បើកការដ្ឋានស្ថាបនាផ្លូវនិងស្ពានមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង នៅតំបន់អភិវឌ្ឍជើងឯក

901
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

ភ្នំពេញ៖ ផ្លូវ និង ស្ពាន នៃ មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតនៅក្នុងអភិវឌ្ឍតំបន់ជើងឯក ខណ្ឌមានជ័យ បានបើកការដ្ឋានស្ថាបនាហើយ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីផ្លូវជាតិលេខ២ទៅផ្លូវ៣៧១ ដែលមានប្រវែងជិត៣០០០ម៉ែត្រ។

ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែ តុលាឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីក្រោមឱវាទនិងមានការចូលរួមពីតំណាងតំណាងក្រុមហ៊ុនINGដែលជាក្រុមហ៊ុនទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍតំបន់ជើងឯកនេះផងដែរ។

ក្នុងពិធីនោះ លោក ឃួង ស្រេង នៅក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនា ផ្លូវ និង ស្ពាន នៃ មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង នោះបានមានប្រសាសន៍ថា៖ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូចំពោះការលំបាករបស់ប្រជាពលរដ្ឋ មិនថានៅទីណា កន្លែងណានោះ ទេ គឺ សម្តេចអគ្គមហាសេនាបតីតេជោ តែងតែគិតគូរជានិច្ច ពិសេសចំពោះការកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម  ប្រព័ន្ធធារាសាស្រ្ត សំណង់អគារ និងស្តាឡើងវិញលើគ្រប់វិស័យ នៅគ្រប់តំបន់ទាំងប្រទេស។

លោកអភិបាលបានបន្តថា៖ សមិទ្ធិផលជាច្រើន បានកសាងឡើងពាសពេញផ្ទៃប្រទេស ហើយការអភិវឌ្ឍន៍កំពុងបន្ត ដំណើរការទៅមុខឥតឈប់ឈរ  ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍សង្គមជាតិ ដំដៅលើកកម្ពស់ កម្រិតជីវភាព ប្រជាពលរដ្ឋនិងកិត្យានុភាពជាតិ។លោកអភិបាលរាជធានីបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្គាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខគឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយការចំណាយនិងជំរុញឱ្យសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។

ជាមួយគ្នានោះលោក អភិបាលរាជធានី ក៏បានអំបាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ និងអ្នកប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមសហការ ផ្តល់ភាពអធ្យាស្រ័យ យោគយល់ និងការអត់ធ្មត់ ចំបោះផលប៉ះពាល់ និងការរំខាននានា ដែលអាចកើតមានដោយសារការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ពិសេស ការដ្ឋានសាងសង់ផ្លូវ និងស្ពាន នៃ មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងនេះ។

ក្នុងឱកាសដែរនោះ លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងនេះ មានប្រវេង២៨៧០ម៉ែត្រ និងទទឺង១៨ម៉ែត្រ និងមានស្ពានមួយកន្លែង ដែលមានប្រវែង៨០ម៉ែត្រទទឹង១៨ម៉ែត្រ ចិញ្ចើមផ្លូវ៦ម៉ែត្រសងខាង មានស្ពានមួយខ្សែ ដែលមានបណ្តោយ៨០ម៉ែត្រនិង ទទឹង១៨ម៉ែត្រស្ថិតក្នុងខណ្ឌមានជ័យ ដើម្បីផ្តល់លទ្ធភាពងាយស្រួលដល់ការធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ២កាត់តាមតំបន់វេងស្រេង និងតំបន់ចោមចៅ  ដែលជាផ្លូវយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរ ស្របទៅតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ន។

លោកអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបន្តថា៖ ការស្ថាបនាផ្លូវនិងស្ពាននេះ រដ្ឋបាលរាជធានីភ្នំពេញបានគិតគូរជាពិសេសលើគុណភាពស្របតាមបទដ្ឋាននិងស្តង់ដា ដោយមានដាក់លូជ្រុងដែលមានមុខកាត់២.៦០ម៉ែត្រ ប្រវែង១៣០០ម៉ែត្រ និងដាក់លូទំហំ ០,៨ម៉ែត្រ១២២០ម៉ែត្រ និងលូមុខកាត់ទំហំ ០,៥ម៉ែត្រ ប្រវែង១៣៦០ម៉ែត្រ ដើម្បីធានាថាការប្រើប្រាស់មានប្រសិទ្ធភាពយូអង្វែង។

លោកបន្តទៀតថា សមិទ្ធផលទាំងនេះ បញ្ជាក់ពីការយកចិត្តទុកដាក់ របស់អភិបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយយករដ្ឋមន្រ្តី  ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងតំបន់នេះ ដែលពីមុនមកពុំធ្លាប់មានផ្លូវ និងស្ពាន សម្រាប់ការធ្វើដំណើរឆ្លងកាត់តំបន់នេះនោះឡើយ គឺត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវ៣៧១ ផ្លូវ២៧១ តំបន់ក្បាលថ្នល់ និងកំណាត់ផ្លូវជាតិលេខ២ ទើបអាចដល់តំបន់ចាក់អង្រែលើ ហើយសុទ្ធតែជាទីតាំងស្ទះចរាចរខ្លាំង ដោយត្រូវចំណាយពេលច្រើនម៉ោងក្នុងការឆ្លងកាត់ ៕