គណបក្ស​ធំ​បំផុត​របស់​ថៃ ជ្រើសរើស​មេដឹកនាំ ខណៈ​បណ្តា​គណបក្សនយោបាយ​ថៃ​ត្រៀមខ្លួន​សំរាប់​ការបោះឆ្នោត​

3295
ចែករម្លែក
  • 46
    Shares

គណបក្សរបស់អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានយោធាទម្លាក់ចេញពីអំណាចម្តងជាពីរដង បានជ្រើសរើសមេដឹកនាំរបស់ខ្លួនកាលពីថ្ងៃអាទិត្យទី២៨តុលានិងបាននិយាយថាខ្លួន«មានជំនឿថានឹងទទួលបានជោគជ័យ» នៅមុនការបោះឆ្នោតសកលជាលើកដំបូងនៅខែកុម្ភៈឆ្នាំក្រោយបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីជាង៤ឆ្នាំមុន។

គណបក្សភឿថៃ ដែលគាំទ្រនាយករដ្ឋមន្រ្តីបណ្តេញចេញពីតំណែងយីងឡាក់ បានបោះឆ្នោតអោយលោកវីរ៉ូ ប៉ាវ-អ៊ិន ជាមេដឹកនាំ ។

របបយោធាថៃ ដែលបានដណ្តើមអំណាចនិងទម្លាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់នៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ បានពន្យារពេលបោះឆ្នោតជាច្រើនដងចាប់តាំងពីខ្លួនចូលកាន់អំណាច តែលើកចុងក្រោយនេះបានអះអាងថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០១៩ ។ទោះជាយ៉ាងណា បណ្តាបក្សនយោបាយស្ថិតនៅក្រោមបំរាមនយោបាយខ្លះនៅឡើយ ដូចជាហាមប្រាមមិនអោយធ្វើយុទ្ធនាការឬធ្វើការជួបជុំ។

វាជាពេលនៅរង់ចាំមើលនៅឡើយថាតើបក្សភឿថៃអាចកៀងគរសម្លេងដណ្តើមបានជោគជ័យដូចការបោះឆ្នោតមុនៗ គឺដូចកាលពីយីងឡាក់និងបងប្រុសលោកថាក់ស៊ីនស៊ីណាវ៉ាត ឈរឈ្មោះដែរឬអត់។គណបក្សធំនេះក៏ប្រឈមការរំលាយចោលផងដែរបន្ទាប់ពីមេទ័ពថៃបញ្ជាទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតអោយស៊ើបអង្កេតអំពីថាតើ ថាក់ស៊ីន ក្នុងនាមជាឧក្រិដ្ឋជនរត់ចោលស្រុក មានឥទ្ធិពលលើបក្សនេះដែរឬអត់។

សូមបញ្ជាក់ថា ក្រុមមានឥទ្ធិពលនិងមានទ្រព្យធន ស៊ីណាវ៉ាត តែងឈ្នះគ្រប់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០១ ដោយសារតែកម្មវិធីនយោបាយប្រជានិយមនិងគំរោងសុខមាលភាពសង្គមផ្តល់ប្រយោជន៍ដល់ប្រជាជនក្រីក្រ ដែលនាំអោយពួកវណ្ណៈថ្នាក់ខ្ពស់នៅក្រុងបាងកកដែលមានយោធាជាខ្នងបង្អែកមិនសប្បាយចិត្ត។

ស៊ូដារ៉ាត កេយូរ៉ាផាន មន្រ្តីបក្សភឿថៃម្នាក់បាននិយាយថា«ប្រជាជនបោះឆ្នោតអោយយើងមិនមែនមកពីឈ្មោះបក្ស ឬយើងតំណាងអោយនរណាទេ…តែដោយសារយើងអាចដោះស្រាយបញ្ហារបស់គេ។ដូច្នេះ យើងមានជំនឿអំពីជោគជ័យនៅក្នុងការបោះឆ្នោតនាពេលខាងមុខ»។

ពួកអ្នកវិភាគនិយាយថា ទោះជាមានការបោះឆ្នោតពិតមែន តែការវិលមកកាន់លទ្ធិប្រជាធិបតេយ្យពេញលេញហាក់មិនអាចទេនៅថៃ។រដ្ឋធម្មនុញ្ញតាក់តែងឡើងដោយក្រុមយោធា តំរូវអោយសមាជិកសភាជាន់ខ្ពស់ឆ្លងកាត់ការតែងតាំង រួមទាំងការត្រួតពិនិត្យផ្សេងៗលើអំណាចនៃរដ្ឋាភិបាលស៊ីវិលនាពេលអនាគត។

ចំណែកនាយករដ្ឋមន្រ្តីមិនឆ្លងកាត់ការបោះឆ្នោតបច្ចុប្បន្ន គឺមេយោធា ប្រាយុទ្ធ ចានអូចា ទោះជាលោកបាននិយាយដដែលៗថាមិនមានចំណង់ខាងនយោបាយ ក៏លោកបានព្រលយពាក្យថាអាចនឹងឈរឈ្មោះជានាយករដ្ឋមន្រ្តី ដោយចាប់ពីពេលឥឡូវលោកចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចបែបធ្វើយុទ្ធនាការនៅពាសពេញប្រទេសនិងបង្កើនការឃោសនាមុខមាត់និងសមិទ្ធិផលរបស់រដ្ឋាភិបាលលោកតាមរយៈបង្កើតផេកហ្វេកផ្ទាល់របស់លោក៕ដោយ៖វាសនា

អ្នកនយោបាយ វីរ៉ូ ប៉ាវ-អ៊ិន និយាយទៅកាន់អ្នកកាសែតក្រោយពីជាប់ជាប្រធានបក្សភឿថៃ

ទីតាំងផ្សាយពាណិជ្ជកម្ម