រុស្ស៊ី អាល្លឺម៉ង់ បារាំង​និង​តួ​ក​គី អំពាវនាវ​អោយមាន​បទ​ឈប់​បាញ់​ឋិតថេរ និង​កិច្ចប្រជុំ​ស្តីពី​រដ្ឋធម្មនុញ្ញ​ស៊ី​រី​ថ្មី​

1049
ចែករម្លែក
  • 240
    Shares

មេដឹកនាំរុស្ស៊ី អាល្លឺម៉ង់ បារាំងនិងតួកកី កាលពីថ្ងៃសៅរិ៍ទី២៧តុលាបានបញ្ជាក់អំពីសារសំខាន់នៃបទឈប់បាញ់ជាប់លាប់មួយនៅក្នុងប្រទេសស៊ីរី និងបាននិយាយថាគណ:កម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយគួរជួបប្រជុំនៅចុងឆ្នាំនេះ។

មេដឹកនាំប្រទេសទាំង៤ បានជួបជុំគ្នានៅក្នុងទីក្រុងអ៊ីស្តាន់ប៊ុលដើម្បីពិភាក្សាបញ្ហាស៊ីរី ដោយតួកគីដែលគាំទ្រក្រុមឧទ្ទាមដែលស្វះស្វែងផ្តួលរំលំរបបរបស់ប្រធានាធិបតី បាសសា អាល់-អាសាត និងរដ្ឋាភិបាលក្រុងមូស្គូដែលគាំទ្ររបបស៊ីរី បានសម្របសម្រួលអោយមានកិច្ចព្រមព្រៀងមួយកាលពីខែមុនដើម្បីបង្កើតតំបន់គ្មានកងទ័ពមួយនៅក្នុងតំបន់អ៊ីតលីប ក្នុងប្រទេសស៊ីរី។

អ៊ីតលីបនិងតំបន់ជុំវិញជាទីតាំងឈរជើងចុងក្រោយរបស់ពួកឧទ្ទាមដែលបានងើបឡើងប្រឆាំងនឹងរបបលោកអាសាតនៅឆ្នាំ២០១១។តំបន់នេះជាជម្រករបស់ប្រជាជនប្រមាណ៣លាននាក់ ដោយពួកគេជាងពាក់កណ្តាលបានភៀសខ្លួនមកពីតំបន់ដែលកងកម្លាំងរដ្ឋាភិបាលវាយចូល។

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មានថា« រុស្ស៊ីនិងតួកគីបានចរចាបង្កើតកិច្ចព្រមព្រៀងមួយដែលត្រូវបានអនុវត្តយ៉ាងមធ្យ័ត។យើងទាំងអស់គ្នាមានការប្រយ័ត្នប្រយែងបំផុតដើម្បីធានាថា ការសន្យាតាំងចិត្តទាំងនេះត្រូវបានបំពេញនិងថាបទឈប់បាញ់មានភាពជាប់លាប់រហូត។យើងពឹងលើរុស្ស៊ីដែលដាក់សម្ពាធច្បាស់លាស់ណាស់លើរបបស៊ីរី»។

ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានសំរេចឡើងកាលពីខែមុន តួកគីនិងរុស្ស៊ីបានព្រមព្រៀងបង្កើតតំបន់ទ្រនាប់មួយប្រវែង១៥ទៅ២០គីឡូម៉ែត្រចូលក្នុងទឹកដីពួកឧទ្ទាមដែលបានជម្លៀសចេញសព្វាវុធធុនធ្ងន់ទាំងអស់និងពួកយុទ្ធជនសកម្មប្រយុទ្ធអ៊ីស្លាម។

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បាននិយាយថា តួកគីបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីអ៊ីតលីប។ដំណើរការនេះមិនងាយស្រួលទេ និងរុស្ស៊ីមានផែនការបន្តកិច្ចសហការ។

ម៉ាក្រុង ពូទីន ប្រធានាធិបតីតួកគីនិងអធិការបតីអាល្លឺម៉ង់ ក៏បានអំពាវនាវអោយមានកិច្ចប្រជុំរបស់គណៈកម្មាធិការធម្មនុញ្ញមួយនៅយ៉ាងយូរត្រឹមចុងឆ្នាំនេះដោយប្រធានាធិបតីតួកគី លោកអឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះគួរធ្វើអោយបានឆាប់ ហើយលោកសង្ឃឹមថាវានឹងត្រូវរៀបចំធ្វើនៅមុនដំណាច់ឆ្នាំ។

សូមបញ្ជាក់ថា អ្នកចូលរួមសន្និសីទសន្តិភាពស៊ីរីនៅរុស្ស៊ីកាលពីខែមករា បានយល់ព្រមបង្កើតគណៈកម្មាធិការដែលមានសមាជិក១៥០រូបដើម្បីតាក់តែងរដ្ឋធម្មនុញ្ញស៊ីរី ដោយសមាជិក១ភាគ៣មកពីខាងរដ្ឋាភិបាលស៊ីរី ១ភាគ៣ទៀតមកពីបណ្តាក្រុមប្រឆាំងនិង១ភាគ៣ ជ្រើសដោយអង្គការសហប្រជាជាតិ៕ដោយ៖វាសនា

មេដឹកនាំរុស្ស៊ី អាល្លឺម៉ង់ បារាំងនិងតួកគី ជួបប្រជុំគ្នាកាលពីថ្ងៃសៅរិ៍ទី២៧តុលានៅក្នុងទីក្រុងអ៊ីស្តាន់ប៊ុលដើម្បីពិភាក្សាបញ្ហាស៊ីរី

ទីតាំងផ្សាយពាណិជ្ជកម្ម