​អតីត​យោធា​ពិការ​ម្នាក់​ចូលរួម​ជាមួយ​គ្រូពេទ្យ​ចុះ​ស្វែងរក​អ្នកជំងឺ​គ្រុនចាញ់​តាម​ភូមិ​ឆ្ងាយៗ​

1455
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​បុរស​វ័យ​កណ្តាល​ដែល​ពិការ​ជើង​ម្ខាង​ម្នាក់​សុខចិត្ត​ជំនះ​នូវ​ការលំបាក​ចូលរួម​ជាមួយ​ក្រុមគ្រូពេទ្យ​ខេត្តមណ្ឌលគិរី​(​អ្នកស្ម័គ្រចិត្ត​)​ដើម្បី​ធ្វើ​យុទ្ធនាការ​ស្វែងរក​អ្នកមាន​ជំងឺគ្រុនចាញ់ តាម​បណ្តា​ភូមិ​ដាច់ស្រយាល ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា​។

​ក្នុង​សកម្មភាព​នៃ​ការស្ម័គ្រចិត្ត​រប​ស់បុរ​ស​ខាងលើ ត្រូវបាន​អ្នកភូមិ​និង​ប្រជាពលរដ្ឋ​ដែល​បាន​ស្គាល់​គាត់ ចាត់ទុកថា​ជា​អំពើ​មនុស្សធម៌​មួយ​ដែល​ចូលរួមចំណែក​កាត់បន្ថយ​នូវ​អត្រា​អ្នកស្លាប់​ដោយសារតែ​ជំងឺគ្រុនចាញ់​ក្នុង​តំបន់​ដាច់ស្រយាល​។​ជួប​ជាមួយ​អ្នកកាសែត​បុរស​ជា​អ្នកស្ម័គ្រចិត្ត​ខាងលើ​ពោលថា​លោក​មានឈ្មោះ​អ៊ុយ ម៉ៅ អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​លោក​អ៊ុយ​ម៉ៅ​ថា​លោក​បាន​ចូល​បម្រើកា​ងារ​ស្ម័គ្រចិត្ត​ភូមិ​ទើបតែ​បាន​២​ខែ​តែប៉ុណ្ណោះ​និង​ត្រូវបាន​ថ្នាក់លើ​អាណិត​ស្រឡាញ់​ព្រោះតែ​ការគោរព​ក្រិត​ក្រមកា​ងារ​និង​ព្យាយាម​បំពេញភារៈកិច្ច​បម្រើ​ពលរដ្ឋ​តាម​ភូមិ​បានល្អ​ប្រសើរ​។​លោក​អ៊ុយ​ម៉ៅ ថា​រៀងរាល់ថ្ងៃ​លោក​តែងតែ​ជិះ​ម៉ូតូ​ទៅ​ភូមិ​ឃុំ​ឆ្ងាយៗ​ក្នុងព្រៃ ដែល​ស្ថិត​ក្នុងស្រុក​កែវ​សីមា​និង​ស្រុក​អូររាំង​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នកភូមិ​និង​ព្យាបាល​អ្នកជំងឺ​គ្រុនចាញ់​កំរិត​ស្រាល​តាម​លទ្ធភាព​ដែល​លោក​បាន​សិក្សា​បំប៉ន​ពី​មន្ទីរ​សុខាភិបាល​។​

​លោក​អ៊ុយ​ម៉ៅ​បន្តថា​នៅក្នុង​ការចុះ​តាម​ភូមិ​លោក​បាន​ជួប​ការលំបាក​ខ្លះៗ​ជាមួយនិង​ផ្លូវ​ដែល​ពុំទាន់​ស្ថាបនា​ដល់​រួមទាំង​ការយល់ច្រឡំ​ថា​លោក​ជា​អ្នកកាសែត​,​មន្ត្រី​អង្គការ​ឬ​អ្នកស៊ើប​អង្កេត​ផ្សេងៗ​តែប៉ុណ្ណោះ​។​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​លោក​អ៊ុយ​ម៉ៅ​បាន​រំលឹក​ពី​ការឈឺចាប់​នៃ​ការបាត់បង់​ជើង​ម្ខាង​ថា​ត្រូវរបួស​ក្នុង​សង្គ្រាម​ជាមួយ​ខ្មែរក្រហម​ក្នុង​ឆ្នាំ​១៩៨៩​ឯ​ខេត្តកំពង់ស្ពឺ​។​

​ក្រោយមក​លោក​ត្រូវបាន​ចូល​ហាត់រៀន​ផ្នែក​ជាងឈើ​និង​ធ្វើការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​។​ក្រោយពី​លោក​ចូលនិវត្តន៍​ពី​កា​ងារ​ជា​យោធា​ដល់​បច្ចុប្បន្ន​លោក​ត្រូវបាន​លោក​មេភូមិ​អូរ​អាម​ប៊​ន​វិមាន​និង​ប្រធាន​មណ្ឌល​សុខភាព​អូរ​អាម​លោក​ហៀ​ត ស្រេង ណែនាំ​ឱ្យចូល​បម្រើកា​ងារ​ជា​អ្នកស្ម័គ្រចិត្ត​ភូមិ បើទោះបីជា​ពុំមាន​ប្រាក់ខែ​តែ​ជាការ​ពេញចិត្ត​និង​ចូលរួម​លុបបំបាត់​ជំងឺគ្រុនចាញ់​នេះ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រសួងសុខាភិបាល​។​

​លោក​ហៀ​ត​ស្រេង​ប្រធាន​មណ្ឌល​សុខភាព​អូរ​អាម​លើកឡើងថា​”​ពូ​ម៉ៅ​គាត់​ជា​អ្នកស្ម័គ្រចិត្ត​ព្យាបាល​គ្រុនចាញ់​ចល័ត​ក្នុងស្រុក​កែវ​សីមា ចុះ​ធ្វើការ​តាម​ចំការ ឬ​អ្នក​ចូល​ព្រៃ ឬក៏​អ្នក​ដែល​ស្នាក់​ក្រៅ​ភូមិ ។​គាត់​អប់រំ​និង​ធ្វើតេស្ត​រក​គ្រុនចាញ់​ដោយ​ឥត​គិតលុយ​ចំពោះ​ខ្ញុំ​គិតថា​សកម្ម​ជាង​បុគ្គលិក​ខ្ញុំ​ទៀត​កម្រ​រកបាន​មនុស្ស​ដូច​គាត់​ណាស់​”​។​

​លោក​វិ​ជ្ជ​បណ្ឌិត​ប៊ុន​សួរ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​ថ្លែង​ដែរ​ថា​អ្នកស្ម័គ្រចិត្ត​ភូមិ​ជាង​២៦០​នាក់​ដែល​កំពុង​ចូលរួម​ជាមួយ​គ្រូពេទ្យ​យើង​ក្នុង​ខេត្តមណ្ឌលគិរី​នេះ សកម្ម​និង​កា​ងារ​ខ្លាំងណាស់ ក្នុងនោះ​លោក​អ៊ុយ​ម៉ៅ ក៏បាន​លះបង់​និង​ឧស្សាហ៍​ណាស់ដែរ ទោះបី​លោក​ពិការ​ជើង​ម្ខាង​ក៏ដោយ​។​

​លោក​ប៉ែន​គឹម​ហេង​ប្រធាន​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​ដែល​កើតមាន​ជ​ងឺ​គ្រុនចាញ់​។​ក្នុងនោះ​មន្ទីរ​សុខាភិបាល ក្រោម​ការចង្អុលបង្ហាញ​ពី​ក្រសួង​បានធ្វើការ​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ចំនួន​២៦០​នាក់​ដោយ​បម្រើកា​ងារ​គ្រប់​ដណ្តប់​លើ​ភូមិ​ចំនួន​១៣០​ទូទាំង​ខេត្តមណ្ឌលគិរី​។​ក្នុងនោះ​នឹង​បន្ត​ជ្រើសរើស​បន្ថែមទៀត ដោយសារតែ​បណ្តា​ភូមិ​មួយចំនួន​នៅមាន​ការខ្វះខាត អ្នកស្ម័គ្រចិត្ត​នៅឡើយ​។​

​លោក​គឹម​ហេង​បញ្ជាក់ទៀតថា​បណ្តា​អ្នកស្ម័គ្រចិត្ត​ភូមិ​ទាំងអស់​តម្រូវកា​ងារ​របស់​ពួកគាត់​គឺ​ធ្វើតេស្ត​ឈាម​និង​ព្យាបាល​ជំងឺគ្រុនចាញ់​កំរិត​ស្រាល​តែបើ​ធ្ងន់​អ្នកស្ម័គ្រចិត្ត​ត្រូវបំពេញ​ទំរង់​នៃ​ការតាមដាន​អាកា​រះ​ជំងឺ​ប​ញ្ជួ​ន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។​កា​ងារ​បន្ត​ដែល​អ្នកស្ម័គ្រចិត្ត​ត្រូវធ្វើ​គឺ​ត្រូវ​ចូល​ភូមិ​ឆ្ងាយៗ​ពី​ទីប្រជុំជន​អប់រំ​ណែនាំ​និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ពី​ជំងឺគ្រុនចាញ់​។​

​ប្រធាន​កម្មវិធី​ខាងលើ​បន្ថែមថា​លោក​អ៊ុយ​ម៉ៅ​រួមទាំង​អ្នកស្ម័គ្រចិត្ត​ដទៃទៀត​ពុំមាន​ប្រាក់ខែ​នោះឡើយ​។​ប៉ុន្តែ​ក្រសួង​បានផ្តល់​ប្រាក់​លើកទឹកចិត្ត​ក្នុង​១​ខែ​ម្នាក់​៤​មុ​ឺ​ន​រៀល​។​ពេល​មក​ប្រជុំ​ប្រចាំខែ​ត្រូវ​បន្ថែម​ប្រាក់​លើកទឹកចិត្ត​ចំនួន​៤​ម៉ឺន​ទៀត​រួមទាំង​ថ្លៃ​ធ្វើដំណើរ​ចំនួន​២​រៀល​។​លោក​ប្រធាន​ថា លោក​អ៊ុយ​ម៉ៅ គាត់​សកម្ម​និង​កា​ងារ​ហើយ​ថែមទាំង​វៃឆ្លាត ជាមួយ​កា​ងារ​ជា​អ្នកស្ម័គ្រចិត្ត​នេះ​ថែមទៀត​។​

​មណ្ឌលគិរី​ជា​ខេត្ត​សម្បូរ​ព្រៃឈើ ហើយ​នៅក្នុង​រដូវវស្សា​អត្រា​នៃ​មូស​ដែកគោល​ញី​បាន​កើនឡើង ធ្វើអោយ​ការ​ខាំ​ចម្លង​វីរុស​គ្រុនចាញ់​ទៅ​អ្នកជំងឺ​គ្រុនចាញ់​ក៏មាន​ការ​កើន​លើង​ដែរ​។​ប៉ុន្តែ​វា​ត្រូវ​អន់ថយ​វិញ ដោយ​ឯងៗ​នៅពេល​ខ្សត់​ទឹកភ្លៀង​ឬ​រដូវប្រាំង​។​កម្ពុជា​ក៏​កំពុងតែ​ប្រឹង​លុបបំបាត់​ប្រភេទ​ជំងឺ​នេះដែរ ហើយ​ថា​និង​លុបបំបាត់​អោយអស់​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ​៕S/​

​អតីត​យោធា​ពិការ​ម្នាក់​ចូលរួម​ជាមួយ​គ្រូពេទ្យ​ចុះ​ស្វែងរក​អ្នកជំងឺ​គ្រុនចាញ់​តាម​ភូមិ​ឆ្ងាយៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម