ប៉ូលិស​អាមេរិក​ចាប់បាន​ជនសង្ស័យ​ក្នុងករណី​ផ្ញើ​កញ្ចប់​សំបុត្រ​ផ្ទុក​គ្រាប់បែក​ទៅ​ឥស្សរជន​ល្បីៗ​របស់​បក្ស​ប្រជាធិបតេយ្យ​

792
ចែករម្លែក

​បុរស​ម្នាក់​អាយុ ៥៦ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ​ផ្លរីដា​ទាក់ទង​ទៅនឹង​យុទ្ធនា​ការផ្ទុក​គ្រាប់បែក​ក្នុង​កញ្ចប់​សំបុត្រ ដែល​ផ្តោត​មុខសញ្ញា​ទៅលើ​ពួក​រិះគន់​មកលើ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​មន្ត្រី​អាមេរិក​បានប្រកាស​ឈ្មោះ​បុរស​នោះ​ថា សេសា សា​យ៉ុ​ក (Cesar Sayoc)​។ បុរស​នេះ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន ៥ ករណី​រួមទាំង​ការផ្ញើ​កញ្ចប់​សំបុត្រ​មាន​សារធាតុ​ផ្ទុះ​និង​ការគំរាមកំហែង​លើ​អតីត​ប្រធានាធិបតី​។​

​លោក​ត្រាំ​បាន​និយាយថា ទង្វើ​នេះ “​គឺ​គួរ​ស្អប់ខ្ពើម និង​មិន​ត្រូវបាន​ស្វាគមន៍​ក្នុងប្រទេស​របស់​យើង​ទេ​”​។​

​កញ្ចប់​សំបុត្រ​ផ្ទុក​គ្រឿងផ្ទុះ​ចំនួន ១៤ ត្រូវបាន​បញ្ជូន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ទៅ​ឥស្សរជន​ល្បីៗ​រួមទាំង​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា និង​តារា​សម្តែង រ៉ូបឺត ដេ​នី​រ៉ូ​។​

​កញ្ចប់​សង្ស័យ​២​ត្រូវបាន​គេ​រកឃើញ​នៅ​រដ្ឋ​ផ្លរីដា និង​ទីក្រុង​ញូវយ៉ក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៦​តុលា​។​

​ក្រោយមកទៀត​កញ្ចប់​២​ទៀត​ត្រូវបាន​រកឃើញ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ មហាសេដ្ឋី​និង​ជា​អ្នក​ឧបត្ថម្ភ​ដល់​គណបក្ស​ប្រជាធិបតេយ្យ​លោក ថម ស្តេ​យើ បាន​និយាយថា​កញ្ចប់​មួយ​ដែល​គេ​បញ្ជូនមក​គាត់​ត្រូវបាន​ស្ទាក់​ចាប់បាន​នៅឯ​ទីតាំង​ផ្ញើ​សំបុត្រ​មួយ​នៅ​ទីក្រុង​បឺ​លីង​ហ្គេម (Burlingame) ហើយ​កញ្ចប់​សំបុត្រ​មួយទៀត​ផ្ញើ​ទៅ​អាសយដ្ឋាន​របស់​ព្រឹទ្ធសមាជិក​បក្ស​ប្រជាធិបតេយ្យ​លោក កា​ម៉ា​ឡា ហារី​ស ត្រូវបាន​គេ​រាយការណ៍​នៅ​ទីក្រុង​សាក្រា​មេន​តូ​។​

​ឧបទ្ទវ​ហេតុនេះ​កើតឡើង​តិចជាង​២​សប្តាហ៍​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​របស់​អាមេរិក ជាមួយ​ស្ថានភាព​នយោបាយ​មាន​លក្ខណៈ​ជ្រុលនិយម​ខ្លាំង​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា​លោក​សា​យ៉ុ​ក​ត្រូវបាន​ចាប់ខ្លួន​នៅ​ហាង​លក់​គ្រឿងបន្លាស់​យានយន្ត​នៅ​ទីក្រុង​ផ្លាន​ថេ​សិន (Plantation) រដ្ឋ​ផ្លរីដា​។​

​នាយក FBI លោក គ្រី​ស្តូ​ហ្វើ រ៉េ បាន​បង្ហាញថា ជនសង្ស័យ​នេះ​ត្រូវបាន​ឃុំខ្លួន​បន្ទាប់ពី​ស្នាម​ម្រាមដៃ​របស់គាត់​ត្រូវបាន​គេ​រកឃើញ​នៅលើ​កញ្ចប់​សំបុត្រ​មួយ​៕ ដោយ៖ កញ្ញាដាលីស

សេសា សា​យ៉ុ​ក ត្រូវបាន​ចាប់ខ្លួន​នៅ​ផ្លរីដា​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម