មន្ទីរ​បញ្ច​កោណ បាញ់​សាកល្បង​មី​ស៊ី​ល​អាមេរិក​-​ជប៉ុន ដោយ​ជោគជ័យ​

2738
ចែករម្លែក

កងទ័ពអាមេរិកបានបាញ់ទម្លាក់កាំជ្រួចចម្ងាយមធ្យមមួយកាលពីថ្ងៃសុក្រទី២៦តុលាក្នុងការបាញ់សាកល្បងប្រព័ន្ធមីស៊ីលស្ទាក់បាញ់កម្ទេចថ្មីមួយ ដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយជប៉ុន បន្ទាប់ពីការសាកល្បងបរាជ័យ កាលពីពេលមុនៗ។

អង្គភាពការពារប្រឆាំងមីស៊ីល(MDA)បាននិយាយថា កងទ័ពនៅលើនាវាចម្បាំងUSS John Finn បានបាញ់សាកល្បងមីស៊ីលSM-3 Block IIA ដោយត្រូវចំគោលដៅកំណត់ដោយជោគជ័យ ក្នុងអំឡុងពេលបាញ់សាកល្បងនៅឯនាយឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋហាវ៉ៃ។

ការបាញ់សាកល្បងដោយជោគជ័យនេះ កើតឡើងបន្ទាប់ពីការបាញ់សាកល្បងបរាជ័យចំនួន២លើកកាលពីខែមិថុនាឆ្នាំ២០១៧ និង​ខែមករាឆ្នាំ២០១៨។

អង្គភាពការពារប្រឆាំងមីស៊ីល(MDA)បាននិយាយកាលពីខែមករាថា សហរដ្ឋអាមេរិករហូតមកដល់ពេលនេះបានចំណាយប្រាក់ជិត២,២ពាន់លានដុល្លារលើប្រព័ន្ធមីស៊ីលនេះ ហើយជប៉ុន បានចំណាយជិត១ពាន់លានដុល្លារ។

មីស៊ីលSM-3 Block IIA គឺជាផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីលឆ្លងទ្វីបAEGIS Ballistic Missile និងត្រូវបានផលិតដោយក្រុមហ៊ុនផលិតអាវុធRaytheonរបស់អាមេរិក៕ដោយ៖សុខា/sn

មីស៊ីលផ្លោងចម្ងាយមធ្យម ត្រូវបានបាញ់ទៅលើគោលដៅកំណត់មួយ

 

ទីតាំងផ្សាយពាណិជ្ជកម្ម