ខ្មាន់កាំភ្លើង​បាញ់សម្លាប់​មនុស្ស​១១​នាក់​នៅក្នុង​ការវាយប្រហា​រ​ប្រឆាំង​ជ្វី​ហ្វ​ដ៏​អាក្រក់​បំផុត​នៅ​អាមេរិក​

2936
ចែករម្លែក

បុរសប្រដាប់អាវុធម្នាក់ បានធ្វើការបាញ់ប្រហារក្នុងអំឡុងពិធីមួយនៅវិហារសាសនាជ្វីហ្វនៅក្នុងទីក្រុងភីតស្ប៊ឺក សហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃសៅរិ៍ដោយសម្លាប់មនុស្ស១១នាក់និងរបួស៦នាក់នៅក្នុងការវាយប្រហារប្រឆាំងសាសនាជ្វីហ្វដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិក។

អ្នកបាញ់ប្រហារ ឈ្មោះរ៉ូប៊ឺត បូវើ អាយុ៤៦ឆ្នាំ ត្រូវបានគេរាយការណ៍ថាបានស្រែកថា«ពួកជ្វីហ្វទាំងអស់ត្រូវងាប់» ខណៈបុរសនេះសំរុកចូលក្នុងវិហារមួយ ខណៈអ្នកបន់ស្រន់កំពុងជួបជុំគ្នានៅពេលព្រឹក។

ជនសង្ស័យត្រូវបានចាប់ខ្លួនក្រោយបាញ់តជាមួយប៉ូលិសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋសម្អប់និងការចោទប្រកាន់អំពីករណីផ្សេងទៀត ដែលអាចទទួលទោសប្រហារជីវិត។

ចំពោះហេតុការណ៍នេះ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានថ្កោលទោស«អំពើឃាតកម្មកំណាច»នេះ ខណៈកូនស្រីរបស់លោកនាងអ៊ីវ៉ាន់កា ដែលប្តូរទៅកាន់សាសនាជ្វីហ្វផងដែរ បានប្រកាសថា«អាមេរិករឹងមាំជាងអំពើរបស់ពួកប្រឆាំងជ្វីហ្វងងឹតងងុលគ្មានគុណធម៌»។

លោកបានប្រាប់អ្នកគាំទ្រនៅក្នុងការជួបជុំឃោសនាបោះឆ្នោតមួយនៅរដ្ឋអ៊ីលីណយថា«ការវាយប្រហារប្រឆាំងជ្វីហ្វដ៏អាក្រក់នេះជាការវាយប្រហារប្រឆាំងយើងទាំងអស់គ្នា។យើងត្រូវតែងើបឈរឡើងជាមួយបងប្អូនជ្វីហ្វដើម្បីកំចាត់លទ្ធិប្រឆាំងជ្វីហ្វនិងបំបាត់កម្លាំងសម្អប់ជាតិសាសន៍»។

រ៉ូប៊ឺត បូវើ ត្រូវចានចាប់ខ្លួនក្រោយការបាញ់ប្រហារ។បុរសនេះជាអ្នកសរសេរអត្ថបទប្រឆាំងជ្វីហ្វចុះផ្សាយក្នុងគេហទំព័រមួយ

ប៉ូលិសត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុនៅក្រុងភីតស្ប៊ឺក

ការវាយប្រហារនៅភីតស្ប៊ឺកកើតឡើងក្រោយពីអាមេរិកជួបកំណើននៃឧបទ្ទវហេតុប្រឆាំងជ្វីហ្វ ដល់ទៅ៥៧ភាគ រយ។ វាក៏កើតឡើងចំពេលមានភាពតានតឹងក្នុងប្រទេសក្រោយពីអ្នកគាំទ្រលោកត្រាំម្នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋផ្លរីដាចំពោះការផ្ញើគ្រឿងផ្ទុះក្នុងកញ្ចប់សំបុត្រទៅកាន់ឥស្សរជននៃគណបក្សប្រជាធិបតេយ្យ ខណៈប្រទេសខិតកាន់តែកៀកនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាថ្ងៃ៦វិច្ឆិកា៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម