួមមានមួយស្តីពីការអភិវឌ្ឍន៍ទីក្រុងមួយនៅថៃរួមគ្នា។

លោកអាបេ ដែលអមដំណើរដោយរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូធុរកិច្ច៥០០នាក់ ក៏ចូលរួមក្នុងវេទិកាមួយស្តីពីកិច្ចសហការសេដ្ឋកិច្ចនៅក្នុងប្រទេសតតីយលោក។

Nikkeiបានរាយការណ៍ថា តំណាងក្រុមហ៊ុនដល់ទៅ១.៤០០នាក់មកពីប្រទេសទាំង២ក៏ចូលរួមចុះហត្ថលេខានៅក្នុងអំឡុងធ្វើវេទិកានេះកាលពីព្រឹកថ្ងៃសុក្រ។

ចំណែកកាសែតYomiuri បាននិយាយថា ជប៉ុននិងចិនក៏ត្រូវរំពឹងថាយល់ព្រមដំណើរការឡើងវិញកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណមួយដែលត្រូវបានទុកចោលកាលពីឆ្នាំ២០១៣ ហើយរួមគ្នាបង្រ្កាបលើការប្រើល្បិចទីផ្សារ។

ជំនួបរបស់អាបេជាមួយប្រធានាធិបតីចិន ស៊ី ជីនពីងនៅពេលក្រោយមកទៀតកាលពីថ្ងៃសុក្រទី២៦តុលា ជាជំនួបកំពូលពេញលេញចិន-ជប៉ុនលើកដំបូងចាប់តាំងពីឆ្នាំ២០១១។វាជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនក្នុងតំណែងម្នាក់ក្នុងរយៈពេល៧ឆ្នាំមកនេះ។

នាយករដ្ឋមន្រ្តីចិន លី ឃឹឈាំង ដែលបានទៅជប៉ុនកាលពីខែឧសភា បានស្វាគមន៍លោកអាបេនៅមហាសាលប្រជាជនក្នុងក្រុងប៉េកាំងបន្ទាប់ពីការមកដល់របស់សមភាគីជប៉ុនកាលពីថ្ងៃព្រហស្បតិ៍។លោកបាននិយាយថា«ទំនាក់ទំនងចិន-ជប៉ុនវិលមករកភាពប្រក្រតីវិញនិងបង្ហាញការរីកចំរើនឡើងជាប់។យើងមានបំណងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសតតីយលោក ជាផ្នែកនៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” និងជំរុញកិច្ចសហការទ្វេភាគីអោយដល់កំរិតខ្ពស់ឡើង»។

ជប៉ុនចង់បានការធានាថា គំរោងរួមគ្នាណាមួយជាមួយចិន ត្រូវមានតម្លាភាព បើកចំហនិងមានការវិនិច្ឆយល្អខាងហិរញ្ញវត្ថុ។ជប៉ុនក៏សង្ឃឹមមានការរីកចំរើនចំពោះការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០០៨មួយស្តីពីការអភិវឌ្ឍតំបន់ធ្វើអាជីវកម្មហ្គាសរួមគ្នានៅក្នុងដែនទឹកមានជម្លោះ និងក៏ចង់អោយចិនបន្ធូរបន្ថយការកំហិតកាំនាំចូលលើផលិតផលចេញពីតំបន់ដែលរងគ្រោះពីមហន្តរាយនុយក្លេអ៊ែរហ្វ៊ុយគុស៊ីម៉ាកាលពីឆ្នាំ២០១១។

ដំណើរទស្សនកិច្ច៣ថ្ងៃរបស់អាបេ ក៏ត្រូវរំពឹងថាជួយបង្កើនទំនុកចិត្តដែលបានចុះដុនដាបម្តងម្កាលចាប់តាំងពីប្រទេសទាំងពីបានស្តារទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧២។លោកបានទៅចូលរួមក្នុងពិធីប្រារព្វខួបទី៤០នៃ សន្ធិសញ្ញាមិត្តភាពនិងសន្តិភាពទ្វេភាគីកាលពីថ្ងៃព្រហស្បតិ៍៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីចិននិងសមភាគីជប៉ុន ធ្វើសន្និសីទកាសែតរួមគ្នានៅក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចរបស់លោកអាបេ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ