​របកគំហើញ​ថ្មី​ចំពោះ​កិច្ចការ​ស្រាវជ្រាវ​ពី​ទីតាំង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម​

1857
ចែករម្លែក
  • 41
    Shares

ដោយ​: ផេង ពង្ស​រ៉ាស៊ី / ភ្នំពេញ​: ជាមួយនឹង​កិច្ចការ​ស្វែងរក​យុត្តិធម៌​របស់​តុលាការ​ខ្មែរក្រហម​កាន់តែ​ថមថយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រជាជន​កម្ពុជា​ដែលជា​អតីតជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម នៅតែ​ទាមទារ​រក​យុត្តិធម៌​បន្ថែមទៀត ហើយ​ក្មេងៗ​ដែលមាន​ចំនួន​ច្រើនជាង​៧០​ភាគរយ នៃ​ដង់ស៊ីតេ​ប្រជាជន​កម្ពុជា​ទាំងអស់ កំពុង​ស្វែងរក​ឯកសារ​បន្ថែម និង​ភ័ស្តុតាង​បន្ថែម​ជាច្រើន​ទៀត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ក្នុង​របប​ខ្មែរក្រហម​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​នៅ​កម្ពុជា បាន​បំពេញតម្រូវការ​របស់​តុលាការ​ខ្មែរក្រហម ក្នុង​ការផ្តល់​ទិន្នន័យ​ជាច្រើន​ដែល​ខ្លួន​មាន ក្នុងនោះ​រួមទាំង​ការបញ្ជូន​ឯកសារ​ស្តីពី​ព័ត៌មាន​ជាក់ស្តែង​ចេញពី​ទីតាំង​វាលពិឃាត​របស់​ខ្មែរក្រហម ក្នុង​ក្តី​សង្ឃឹមថា តុលាការ​នេះ​នឹង​បន្ត​កិច្ចការងារ​ស្រាវជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែមទៀត ដើម្បី​បង្កើន​ភ័ស្តុតាង​ក្នុង​ការនាំយក​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ឲ្យ​ទទួលកំហុស​ពី​សកម្មភាព និង​តួនាទី​របស់ខ្លួន​ដែល​បង្ក​ឲ្យ​ប្រជាជន​ប្រមាណ​ច្រើនជាង​២​លាន​នាក់​ស្លាប់​ក្រោម​ការដឹកនាំ​របស់ខ្លួន​។​

​ក្នុងអំឡុងពេល​ដំណើរការ​តុលាការ​នេះ ព័ត៌មាន​បន្ថែម​ស្តីពី​វាលពិឃាត​ក្នុង​របប​ខ្មែរក្រហម​នៅតែ​ត្រូវបាន​បង្ហាញ​តាមរយៈ​ការរកឃើញ​របស់​អ្នកភូមិ ហើយ​ត្រូវបាន​បញ្ជូន​មកកាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តាម​វិធី​ផ្សេងៗ​។ ព័ត៌មាន​ទាំងនេះ ត្រូវបានធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ទិន្នន័យ​ដែលមាន​ស្រាប់​។​

​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ របកគំហើញ​ថ្មី​មួយ​ត្រូវ​បានបង្ហាញ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​សន្លាង​មួយ​ពី​ការមើលឃើញ​ឆ្អឹង​សាកសព​ជនរងគ្រោះ​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ដែល​កំពុង​ស្ថិតនៅក្នុង​រណ្តៅ​ដែល​មិនទាន់​ទទួលរង​ការ​គាស់​បំផ្លាញ​កាលពីពេល​កន្លងមក​។ សូមបញ្ជាក់ថា រណ្តៅ​សាកសព​មួយចំនួន​ត្រូវបាន​គាស់កកាយ ក្នុង​គោលបំណង​ស្វែងរក​វត្ថុ​មានតម្លៃ​ចេញពី​សាកសព​ដែល​ខ្មែរក្រហម​បានសម្លាប់​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ និង ឆ្នាំ​១៩៧៨​។ ការគាស់កកាយ​នេះ ភាគច្រើន​ស្ថិតនៅ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន ស្ប៉ា​រ៉ូ​ហក ហ្វា​អ៊ី​ស ដែលជា​ក្រុមហ៊ុន​របស់​អាមេរិក​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​កិច្ចការ​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​សុទ្ធសាធ ទៅលើ​រណ្តៅ​សាកសព​ដែល​មិនទាន់​ទទួលរង​ការ​គាស់​បំផ្លាញ​។ ម៉ៃ ហេន​សហ៍ ដែលជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន បាន​ប្រាប់​ពី​សមត្ថភាព​របស់​ម៉ាស៊ីន RD 1500 ថា ម៉ាស៊ីន​នេះ​មិន​ត្រឹមតែ​អាច​វាស់វែង​ពី​ជម្រៅ កម្ពស់ បណ្តោយ និង​ទទឹង​នៃ​រណ្តៅ​នីមួយៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​បង្ហាញ​ពី​ឆ្អឹង​របស់​ជនរងគ្រោះ​ដែល​ត្រូវបាន​កប់​ក្នុង​រណ្តៅ​កាលពី​៤០​ឆ្នាំមុន​ទៀតផង​។​

​វិទ្យាល័យ មេសាង ស្ថិតក្នុង​ភូមិ​ជី​ផុ​ច ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។ វិទ្យាល័យ​នេះ គឺជា​ទីតាំង​ដំបូងបង្អស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នេះ​។ រណ្តៅ​សាកសព​ធំៗ​ចំនួន​ពីរ​ដែលមាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងជើង​ក្នុង​បរិវេណ​វិទ្យាល័យ ត្រូវ​ស្ថិតនៅក្រោម​ការសិក្សា​ស្រាវជ្រាវ​។ ព័ត៌មាន​បឋម​ដែល​ទទួលបាន​ពី​ការត្រួតពិនិត្យ​របស់​ម៉ាស៊ីន RD1500 បាន​បង្ហាញថា ពិត​ជាមាន​ឆ្អឹង​សាកសព​នៅក្នុង​រណ្តៅ​ជម្រៅ​ចាប់ពី​១​ម៉ែត្រ​កន្លះ​ទៅ​៨​ម៉ែត្រ​។ ទិន្នន័យ​ច្បាស់លាស់ និង​អាច​មើលឃើញ​ជាក់ស្តែង បន្ទាប់ពី​ទិន្នន័យបឋម​ទាំងនេះ​ត្រូវបាន​វិភាគ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី GIS និង Google Earth​។​

​កិច្ចការ​នេះ និង​បញ្ចប់​ក្នុង​រយៈពេល​២​ថ្ងៃ នៅក្នុង​បរិវេណ​វិទ្យាល័យ​មេសាង ហើយនឹង​បន្តទៅ​កាន់​កន្លែង​មួយចំនួន​ផ្សេងទៀត៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ