ផ្អាក​ការអនុវត្ត​សាលដីកា​លើដី​ទំនាស់​មួយកន្លែង​ដោយ​រង់ចាំ​ការពន្យល់​បន្ថែម​ពី​តុលាការ​កំពូល​

1116
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​តំណាង​យ្យ​ការ​អម​សាលាដំបូង​ខេត្តកំពត​បានសម្រេច​ផ្អាក​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល​ដែល​គ្រោង​នឹង​ប្រព្រឹត្តឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៨​លើដី​ទំនាស់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ​ដោយ​សំអាងថា​ខ្លឹមសារ​ក្នុង​សាលដីកា លេខ​៣៣ ជ​.​ចុះ​ថ្ងៃទី​៦ ខែកុម្ភៈ​ឆ្នាំ​២០១៨​នោះ​បរិយាយ​មិនបាន​ច្បាស់លាស់​ដែល​តម្រូវឱ្យមាន​ការពន្យល់​បន្ថែម​។​

​ដី​ដែល​មានការ​ប្តឹងផ្តល់​ទៅវិញទៅមក​អូសបន្លាយ​ដប់ឆ្នាំ​មកហើយ​នោះ​មាន​ប្រវត្តិ​សង្ខេប​ដូចតទៅ​៖ ដោយ​អះអាង​ជា​ដី​កេរដំណែល​ពី​ឪពុកម្តាយ លោក​ម៉ាន សា​ឡេះ​ជា​បង​ស្ថិតក្នុង​ភាគី​ម្ខាង​នៃ​ជម្លោះ​បាន រៀបរាប់ថា​ដី​នេះ​បាន​ចែកគ្នា​មួយចំណែក​ម្នាក់​សម្រាប់​ប​ង​ប្អូនបង្កើត​ដោយ​លោក​បានទទួល​ផ្នែក​ខាងលិច ចំណែក​ប្អូនស្រី​នៅ​ផ្នែក​ខាងកើត​។ លុះដល់​ឆ្នាំ​២០០៨​អ្នក​មកពី​ចម្ងាយ​បាន​ទិញ​ចំណែក​ដី​ប្អូនស្រី រួច​លួច​ធ្វើ​ប្លង់​ចូលដល់​ដី​របស់លោក​ក៏​មានការ​ប្តឹងផ្តល់​គ្នា​ចូល​សាលាដំបូង​។

កាលនោះ តុលាការខេត្ត​បានសម្រេច​ឱ្យ​លោក​ចាញ់​ដោយ​កាត់​ដី​ឱ្យគេ​ទំហំ​៦២០​ម៉ែត្រក្រឡា ពោលគឺ​បាន​ចូលមក​ចំណែក​ដី​របស់លោក ទើប​បន្ត​ប្តឹងទៅ សាលាឧទ្ធរណ៍ ហើយ​ដំណាក់​កាលនោះ​សាលាឧទ្ធរណ៍​ក៏​នៅតែ​រក្សា​សាលដីការ​របស់​សាល​ដំបូង​ដដែល​។ ព្រោះតែ​មិន​សុខចិត្ត លោក​ក៏​បន្តទៅ​តុលាការ​កំពូល ដោយនៅ​ទីនោះ តុលាការ​កំពូល​បាន​បញ្ជូន​ត្រឡប់មក​សាលាឧទ្ធរណ៍​ដើម្បី​កាត់​ឡើងវិញ​ព្រោះ​ឯកសារ​លក់​ទិញ​មិន​ប្រក្រតី​។

គ្រានោះ​សាលាឧទ្ធរណ៍​បាន​កាត់​ឱ្យ ភាគី​អ្នកទិញ​នូវ​ទំហំ​ដី​៣៦៥​ម៉ែត្រក្រឡា​។ ម្ល៉ោះហើយ ពេល​សាលក្រម​បញ្ជូនទៅ​តុលាការ​កំពូល​ក៏បាន​រក្សា​ការសម្រេច​របស់​សាលាឧទ្ធរណ៍​មាន​ទំហំ​ដី​៣៦៥​ម៉ែត្រក្រឡា​ដែលជា​ការបញ្ចប់​រឿងរ៉ាវ​ប្តឹងផ្តល់​ត្រឹម​ឆ្នាំ​២០១៨ នេះ​។ លោក​សូម​អំពាវនាវ​ដល់​អស់​លោក ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មេត្តាជួយ​ដល់​ជនរងគ្រោះ​ផង​។

ថ្ងៃនេះ​លោក​យល់ព្រម​តាម​ការអនុវត្ត​សាលដីកា​តុលាការ​កំពូល​ដោយ​កាត់​ដី​ឱ្យគេ​តាម​ចំនួន​ដែល ប្អូនស្រី​បាន​លក់ គឺ​បណ្តោយ​៤៧​ម៉ែត្រ ទទឹង​២២​ម៉ែត្រ និង​សូមឱ្យ​ជំនាញ​សុរិយោដី​ចុះ​វាស់វែង​ឱ្យបាន​ត្រឹមត្រូវ​ពី​ណា​ទៅណា ព្រោះ​មិន​ចង់​បន្ត​រឿង​រ៉ាង​វែងឆ្ងាយ​។​

ដោយឡែក អ្នកស្រី ម៉ាន ហាប់​សះ ជា​ប្អូន​បាន​រៀបរាប់ថា​ដំបូង​ឡើយ​ដី​នេះ​ជា​របស់​អ្នកស្រី​កាន់កាប់​ទាំង អស់​ពេលដែល​បងប្រុស​គាត់​រស់​នៅ​ខេត្ត​ផ្សេង​។ ដោយសារ​បងប្រុស​រប​ស់​គាត់​វិល​ចូល​ស្រុកកំណើត​វិញ ហើយ​គ្មាន កន្លែង​នៅ អ្នកស្រី​ក៏​ប្រគល់​ដី​មួយកន្លែង​នៅ​ផ្នែក​ខាងលិច គឺ​ក្រៅ​ចំណែក​ប្លង់​ដែល​បានធ្វើ​រួចហើយនោះ​។ ក្រោយមក​បងប្រុស​ក៏បាន​លក់​ដី​នោះ ហើយ​រំកិល​ចូលមក​នៅលើ​ដី​របស់គាត់​ដែលមាន​លក្ខណៈ​ជាគ​ន្លុ​ក​ទឹក​ទៀត។

ទោះបី​អ្នកស្រី​ប្រាប់ថា​កុំ​នៅ​អី​ខ្លាច​មានរឿង​រ៉ាវ​ទៅ​ថ្ងៃក្រោយ​ក៏ដោយ​។លុះ​ពេល​អ្នកស្រី​ពុះ​លក់​ដី​មួយចំណែក​ឱ្យគេ​មិនបាន​លក់​ទាំងអស់​ទេ គឺ​ទុក​ត្រង់​ចំណែក​ដី​ផ្ទះ​ប្រគល់ឱ្យ​គាត់ តែ​ការឱ្យ​នោះ​មិនមាន​ផ្តិតមេដៃ ឬ​លាយ​លាក់​អក្សរ​អ្វី​ដែរ​។

ក្រោយពេល​អ្នកស្រី​លក់ ស្រាប់តែ​បងប្រុស​គាត់​ប្តឹង​ចូល​តុលាការខេត្ត​ចោទថា​ជា​ចោរលួច​ដី​គាត់​លក់​។ ដោយសារ​អ្នកស្រី​មាន​ឯកសារ​ត្រឹមត្រូវ សាលាដំបូង​ក៏​កាត់​ឱ្យ​បងប្រុស​ដែលជា​អ្នកប្តឹង​ចាញ់​ក្នុង​រឿងនេះ​។ ពេលនោះ​ហើយ​ដែល​បងប្រុស​ចាប់ផ្តើម​ព័ទ្ធរបង​លើដី​របស់គេ ហើយ​បន្ត​ប្តឹងទៅ​ភ្នំពេញ​ទៀត​។ ឥឡូវ​មានរឿង​រ៉ាវ​ពេលនេះ​មិនមែន​ជាមួយ​អ្នកស្រី​ទេ គឺជា​មួយ​អ្នកទិញ​ព្រោះ​បងប្រុស​គាត់​មិន​ព្រម​ប្រគល់​ដី​ឱ្យ​តាម​ចំនួន​ដែល​គេ​បាន​ទិញ​។

សូមបញ្ជាក់ថា មុនពេល​បន្តិច​នៃ​ការ​ចុះមក​អនុវត្ត​សាលដីកា​តុលាការ​កំពូល​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ ដឹកនាំ ដោយ​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នោះ សាច់ញាតិ​របស់​ភាគី​លោក ម៉ាន សា​ឡេះ​បាន​ប្រមូល​ផ្តុំគ្នា​មាន​ទាំង​កាន់​បដា និង​រូបថត​សម្តេច​តេ​ជោ ព្រមទាំង រូបថត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ត្រៀម​តវ៉ា ក៏ដូចជា​អំពាវនាវ​ដល់​តុលា​ការផ្តល់​ភាពយុត្តិធម៌​សម្រាប់​រឿងនេះ​។ ក្រោយ​ការចុះពិនិត្យ​ផ្ទាល់ និង​ផ្ទៀងផ្ទាត់​ខ្លឹមសារ​ក្នុង​សាលដីកា​តុលា​ក​ការ​កំពូល លោក​ព្រះរាជអាជ្ញា​ក៏​សម្រេច ផ្អាក​ការអនុវត្ត​សាលដីកា​ក្នង​ព្រឹក​ថ្ងៃ​ដដែល​វិញ​។​

ជុំវិញ​ករណីនេះ លោក​វ៉ិ​ត វ​ឌ្ឍ​នា នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា ដោយ ពិនិត្យឃើញថា​ខ្លឹមសារ​រឿប​រាប់​ក្នុង​សាលដីកា​មាន​ភាព​ព​មិន​ច្បាស់លាស់ លោក ឯក ឆេង​ហួត ក៏​សម្រេច​ផ្អាក ការអនុវត្ត​ដើម្បីឱ្យ​តុលាការ​កំពូល​ពន្យល់​ប​ន្ថែ​ម​។ ជាមួយ​នោះ​ក៏មាន​ការណែនាំ​ពី​លោក​អភិបាលខេត្ត​ឱ្យ មានការ​ពិភាក្សា​សម្របសម្រួល​បំណង​បញ្ចៀស​ការខាតបង់​សម្រាប់​ភាគី​ណាមួយ​៕S/​

ផ្អាក​ការអនុវត្ត​សាលដីកា​លើដី​ទំនាស់​មួយកន្លែង​ដោយ​រង់ចាំ​ការពន្យល់​បន្ថែម​ពី​តុលាការ​កំពូល​

ទីតាំងផ្សាយពាណិជ្ជកម្ម