មន្ត្រី​ជំនាញ​ថា​ជម្រើស​បន្ត​ពូជ​គឺជា​គន្លឹះ​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឃន៍​ដោយ​ចីរភាព​

949
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោកស្រី រី​ហ្ស​វី​ណា ឌឺ​អាល់​វី​ស តំណាង​អង្គការ UNFPA ប្រចាំ​កម្ពុជា បាន​អះអាង​អំពី​ស្ថានភាព នៃ ជម្រើស​ក្នុងការ​មានកូន​នៅ​កម្ពុជា​ថា  នៅ​កម្ពុជា មាន​ស្ត្រី​ម្នាក់ ក្នុងចំណោម ៨ នាក់ បាន​ក្លាយជា​ម្តាយ​ទាំង​នៅ​វ័យក្មេង , អត្រា នៃ អ្នក​មិនអាច​ទទួលបាន​មធ្យោបាយ​ពន្យារកំណើត​មា​នក​ម្រឹត​ខ្ពស់​នៅឡើយ គឺ ១២,៥ ភាគរយ ជាពិសេស​ក្នុងចំណោម​ស្ត្រី​វ័យក្មេង​នៅតាម​ជនបទ ។ ប្រសិនបើ​កម្ពុជា​អាច​កាត់បន្ថយ​អត្រា​ទាំងនេះ​បាន​នោះ ស្ត្រី​នឹងមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​លើ​បញ្ហា​សុខភាព​បន្ត​ពូជ និង មានអំណាច​គ្រប់គ្រាន់​ក្នុងការ​ផ្លាស់ប្តូរ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ និង សង្គម ឱ្យមាន​ភាពប្រសើរ​ជាង​នេះ  ។​

​លោកស្រី រី​ហ្ស​វី​ណា ឌឺ​អាល់​វី​ស អះអាង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​សិទ្ធិ នៃ ការជ្រើសរើស​លើ​បញ្ហា​សុខភាព​បន្ត​ពូជ និង ប្រែ​ប​ម្រួ​ល​ប្រជាសាស្ត្រ រៀបចំ​នៅឯ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨ ។

​លោក ប៉ិច ប៊ុន​ណាក់ រដ្ឋលេខាធិការ​ក្រសួងផែនការ បាន​លើកឡើងថា កម្ពុជា បានផ្តល់​សិទ្ធិ​ពេញលេញ​ដល់​ជន​គ្រប់រូប​ជាពិសេស​ស្ត្រី ក្នុងការ​ជ្រើសរើស​នូវ​ការ​មានកូន​តាម​ក្តី​ប្រាថ្នា​របស់​ពួកគេ ។ ក្រសួងសុខាភិបាល បាន​ពង្រីក​សេវា​ពន្យារកំណើត​ទៅគ្រប់​ទិស​ទី នៃ ផ្ទៃ​ប្រទេស ដែល​គូ​ភរិយា​ស្វាមី​អាច​រកបាន ។ ចំពោះ​ជនក្រីក្រ​វិញ កម្ពុជា មាន​មូល​និ​ធី​សមធម៌ ដែល​អាចឱ្យ​គូ​ភរិយា​ស្វាមី​ទាំងឡាយ​រកបាន​ទាំង​មធ្យោបាយ​ពន្យារកំណើត និង ការប្រឹក្សា​យោបល់​ក្នុងការ​រៀបចំ​ផែនការ​គ្រួសារ​ដោយ​មិនចាំបាច់​អស់​ថវិកា ។​

លោក ប៉ិច ប៊ុន​ណាក់ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​ពួក​អ្នកសារព័ត៌មាន ( រូបៈ មេសា )

​ ​ប៉ុន្តែ​លោក ប៉ិច ប៊ុន​ណាក់ បន្ថែមថា កត្តា​ដ៏​ចម្បង​ដែល​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​ជាពិសេស​ស្ត្រី​វ័យក្មេង​នៅតាម​ជនបទ មិន​ទទួលបាន​សេវា​ពន្យារកំណើត ឬ មានកូន​មិន​តាម​បំណង​នោះ គឺ​ការយល់ដឹង​របស់​បុគ្គ​ល​ជា​ស្វាមី និង ភរិយា​នោះ​តែម្តង ដែល​ចំណុច​នេះ ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ថែម​ការផ្សព្វផ្សាយ​អប់រំ​បន្ថែមទៀត ដើម្បី បញ្ជ្រាប​ការយល់ដឹង​អំពី​ការ​មានកូន​តាម​បំណង​ដល់​ពួកគាត់ ។​

​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា ការ​មាន​ជម្រើស នៃ ការ​មានកូន ដូចជា​ថា ពេលណា​មានកូន មានកូន​ប៉ុន្មាន​នាក់ ហើយ​ចន្លោះ​ពី​កូន​មួយ​ទៅ​កូន​មួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាដើម គឺមាន​ឥទ្ធិពល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម ការអប់រំ សុខភាព និង ការងារ​ជាដើម ។


​អង្គការ UNFPA បាន​លើកឡើងថា នៅលើ​ពិភពលោក​នេះ មិនទាន់មាន​ប្រទេស​ណាមួយ​ហ៊ាន​អះអាងថា ពលរដ្ឋ​របស់ខ្លួន​មានលទ្ធភាព ឬ ជម្រើស​ពេញលេញ និង គ្រប់ពេលវេលា​ក្នុងការ​បន្ត​ពូជ​នៅឡើយ ទោះជា​ប្រទេស​នោះ​មាន​សេដ្ឋកិច្ច​ជឿនលឿន​យ៉ាងណាក៏ដោយ ។​

​ជម្រើស នៃ ការ​មានកូន​នៅមាន​ក​ម្រឹត​នេះ គឺជា​ឧបសគ្គ​ក្នុង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ ២០៣០ ។ ហេតុនេះ UNFPA ប្រចាំ​កម្ពុជា​អះអាងថា​ខ្លួន​បាន​ត្រៀម​ជាស្រេច​ហើយ​ក្នុងការ​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង ដៃគូ​ពាក់ព័ន្ធ ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្រើស នៃ ការ​មានកូន​ន​នេះ​នៅក្នុង​កម្មវិធី ៥ ឆ្នាំ​បន្ទាប់​របស់ខ្លួន គឺ ២០១៩-២០២៣ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម