ប្រធានាធិបតី​ចិន​ថា ទំនាក់ទំនង​ជាមួយ​ជប៉ុន​វិល​មករក​ផ្លូវត្រូវ​វិញ​

2900
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍កាលពីថ្ងៃសុក្រទី២៦តុលាថា ទំនាក់ទំនងទ្វេភាគីជាមួយជប៉ុនបានវិលមកកាន់«ផ្លូវត្រូវ»វិញហើយចិននឹងធានាថាកម្លាំងចលករវិជ្ជមាននេះនឹងនៅតែបន្ត។

ស៊ី ដែលបានមានប្រសាសន៍ដូច្នេះក្នុងអំឡុងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានបន្ថែមថាទំនាក់ទំនងប្រកបដោយសុខភាពល្អនិងមានស្ថេរភាពមួយ ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ។

នេះជាជំនួបកំពូលពេញលេញលើកដំបូងរវាងចិននិងជប៉ុនចាប់តាំងពីឆ្នាំ២០១១។

ប្រធានាធិបតីចិន និយាយជាមួយនាយករដ្ឋមន្រ្តីជប៉ុន ក្នុងអំឡុងជំនួបនៅផ្ទះទទួលភ្ញៀវក្នុងក្រុងប៉េកាំង កាលពីថ្ងៃ២៦តុលា

មុននេះក្នុងថ្ងៃដដែល ប្រទេសទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនធំ រួមមានការដោះដូររូបិយបណ្ណ៣០ពាន់លាន ចំពេលចិនមានបញ្ហាពាណិជ្ជកម្មជាមួយអាមេរិក។

អាបេ និងនាយករដ្ឋមន្រ្តីចិន លោកលី ឃឹឈាំងក៏បានយល់ស្របគ្នាថា ជប៉ុននិងចិនធ្វើការជាមួយគ្នាដើម្បីសំរេចការធ្វើអោយឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។

កិច្ចព្រមព្រៀងមួយចំនួនធំក៏ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច៣ថ្ងៃរបស់អាបេនៅក្រុងប៉េកាំង ខណៈប្រទេសមហាអំណាចជិតខាងទាំង២សម្លឹងទៅរកកិច្ចសហការលើវិស័យថ្មីៗនិងស្វះស្វែងរកវិធីថ្មីដើម្បីជំរុញការជឿទុកចិត្តគ្នា។

អាបេបានប្រាប់អ្នកយកព័ត៌មានក្រោយពីការជួបប្រជុំកាលពីព្រឹកថ្ងៃសុក្រថា« ចេញពីការប្រកួតប្រជែងគ្នាដល់សហត្ថិភាព ទំនាក់ទំនងទ្វេភាគីជប៉ុននិងចិនបានឈានចូលដំណាក់កាលថ្មីមួយ។ស្មាប្រកៀកស្មាជាមួយលោកលី ខ្ញុំចង់ជំរុញទំនាក់ទំនងរបស់យើងទៅមុខ»។

ចំណែកលោកលី បាននិយាយថា កិច្ចខិតខំជំរុញទំនាក់ទំនងចិន-ជប៉ុនគួររក្សាទុកដោយមិនឈប់ឈរដើម្បីរារាំងរបត់ណាមួយដើម្បីកុំអោយកិច្ចខិតខំមុនៗក្លាយជាឥតប្រយោជន៍៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីជប៉ុន និងសមភាគីចិន ចូលរួមក្នុងពិធីចុះហត្ថលេខានៅមហាសាលប្រជាជនក្នុងក្រុងប៉េកាំងកាលពីថ្ងៃ២៦តុលា

ទីតាំងផ្សាយពាណិជ្ជកម្ម